កម្មករនិយោជិត និងសហជីពណាហ្គាវើលដ៍(LRSU)ប្រមាណ៧០នាក់ បានជួបជុំគ្នាដាក់ញត្តិនៅក្រសួងការងារ និងបណ្តាស្ថានទូតប្រទេសលោកសេរីមួយចំនួន នៅរាជធានីភ្នំពេញ ដើម្បីស្នើសុំពន្លឿនដំណោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ជូនពួកគេ ស្របទៅតាមអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ(ILO) ខណៈវិវាទនេះបានអូសបន្លាយពេលជិត ៤ឆ្នាំ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល(LRSU) កញ្ញា ឈឹម ស៊ីថរ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការដែលពួកគាត់នាំគ្នាដាក់ញត្តិទៅក្រសួងការងារ និងបណ្តាស្ថានទូតប្រទេសលោកសេរីមួយចំនួនប្រចាំនៅកម្ពុជា នាថ្ងៃទី២០ ខែតុលានេះ ដោយសារតែបញ្ហាវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ មកដល់ពេលនេះ មានរយៈពេលជិត ៤ឆ្នាំមកហើយ នៅមិនទាន់មានដំណោះស្រាយត្រឹមត្រូវតាមច្បាប់នៅឡើយ។
កញ្ញាបន្តថា ការដាក់ញត្តិជាថ្មីដែលជំរុញឱ្យក្រសួងការងារ ជាពិសេសក្រុមហ៊ុនណាហ្គាវើលដ៍ ពន្លឿនការដោះស្រាយវិវាទការងារនេះ ក៏ស្របពេលដែលគណៈកម្មការទទួលបន្ទុកខាងសេរីភាពនៃការជួបជុំបញ្ចេញមតិនៃអង្គការ ILO មានកិច្ចប្រជុំប្រចាំឆ្នាំនៅខែតុលានេះដែរ។
កញ្ញាថា៖ «ឆ្លៀតនៅក្នុងឱកាសខែតុលាឆ្នាំ២០២៥នេះ ជារៀងរាលឆ្នាំដែលគណៈកម្មការទទួលបន្ទុកខាងសេរីភាពជួបជុំបញ្ចេញមតិគាត់មានការប្រជុំជាប្រចាំឆ្នាំ ដូច្នេះហើយយើងបានដាក់លិខិតទៅក្រសួងការងារជាដំបូងដែលជាអាណាព្យាបាល[…]ដើម្បីឱ្យមានការដោះស្រាយវិវាទការងារហ្នឹងស្របទៅតាមអនុសាសន៍កន្លងមករបស់អង្គការពលកម្មអន្តរជាតិ (ILO)» ។
កញ្ញា ឈឹម ស៊ីថរ បញ្ជាក់ថា ពួកគេក៏បានដាក់ញត្តិនៅស្ថានទូតប្រទេសបារាំង អង់គ្លេស កាណាដា និងស្ថាទូតសហរដ្ឋអាមេរិក ដើម្បីស្នើសុំប្រទេសទាំងនោះ ជួយជំរុញរដ្ឋាភិបាលកម្ពុជា អនុវត្តតាមអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិលើករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ ដើម្បីកុំឱ្យប៉ះពាល់មុខមាត់ប្រទេសកម្ពុជា និងប៉ះពាល់ដល់ការវិនិយោគរបស់ប្រទេសទាំងនោះនៅកម្ពុជា ខណៈកញ្ញាចាត់ទុកករណីណាហ្គាវើលដ៍ ជាការរំលោភសិទ្ធិការងារ និងសិទ្ធិសេរីភាពរបស់សហជីព ជាប្រព័ន្ធ។
