Profile ៖លោក សុក សំអឿន ផ្តើមចេញពីនាយទាហានមុនក្លាយជាមេធាវីការពារក្តីដ៏មានសក្តានុពល

ដោយៈ

Press Start Cambodia Avatar

បច្ចុប្បន្នការជជែកពិភាក្សា និងចែករំលែកចំណេះដឹងអំពីច្បាប់លើបណ្តាយសង្គមមានភាពទូលំទូលាយ តែបើក្រឡែកមើលពីសម័យដែលប្រទេសមួយទើបតែរួចផុតពីសង្គ្រាមហើយរួមគ្នាក្រោកឡើងពីបាតដៃទទេ នៅពេលនោះច្បាប់ និងបទដ្ឋានគតិយុត្តិដទៃទៀត នៅមិនទាន់មានភាពរឹងម៉ាំ និងសម្បូរបែបនៅឡើយទេ។​ការផ្តើមគំនិត និងបង្កើ​តអោយមា​ន​ការចែករំលែកចំណេះដឹងអំពីច្បាប់លើវិទ្យុនាសម័យនោះ គឺគំនិតដែលជំរុញអោយមានថ្ងៃនេះ ក្នុងនោះលោក​សុក សំអឿន ជាផ្នែកមួយនៃការចាប់ផ្តើមនេះ។​

បច្ចុប្បន្នលោក សុក សំអឿន មានអាជីបជាមេធាវីមួយរូបនៅក្នុងវិស័យច្បាប់ ការពាររឿងក្ដី ការផ្ដល់ទស្សនៈលើរឿងរ៉ាវច្បាប់ និងការចូលរួមក្នុងការបណ្ដុះបណ្ដាលអ្នកអនុវត្តច្បាប់ផងដែរ។ ជាមួយនឹងបទពិសោធន៍ជាច្រើន លោកមិនត្រឹមតែប្រកបវិជ្ជាជីវៈជាមេធាវីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចែករំលែកចំណេះដឹងទស្សនៈទានផ្នែកច្បាប់ដល់សាធារណៈជន និងអ្នកជំនាន់ក្រោយ។ ក្រៅពីមានអាជីពជាមេធាវី លោកក៏បានចូលរួមជាមួយអង្គការ សង់ត្រាល់, អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ និងអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាជាដើមដែរ។

លោក សុក សំអឿន ធំដឹងក្ដីនៅខេត្តកំពង់ចាម ប៉ុន្តែជាអ្នកមានទីកំណើតនៅរាជធានីភ្នំពេញ ឆ្នាំនេះលោកមានវ័យ៧៣ឆ្នាំទៅហើយ។លោកបានចាប់កំណើតឡើងក្នុងគ្រួសារដែលមានឱពុកជាជនជាតិខ្មែរ ឯម្ដាយជាខ្មែរកាត់ចិន និងមានប​ង​ប្អូនចំនួន បីនាក់ ប្រុសពីរនាក់ និងស្រីម្នាក់។ ស្ថិតក្នុងគ្រួសារមានឱពុកជាមេបញ្ជាការ ការពារក្រុងកំពង់ចាម ម្ដាយជា​​ស្រ្ដីមេផ្ទះ។ជីវិតចាប់ផ្ដើមឡើងដោយភាពធម្មតា ត្រូវបានប្រែប្រួល នៅពេលប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាមបរិបទខ្មែរក្រហម ដែលឱពុករបស់លោកត្រូវខ្មែរក្រហមនាំទៅសម្លាប់ចោលដោយមិនប្រណី ទុកអោយយុវជន សំអឿនកំព្រាឱពុកតាំងពីនោះមក។

ជាបងប្រុសម្នាក់ ក្នុងចំណោមបងប្អូនចំនួន បីនាក់ លោក សុក សំអឿន បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យក្នុងឆ្នាំ១៩៧៥ ហើយបានតស៊ូនាំបងប្អូនទៅទល់ដែន។ ជីវិតក្រោយផ្លាស់ទីលំនៅទៅដល់ទល់ដែន លោក សុក សំអឿន បានឆ្លៀតពេលវេលាក្រៅពីធ្វើការងារ លោកបានយកកាសែតជាភាសាខ្មែរ​ ហើយសរសេរប្រែទៅជាភាសាអង់គ្លេស បន្ទាប់មកក៏ឱ្យប្អូនដែលមានឱកាសសិក្សានៅទីនោះ ប្រគល់ឱ្យគ្រូកែសម្រួលឡើងវិញ ហើយនេះក៏ជាឱកាសដល់លោកក្នុងការសិក្សាភាសាអង់គ្លេសនៅពេលនោះ។ លោក សុក សំអឿន បានជួបភរិយានៅទល់ដែនជំរុំសាយធូដែលពេលនោះភរិយាប្រកបរបរលក់ដូរ ហើយឆ្នាំ១៩៨០​ លោកបានរៀបអាពាហ៍ពិពាហ៍ និងទទួលបានកូន បួននាក់ ជាចំណងអាពាហ៍ពិពាហ៍។នៅឆ្នាំ១៩៨០​ដដែល ពេលដែលលោកនៅជានាយទាហាន លោកបានចូលរួមតស៊ូក្នុងចលនារំដោះជាតិរបស់សម្តេច សឺន សាន ។

