រដ្ឋសភា សម្រេចអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ខណៈអ្នកឃ្លាំមើល យល់ថា ដើម្បីឱ្យច្បាប់នេះកាន់តែមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវហ៊ានលុបបំបាត់អំពើពុករលួយជាអាទិភាព។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ អង្គសភា បានពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសំឡេងយល់ព្រមចំនួន ១១២សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ប្រភពដដែលបន្តថា សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរៀបចំឡើងដើម្បីជាឧបករណ៍គតិយុត្តមួយ បង្កើតជាវិធានព្រហ្មទណ្ឌបំពេញបន្ថែមលើក្របខ័ណ្ឌព្រហ្មទណ្ឌដែលមានស្រាប់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងទៀតថា សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន ៥ ជំពូក និង ២៤ មាត្រា។
ជុំវិញបញ្ហានេះ Press Start Cambodia មិនអាចសុំការពន្យល់បន្ថែម ពីអ្នកនាំពាក្យរដ្ឋសភាកម្ពុជា លោក ឡេង ប៉េងឡុង បាននៅឡើយទេ ដោយលោកចុចផ្តាច់ទូរស័ទ្ទ។
យ៉ាងណា ក្នុងឱកាសការពារសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងនូវទិន្នន័យអំពីទំហំនៃការខូចខាតដែលបង្កឡើងដោយឧក្រិដ្ឋកម្មបច្ចេកវិទ្យាថា ក្នុងរយៈពេលតែមួយឆ្នាំ គឺនៅឆ្នាំ២០២៥កន្លងទៅ សកលលោកបានបាត់បង់ទឹកប្រាក់ប្រមាណជា ៤៤២ ពាន់លានដុល្លារ ដោយសារការបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scam) និងការបន្លំហិរញ្ញវត្ថុ។ តែយ៉ាងណា លោកពុំបានបញ្ជាក់ពីទំហំទឹកប្រាក់ដែលកម្ពុជា បានបាត់បង់ដោយសារបទឧក្រិដ្ឋប្រភេទនេះទេ។
លោកបានថ្លែងបន្តថា៖ «ដោយពិនិត្យឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មឆ្លងដែននេះ ប្រទេសជាច្រើនដែលបានរងគ្រោះដោយសារឧក្រិដ្ឋកម្មនេះ ដោយរួមទាំងកម្ពុជាផង បានដាក់ចេញនូវអាទិភាពថ្មី នៅក្នុងរបៀបវារៈនយោបាយរបស់ខ្លួន ក៏ដូចជាដាក់ចេញនូវការខិតខំប្រឹងប្រែងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ លោក សេក សុជាតិ បង្ហាញការគាំទ្រចំពោះការអនុម័តច្បាប់នេះ ដើម្បីកំណត់ដាក់ទោសទណ្ឌចំពោះជនល្មើសឆបោកនៅកម្ពុជា។ តែយ៉ាងណា លោកថា ដើម្បីឱ្យការទប់ស្កាត់បទឧក្រិដ្ឋនេះមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវអនុវត្តច្បាប់មានឱ្យតម្លាភាព យុត្តិធម៌ និងគ្មានអំពើពុករលួយ។
លោកសង្ឃឹមថា ច្បាប់នេះ នឹងក្លាយទៅជាមូលដ្ឋានមួយដ៏រឺងម៉ាំសម្រាប់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងបទល្មើសបច្ចេកវិទ្យា ដែលបាននិងកំពុងរុញច្រានកម្ពុជាឱ្យក្លាយប្រទេសរងគ្រោះ និងរងការរិះគន់ពីសហគមន៍អន្តរជាតិ។