កញ្ញាថា៖ «វាប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់អ្នកវិនិយោគ ព្រោះមែនទែនទៅ ប្រទេសដែលគោរពសិទ្ធិការងារ គោរពលទ្ធិប្រជាធិបតេយ្យទាំងអស់ហ្នឹង គឺមុននឹងគេមករកស៊ីនៅប្រទេសណា គឺគេតែងតែមើលថាប្រទេសហ្នឹងបានគោរពសិទ្ធិកម្មករឬអត់ ដូចយើងដឹងទាំងអស់គ្នា ទាំងបារាំងក្តី ទាំងសហគមន៍អឺរ៉ុបក្តី ទាំងអាមេរិកក្តី ទាំងអង់គ្លេសក្តី ទាំងកាណាដាក្តី គឺពួកគាត់មាន Brand ជាច្រើនដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង ហើយលក្ខខណ្ឌដែលក្រុមហ៊ុនទាំងអស់នោះវិនិយោគ គឺពួកគាត់ត្រូវតែធានាថា ប្រទេសដែលគាត់វិនិយោគហ្នឹង ត្រូវតែគោរពសិទ្ធិមនុស្ស គោរពសិទ្ធិកម្មករ។ ហើយករណីណាហ្គាវើលដ៍ហ្នឹងមួយ ជាករណីដែលយើងមើលឃើញថា ជាករណីដែលរំលោភសិទ្ធិការងារ សិទ្ធិសហជីពជាប្រព័ន្ធ»។
បណ្តាស្ថានទូតប្រទេសលោកសេរី ប្រចាំនៅកម្ពុជា ដែលពួកគេបានដាក់ញត្តិនោះ មានដូចជា ស្ថានទូតបារាំង កាណាដា អង់គ្លេស អាមេរិក អូស្ត្រាលី ជប៉ុន ម៉ាឡេស៊ី និងអាល្លឺម៉ង់ជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍។
បើតាមការកញ្ញា ឈឹម ស៊ីថរ ក្នុងការដាក់ញត្តិនេះ អគ្គលេខាធិការរងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា(គ.ក.ប)នៃក្រសួងការងារ លោក និន វណ្ណៈ បានទទួលញត្តិរបស់ពួកគេ ប៉ុន្តែមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយ ខណៈស្ថានទូតប្រទេសលោកសេរីមួយចំនួន បានទទួលយកញត្តិរបស់ពួកគេ លើកលែងតែស្ថានទូតអាមេរិក មិនមានបុគ្គលិកចេញមកទទួលញត្តិទេ និងបានស្នើឱ្យពួកគេដាក់ញត្តិតាមសារអេឡិចត្រូនិចវិញ។
អ្នកស្រី ឃ្លាំង សុបិន្ត អគ្គលេខាធិការនៃសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) ដែលបានចូលរួមដាក់ញត្តិដែរនោះ បានឱ្យដឹងថា ការជួបជុំគ្នាដាក់ញត្តិនេះ គឺដើម្បីរំលឹកភាគីពាក់ព័ន្ធកុំឱ្យភ្លេចថា វិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ មិនទាន់បានដោះស្រាយចប់នៅឡើយទេ ហើយសហជីពនៅតែបន្តទាមទាររកដំណោះស្រាយ។
អ្នកស្រីបន្តថា ទោះជាពុំទាន់ទទួលបានផ្លែផ្កាអ្វីពីការតវ៉ាជាច្រើនឆ្នាំមកនេះក៏ពិតមែន ប៉ុន្តែអ្នកស្រីនិងអ្នកតវ៉ាផ្សេងទៀត នៅតែមានក្តីសង្ឃឹមជានិច្ច ក្នុងការទាមទារឱ្យអ្នកពាក់ព័ន្ធផ្ដល់ដោះស្រាយបញ្ហារបស់ពួកគេ ដើម្បីឱ្យប្រទេសប្រជាធិបតេយ្យផ្សេងទៀត មើលឃើញពីភាពមានទំនួលខុសត្រូវរបស់កម្ពុជាមកលើប្រជាពលរដ្ឋ។
