អតីតបុគ្គលិកណាហ្គាវើលប្រមាណជិត៥០នាក់ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ បានបន្តប្រមូលផ្តុំគ្នាតវ៉ាជាថ្មីទៀត នៅមុខក្រុមហ៊ុន ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីទាមទាររកដំណោះស្រាយវិបត្តិការងារដែលអូសបន្លាយពេលជាង៤ឆ្នាំមកហើយ។
អំឡុងពេលតវ៉ានោះ ក្រុមកូដករណាហ្គាវើល បានលើកបដាដែលមានអក្សរជាភាសាអង់គ្លេសថា «Labor Rights are Human Rights» ដែលជាយុទ្ធនាការមួយ ដើម្បីរំលឹកពិភពលោកថា វិវាទការងារដ៏រ៉ាំរ៉ៃបំផុតមួយនៅកម្ពុជា នៅមិនទាន់មានពន្លឺយុត្តិធម៌នៅឡើយ។
លោកស្រី ឃ្លាំង សុបិន្ត ជាអគ្គលេខាសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍(LRSU) បានឱ្យដឹងថា ការចេញធ្វើកូដកម្មជាថ្មីនេះ គឺដើម្បីរកដំណោះស្រាយសម្រាប់កម្មករជាង ៣០០នាក់ ដែលរងការបញ្ឈប់កាលជាង៤ឆ្នាំមុន ខណៈក្រុមហ៊ុនណាហ្គាវើលរៀបចំការប្រកួត Poker Tournament។
អ្នកស្រីបន្តថា៖«អីចឹងយើងចង់បង្ហាញថា ក្នុងន័យប្រៀបធៀបថា ខាងកម្មករថ្វីត្បិតតែសន្លឹកបៀរតូច តែគាត់នៅតែមិនបោះបង់ ដែលចង់បន្តរហូត គាត់ចង់ដឹងថាចុងបញ្ចប់នៃវិវាទហ្នឹង យើងបន្តបានយុត្តិធម៌បានអ្វីដែលយើងខំប្រឹងអត់ យុត្តិធម៌វាមិនបានងាយៗនោះទេ ទាល់តែយើងប្រឹងប្រែងតស៊ូខ្លាំងណាស់។ យើងឃើញថាសន្លឹកបៀរសហជីពLRSUយើងតូចណាស់ គ្មានឈ្នះគេដែរ ក៏ប៉ុន្តែចុងក្រោយយើងទទួលបានសន្លឹកបៀរដែលយើងទទួលបានដំណោះស្រាយដោយយុត្តិធម៌ មានន័យថា ដោះស្រាយច្បាប់ការងារដែលបានចែងហ្នឹងមក»។
កូដករណាហ្គាវើលដ៍មួយរូបទៀត អ្នកស្រី ម៉ម សុវឌ្ឍិន មានប្រសាសន៍ថា ទោះបីជាអ្នកស្រីមានការលំបាកផ្នែកជីវភាពក្រោយបាត់បង់ការងារនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ស្របពេលបញ្ហាប្រេងសាំងឡើងថ្លៃក្ដី តែអ្នកស្រីប្ដេជ្ញាតវ៉ាទាមទាររកដំណោះស្រាយចំពោះវិវាទការងារនេះ។
អ្នកស្រីនិយាយថា៖ «ក្នុងនាមបងជាកម្មករមួយរូប ដែលតស៊ូតាំងពីដើមទីមក ឆន្ទៈបងនៅដដែលអត់បោះបង់ទេ[…]កាលណាយើងមានសហជីពរឹងមាំ សហជីពដែលឯករាជ្យ សហជីពដែលការពារកម្មករ អាហ្នឹងយើងអាចការពារស្ថិរភាពខ្លួនឯង និងក្មេងជំនាន់ក្រោយទៅថ្ងៃអនាគតទៀត»។
បើតាមទំព័រហ្វេសប៊ុករបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍(LRSU) គិតត្រឹមថ្ងៃទី២៥ ខែមីនានេះ គឺមានរយៈពេល ១៥៥៨ថ្ងៃហើយ ដែលអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើកូដកម្មដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុន ដោះស្រាយចំពោះការទាមទារចំនួន ៨ចំណុច។
៨ចំណុចដែលកូដករទាមទារឱ្យដោះស្រាយនោះ រួមមាន ក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវទទួលយកថ្នាក់ដឹកនាំសហជីព និងសមាជិកឲ្យចូលធ្វើការវិញ, ត្រូវគិតប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារឲ្យបានត្រឹមត្រូវតាមច្បាប់, គិតប្រាក់បញ្ចប់កិច្ចសន្យាការងារបន្ថែមឲ្យបានត្រឹមត្រូវសម្រាប់កម្មករដែលត្រូវបានបញ្ឈប់ក្នុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១, ក្រុមហ៊ុនត្រូវផ្ដល់ប្រាក់បំណាច់អតីតភាពការងារនិងប្រាក់រំលឹកអតីតភាពការងារឲ្យបានត្រឹមត្រូវតាមច្បាប់, ត្រូវដំឡើងប្រាក់ឈ្នួលគោល៧% លើប្រាក់ឈ្នួលបច្ចុប្បន្ន, បញ្ឈប់ការកេងប្រវ័ញ្ចតាមរយៈការប្រើបុគ្គលិកក្រោមស្លាកកម្មសិក្សា