ក្នុងឆ្នាំ១៩៨៦ លោក សុក សំអឿន បានចូលហ្វឹកហ្វឺនជានាយទាហាន ក្រោយមកក៏ទទួលបានឱកាសទៅសិក្សា លើជំនាញគ្រប់គ្រងទាហានជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ី រយៈពេល ៤ខែ។ បន្ទាប់ពីត្រឡប់មកពីសិក្សានៅម៉ាឡេស៊ីវិញ លោកក៏ទទួលបានឱកាសសិក្សាភាសាអង់គ្លេសបន្ត ស្របពេលដែលលោក ជាយុវជនឈ្លាសវៃជាងមិត្តនៅក្នុងថ្នាក់ ខណៈពេលដែលមិត្តៗរួមថ្នាក់ត្រូវធ្វើតេស្ដដើម្បីជ្រើសរើសកម្រិតសិក្សាពីថ្នាក់ដំបូង ឯលោក សុក សំអឿន ធ្វើតេស្ដបានពិន្ទុខ្ពស់ហើយក៏ទទួលបានឱកាសចូលសិក្សាកម្រិតទីពីរ ស្របដំណាលមិត្តរួមថ្នាក់។លោក សុក សំអឿន ពីនាយទា​ហាន បានឱកាសជាអ្នកបកប្រែរបាយការណ៍កងទ័ព។ ពេលនោះលោកត្រូវទទួលរបាយការណ៍មួយថ្ងៃប្រមាណជាង ៣ទៅ៤របាយការណ៍សរុប។

នៅពេលប្រទេសកម្ពុជាទទួលបានសន្តិភាពឡើងវិញ បរិបទនយោបាយបានផ្លាស់ប្ដូរ ចំពោះលោក សុក សំអឿនមិនមែនមានន័យថាលោកបានបញ្ចប់តួនាទីជាពលរដ្ឋស្នេហាជាតិឡើយ។ក្រោយថ្ងៃទី១៤ ធ្នូ ឆ្នាំ១៩៥៥ ប្រទេសកម្ពុជាបា​ន​ក្លាយជារដ្ឋស​មា​ជិកនៃអង្គការសហប្រជាជាតិ។

លោកបន្តថា៖« មកដល់ឆ្នាំ៨៩ កងទ័ពទាំងពីរភាគីទាំងសងខាងនឹងមានសន្តិភាពហើយ ក៏ប៉ុន្តែ យូអិន (UN) ចាប់ផ្ដើមបារម្ភព្រោះខ្មែរដែលរត់ទៅរស់នៅទល់ដែន ខ្មែរខ្លះរស់នៅតាំងពីឆ្នាំ៧៩ រហូតដល់ឆ្នាំ៩៣–៩៤  អាយុ១៣ទៅ១៤ឆ្នាំជំទង់ហើយ រស់នៅដោយអត់មានច្បាប់ទម្លាប់ » ។​

លោកបន្តថាពេលនោះអង្គការសហប្រជាជាតិបានបញ្ចូលអ្នកជំនាញប៉ូលីសជាន់ខ្ពស់ ៥នាក់ មកប្រទេសកម្ពុជារួមមាន សហរដ្ឋអាមេរិក ១នាក់, អូស្រ្ដាលី ២នាក់, កាណាដា ១នាក់, និងស៊ុយអែត ១នាក់ ដើម្បីរៀបចំជាច្បាប់ហ្វឹកហ្វឺនឱ្យមានតុលាកា​ ចៅក្រម។ នៅពេលនោះអង្គការ ខូអ៊ែ (COERR)​ បានបង្កើតថ្នាក់ហ្វឹកហ្វឺនចៅក្រម នៅជំរុំ សាយធូ ទល់ដែននាពេលនោះ។

ដំណើរវិថីទៅកាន់វិជ្ជាជីវៈជាអ្នកច្បាប់ អំឡុងពេលសិក្សាលោកមានជំនាញយកព័ត៌មាន តាមរយៈបទពិសោធន៍កាលនៅជាទាហានបានចាប់ជនល្មើស និងសួរចម្លើយជាដើម។ នៅក្នុងជំរុំជនភៀសខ្លួន ពេលនោះការចាប់ជនល្មើសកន្លងមកនៅមានកន្លែងខ្លះត្រូវ និងកន្លែងខ្លះហាក់បីដូចជាខុសនៅឡើយ ហើយការសាកសួរចម្លើយទៀតសោធគឺនៅមានការប្រើហឹង្សា ប៉ុន្តែចំពោះលោក សុក សំអឿន ផ្ទាល់លោកមិនព្យាយាមជ្រើសរើសការវាយដំឡើយ ស្របពេលដែលលោកប្រើបច្ចេកទេសគៀបសង្គត់ផ្លូវចិត្តដើម្បីឱ្យជនល្មើសឆ្លើយសំណួរ។ នៅឆ្នាំ១៩៨៩ លោកបានបម្រើការងារជាអ្នកបកប្រែភាសាអង់គ្លេសឱ្យអង្គការសហប្រជាជាតិ (UN) នៅជុំរំជនភៀសខ្លួនខ្មែរ-ថៃ។