អ្នកស្រីថា៖ «យើងកំពុងរងគ្រោះពីគេរំលោភ បើយើងមិនប្រឹងជំនះ នរណាគេមកតស៊ូឱ្យយើង ហើយបើយើងបោះបង់វា ស្មើនឹងយើងធ្វើដូចអ្វីដែលគេចោទយើងអញ្ចឹង អ៊ីចឹងពីបងពិបាកប៉ុណ្ណាក៏នៅតែស៊ូដែរ រាល់ថ្ងៃហ្នឹងពីយើងធ្លាប់មានប្រាក់ខែហូរហៀរពេញដៃៗ ឥឡូវចូលលក្ខណៈថា យើងចាយត្បិតមែនទែនហ្មង យើងសំខាន់ផ្តោតតែទៅលើការបង់ទឹកភ្លើងទេ បងអត់មានបំណុលទេ តែសមាជិកបងដែលគាត់មានបំណុលគាត់ក៏ពិបាកដែរតែគាត់អត់បោះបង់បងសរសើរទឹកចិត្តពួកគាត់ គាត់នៅតែព្យាយាមក្រាញ់ននាល[…]អ៊ីចឹងខ្ញុំស្នើសុំឱ្យគាត់ចង់ត្រឡប់មកដោះស្រាយបញ្ហារបស់កម្មករទៅ ព្រោះទោះយ៉ាងណាកម្មករក៏ជាពលរដ្ឋរបស់ខ្លួនឯងដែរ»។
រីឯលោក លោក ណាំ ទីវ័ន្ត កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានស្នើដល់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងភាគីពាក់ព័ន្ធ ដោះស្រាយវិវាទការងារជូនពួកគេ ដោយឱ្យថៅកែណាហ្គាវើលទទួលយកថ្នាក់ដឹកនាំសហជីព សមាជិក ឬកម្មករនិយោជិតដែលក្រុមហ៊ុនបានបញ្ឈប់ បានចូលធ្វើការវិញ។
លោកបន្តថា៖ «ពីព្រោះវិវាទការងារនេះអូសបន្លាយពេលរយៈពេលជិតបួនឆ្នាំហើយ អ៊ីចឹងល្មមដល់ពេលដោះស្រាយហើយ ហើយមួយទៀត ឱ្យបន្តនៅក្នុងការគោរពអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិ( ILO) ដែលកម្ពុជាបានផ្តល់សច្ចាប័នឱ្យហ្នឹងគឺ C87 និង C98 ផងដែរ»។
លោកសង្ឃឹមថា ស្ថានទូតនៃប្រទេសលោកសេរីទាំងនោះ ដែលជាប្រទេសឱ្យតម្លៃសិទ្ធិការការ នឹងជួយតាមដាន ព្រមទាំងជំរុញរដ្ឋាភិបាលកម្ពុជា ឱ្យដោះស្រាយវិវាទការងាររនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ ឱ្យបានឆាប់រហ័ស។
ស្របពេលគ្នានេះដែរ អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា ក្រសួងការងារ បានដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ បានត្រឹមត្រូវហើយ។ លោកស្នើកម្មករប្ដឹងទៅតុលាការ ករណីពួកគេមិនួទទួលយកដំណោះស្រាយនេះ។
លោកថា៖ «ករណីទាមទាររបស់បងប្អូនអតីតកម្មករណាហ្គាវើលដ៏ គឺជាករណីដដែលៗដែលក្រសួង បានដោះស្រាយត្រឹមត្រូវ និងចប់ទៅតាមនីតិវិធីនៃការដោះស្រាយវិវាទការងារ និងដែនសមត្ថកិច្ចរបស់ខ្លួនចប់ស្រាច់បាច់រួចរាល់ហើយ ចំពោះបងប្អូនដែលមិនសុខចិត្តអាចអនុវត្តនូវសិទ្ធិរបស់ខ្លួនប្តឹងទៅតុលាការដែលជានីតិវិធីសមស្របបំផុត»។
ចំណែកឯលោកស្រី Noémie Pinta អ្នកនាំពាក្យ និងជាទីប្រឹក្សាទទួលបន្ទុកផ្នែកនយោបាយ នៃស្ថានទូតបារាំង បានប្រាប់ Press Start Cambodia ថា ស្ថានទូតបារាំងបានទទួលលិខិតពីតំណាងសហជីព LRSU ហើយសំណើនេះនឹងត្រូវបានពិនិត្យយ៉ាងប្រុងប្រយ័ត្ន។ អ្នកស្រីបន្តថា នៅពេលនេះ ស្ថានទូតមិនបានផ្តល់មតិយោបល់បន្ថែមណាមួយទេ។