លោកថា៖ «នៅក្នុងស្ថានភាពនេះ យើងចង់ឃើញការអនុវត្តច្បាប់មួយប្រកបទៅដោយតម្លាភាព យុត្តិធម៌ និងគ្មានអំពើពុករលួយ នៅពេលដែលច្បាប់ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ដោយអង្គព្រះមហាក្សត្ររួចរាល់ហើយ ហើយយើងសង្ឃឹមថាច្បាប់នេះនឹងក្លាយជាមូលដ្ឋានរឹងម៉ាំមួយ ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកតាមបច្ចេកវិទ្យានេះ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងប្រហាក់ប្រហែលនឹងលោក សេក សុជាតិ ដែរថា លោកក៏គាំទ្រចំពោះការអនុម័តលើសេចក្តីព្រាងច្បាប់នេះ ដើម្បីទប់ស្កាត់បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យកាន់តែមានប្រសិទ្ធភាព។
យ៉ាងណា លោកនៅតែជំរុញបន្ថែមថា ដើម្បីឱ្យការអនុវត្តច្បាប់នេះ កាន់តែសុក្រិត្យ យុត្តិធម៌ និងតម្លាភាព រដ្ឋាភិបាលត្រូវផ្តើមចេញពីការលុបបំបាត់អំពើពុករលួយជាអាទិភាព ព្រោះអំពើពុករលួយជាដើមចម ធ្វើឱ្យមានការឆោក។
លោកថា៖ «យើងជាអង្គការសង្គមស៊ីវិលនៅតែជំរុញបន្ថែម កាលណាយើងមានច្បាប់នេះត្រូវអនុវត្តដោយសុក្រិត្យ យុត្តិធម៌ ហើយដើម្បីឱ្យច្បាប់នេះអនវុត្តកាន់តែមានប្រសិទ្ធភាព ឬសគល់វាសំខាន់បំផុត ទាន់តែហ៊ានលុបបំបាត់អំពើពុករលួយ គឺត្រូវធ្វើយ៉ាងម៉េច ត្រូវលុបបំបាត់អំពើពុករលួយជាអាទិភាព ព្រោះបើមានច្បាប់ហើយ តែនៅតែមានអំពើពុករលួយ គឺមិនអាចទៅរួចទេ»។
កាលពីពេលកន្លងទៅ នាយរដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់អះអាងថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ លោកបន្តថា រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោក នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។
លោកថ្លែងថា៖ «វិធានការដែលបាននិងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ»។
បើតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌កម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងធំៗចំនួន ៣៧ករណី ហើយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន១៧២នាក់ ខណៈអាជ្ញាធរកម្ពុជាបានបណ្តេញជនបរទេសចំនួន ៩ ៣១៤នាក់ ចេញពីកម្ពុជា។
ប្រភពបន្តថា ចាប់តាំងពីថ្ងៃទី១ ខែមករា រហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងសមត្ថកិច្ច បានបង្រ្កាប និងបិទខ្ទប់សកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើទីតាំងចំនួន ១៩០កន្លែង ក្នុងនោះមានកាស៊ីណូចំនួន៤៤ នៅក្នុងខេត្តព្រះស៊ីហនុ កំពត កណ្តាល ស្វាយរៀង រាជធានីភ្នំពេញ ពោធិ៍សាត់ ព្រៃវែង និងមណ្ឌលគិរី ដោយសមត្ថកិច្ចបានគ្រប់គ្រងរឹបអូសវត្ថុតាងជាច្រើនប្រភេទ/គ្រឿង មានកំព្យូទ័រ ទូរស័ព្ទ ស៊ីមកាតជាដើម និងបំពេញសំណុំរឿង ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
ប្រភពបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២ ៥០៨នាក់ មាន ៧សញ្ជាតិ មានជនជាតិនេប៉ាល់ ចិន ម៉ាឡេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស។ ក្នុងចំណោមករណីធំៗមានរាប់បញ្ចូលចំណាត់ការលើសំណុំរឿងសំខាន់ៗដោយបានចាប់ខ្លួន និងអនុវត្តនីតិវិធីតុលាការចំពោះមេខ្លោង និងអ្នកសមគំនិតមួយចំនួនទៀត, ការបង្ក្រាបដល់ទីតាំងដែលឧក្រិដ្ឋជនបានប្រើប្រាស់សម្រាប់ធ្វើសកម្មភាពឆបោកអនឡាញ ដោយរាប់ទាំងករណីក្លែងជាសមត្ថកិច្ចផ្សេងៗដើម្បីឆបោកទៅក្រៅប្រទេស៕