និងទទួលយកឱ្យក្លាយជាបុគ្គលិកពេញសិទ្ធិ, ផ្តល់ប្រាក់ឈ្នួលគោលស្មើគ្នារវាងបុគ្គលិកក្នុងស្រុកធៀបនឹងបុគ្គលិកក្រៅស្រុកដែលមានឋានៈ និងផ្នែកដូចគ្នា ព្រមទាំងទាមទារឱ្យថៅកែបញ្ឈប់ការរើសអើងសហជីពគ្រប់រូបភាព។
ជាមួយគ្នានេះ សហជីព LRSU រំពឹងថា ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងការងារ នឹងពិនិត្យរឿងនេះឡើងវិញ និងដោះស្រាយជូនអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវបានថៅកែបញ្ឈប់ពីការងារនេះផងដែរ។
ជុំវិញករណីនេះ Press Start Cambodia មិនអាចសុំការអធិប្បាយពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍បានទេ គិតត្រឹមល្ងាចថ្ងៃទី២៥ ខែមីនានេះ។
យ៉ាងណាកន្លងមក មន្ត្រីក្រសួងការងារ និងអតីតអ្នកនាំ លោក កត្តា អ៊ន ធ្លាប់បញ្ជាក់ថា ករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គា ក្រសួងបានដោះស្រាយមកជាហូរហែ។ មួយវិញទៀត លោកថា ក្រុមហ៊ុនក៏បានផ្ទេរប្រាក់បំណាច់ និងសំណងបញ្ចប់កិច្ចសន្យាការងារ ចូលគណនីធនាគារអតីតបុគ្គលិក ដែលក្រុមហ៊ុនបានបញ្ចប់កិច្ចសន្យាការងារចំនួន ៣៧៣នាក់ រួចមកហើយដែរ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) មានប្រសាសន៍ថា វិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ ជាមួយបុគ្គលិក គឺបានកើតឡើងអស់រយ:ពេលជាង៤ឆ្នាំទៅហើយ ដោយលោកទទូចស្វែងរកដំណោះស្រាយចំពោះវិវាទការងារនេះ ជាជាងការធ្វើទុក្ខបុកម្នេញដោយការចាប់ខ្លួន ការចោទប្រកាន់ ឃុំខ្លួន និងផ្តន្ទាទោសពួកគេ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា។
លោកថា៖ «មានតែដំណោះស្រាយដោយតម្លាភាព និងយុត្តិធម៌មួយ ត្រូវបានកើតឡើងដើម្បីបញ្ចប់វិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រុមកូដករប៉ុណ្ណោះដែលជាដំណោះស្រាយល្អបំផុត ដំណោះស្រាយនេះអាចកើតមានឡើង គឺអាស្រ័យលើឆន្ទ:របស់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាដោះស្រាយ»។
គួរជម្រាបជូនថា កាលពីខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ឈប់បុគ្គលិកប្រមាណ ១ ៣០០ នាក់ ដែលភាគច្រើនជាប្រធាននិងសមាជិកសហជីព ក្រោយមូលហេតុថាជួបវិបត្តិហិរញ្ញវត្ថុ។ ការណ៍នេះ បានធ្វើឱ្យផ្ទុះវិវាទនៅក្រុមហ៊ុនកាស៊ីណូមួយនេះ ដែលនាំឱ្យមានការតវ៉ាជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ដោយភាគីបុគ្គលិកដែលត្រូវបានបញ្ឈប់ អះអាងថា ជាចេតនារបស់ថៅកែ ដើម្បីបំបាត់សហជីពឯករាជ្យក្នុងក្រុមហ៊ុន ដែលតែងតែជំរុញលក្ខខណ្ឌការងារ និងការពារសិទ្ធិបុគ្គលិក។
គិតត្រឹមដើមឆ្នាំ២០២៦នេះ ទោះបីជាមានការសម្របសម្រួលជាច្រើនលើកពីក្រសួងការងារ និងអង្គការអន្តរជាតិខាងការងារ (ILO) ក៏ដោយ ប៉ុន្តែដំណោះស្រាយនៅតែស្ថិតក្នុងភាពទាល់ច្រក ជាពិសេសលើចំណុចទាមទារឱ្យទទួលយកថ្នាក់ដឹកនាំសហជីពចូលធ្វើការវិញ៕