Press Strat Cambodia ក៏បានព្យាយាមទាក់ទងទៅតំណាងស្ថានទូតអង់គ្លេស កាណាដា អាមេរិក អូស្ត្រាលី ជប៉ុន ម៉ាឡេស៊ី និងនិងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាដែរ ក៏ប៉ុន្តែមិនទាន់មានការឆ្លើយតបទេ នៅត្រឹមរសៀលថ្ងៃទី២០ ខែតុលានេះ ខណៈតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ មិនអាចទាក់ទងបាន។
ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក យី សុខសាន្ត មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅមុខស្ថានទូតអាមេរិកថា ករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ជារឿងអយុត្តិធម៌សម្រាប់កម្មករ និងសហជីព ព្រោះក្រុមហ៊ុននេះ បានផ្អាកការងារដោយមិនគោរពតាមលក្ខខណ្ឌការងារ។ បញ្ហានេះ លោកស្នើរឱ្យដល់ថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ ដោះស្រាយដោយឈរលើគោលការណ៍ច្បាប់។
លោកបន្តថា៖ «៤ឆ្នាំហើយដែលសហជីពណាហ្គាវើលដ៍ទទួលរងនូវអយុត្តិធម៌ទាក់ទងនឹងក្រុមហ៊ុន ក៏ដូចជាក្រសួងការងារមិនបានដោះស្រាយឱ្យពួកគាត់ តាមពិតសហជីព ដែលបង្កើតនៅប្រទេសកម្ពុជា នៅតាមមូលដ្ឋាននៅតាមរោងចក្រនេះ រដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់ពួកគាត់ ពីព្រោះពួកគាត់បំពេញការងាររដ្ឋាភិបាល ដើម្បីឱ្យក្រុមហ៊ុននីមួយៗជឿទុកចិត្តលើរដ្ឋាភិបាល ដើម្បីមកវិនិយោគនៅប្រទេសកម្ពុជា លក្ខខណ្ឌដែលពួកគាត់ទាមទានេះ គឺជារឿងអយុត្តិធម៌ ព្រោះកន្លងមក គឺខាងក្រុមហ៊ុនណាហ្គាវើលដ៍ បានផ្អាកពួកគាត់ពាក់ព័ន្ធទៅនឹងកូវីត ក្រោយមកក៏បញ្ចប់នូវកិច្ចសន្យាលែងឱ្យមកធ្វើការ ចំណុចហ្នឹងហើយវាជាអង្គហេតុបង្ករហូតដល់សព្វថ្ងៃ ដោះស្រាយមិនចេញ ដោយសារតែមិនយកលក្ខខណ្ឌការងារ ជាពិសេសច្បាប់កាងារយកមកអនុវត្តសម្រាប់ពួកគាត់»។
វិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៏ ផ្តើមចេញពីក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ឈប់បុគ្គលិកប្រមាណ ១ ៣០០ នាក់ កាលពីខែមេសា ឆ្នាំ២០២១ ដែលភាគច្រើនជាប្រធាននិងសមាជិកសហជីព អំឡុងពេលផ្ទុះជំងឺកូវីត-១៩ ដែលថៅកែអះអាងពីមូលហេតុជួបវិបត្តិហិរញ្ញវត្ថុ។ ប៉ុន្តែភាគីបុគ្គលិកដែលបានបញ្ឈប់ អះអាងថា ជាចេតនារបស់ថៅកែ ដើម្បីបំបាត់សហជីពឯករាជ្យ ក្នុងក្រុមហ៊ុនដែលតែងតែជំរុញលក្ខខណ្ឌការងារ ការពារសិទ្ធិបុគ្គលិក៕