តាមរយៈការសិក្សាមេរៀនឯកសារហ្វឹកហ្វឺនប៉ូលីសជាច្រើនមក នៅក្នុងឆ្នាំ១៩៩០ លោកក៏ទទួលបានឱកាសជាអ្នកគ្រ​ប់​គ្រងសាលាប៉ូលីនៅជំរុំសាយធូ ​ហើយលោកក៏បន្តយកចំណេះដឹងទាំងអស់នោះមកបង្រៀនដល់ប៉ូលីសដែលហ្វឹកហ្វឺ​ន​នៅជំរុំនាពេលនោះ។ ក្រោយមកលោមេធាវី សុក សំអឿន ទទួលបានតួនាទីជាប្រធាន គម្រោងអ្នកការពារក្ដីកម្ពុជា (Cambodian Defenders Project – CDP) ក្រោយមកបានប្រែទៅជាក្រុមអ្នកច្បាប់ការពារសិទ្ធកម្ពុជា។នៅឆ្នាំ១៩​៩​៦​ លោកក៏សម្រេចចិត្តប្រឡងចូលគណៈមេធាវីកម្ពុជាតែម្តង។

លោក អាង ឧត្តម ជាអតីត​សហការីប្រកបអាជីពជាមួយលោកមេធាវី សុក សំអឿន ដែលបច្ចុប្បន្នជាមេធាវីបានផ្តល់បទសម្ភាសន៍ ឲ្យគេហទំព័រ Press Start Cambodia ដឹងថាលោក សុក សំអឿន គឺជាមេធាវីមួយរូប តែងប្រកាន់វិជ្ជាជីវៈបានយ៉ាងល្អ។

លោកបន្តថា៖« ស្គាល់គ្នាជាមួយលោកសុក សំអឿន តាំងពីឆ្នាំ១៩៩៤មក លោក សុក សំអឿន ជាមនុស្សព្យាយាមធ្វើការយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ចំពោះការងារ»។

បើតាមលោក អាង ឧត្តម លោកទទួលបានអារម្មណ៍ស្និទ្ធស្នាល ទទួលបានការរាប់អាន និងការចុះសម្រុងគ្នាអំឡុងពេលធ្វើការ។មិនតែប៉ុណ្ណោះ អនុស្សាវរីយ៍ល្អៗដែលលោកចងចាំគឺ លោក សុក សំអឿន ជាមនុស្សដែលអាចឆ្លើយតប និងរកដំណោះស្រាយបានលឿនចំពោះបញ្ហាដែលមានភាពប្រថុចញ៉ុច។

បើទោះបីជាលោកពូកែក្នុងសវនាការ ការពារកូនក្ដីយ៉ាងណាក្តី លោក សុក សំអឿន ក៏នៅមានចំណុចអវិជ្ជមានដែរ ដូចជាការសម្រេចចិត្តរបស់លោកនៅមានមេត្តាធម៌ក្នុងចិត្តច្រើន។ហេតុនេះ គឺជារឿងដែលនាំឲ្យមានផលប៉ះពាល់ដល់ដំ​ណើ​​រការក្តី ព្រោះសាច់រឿងខ្លះ តម្រូវឲ្យមានការសម្រេចចិត្តដ៏តឹងរឹង។

លោកនិយាយថា៖«លោក សុក សំអឿន ជាមនុស្សមានគោលជំហររឹងមាំ និងយកចិត្តទុកដាក់ចំពោះការងារ តែលោកនៅទន់ជ្រាយចំពោះការសម្រេចចិត្តក្នុងការដាក់ទណ្ឌកម្មលើបុគ្គលិកដែលមានបញ្ហា ពោលគឺលោកមានមនោសញ្ចេ​តនាចំពោះបុគ្គល »។

ជាងនេះទៅទៀត លោក អាង ឧត្តម ឲ្យដឹងទៀតថា លោក សុក សំអឿន ជាធនធានមួយសម្រាប់ប្រទេស។ចំពោះលោកមេធាវី សុក សំអឿន ដើម្បីឱ្យច្បាប់អាចទទួលយកដោយប្រជាពលរដ្ឋទាំងអស់ ពេលធ្វើច្បាប់ សុំឱ្យតំណាងរាស្រ្តផ្ស​ព្វផ្សាយសេចក្ដីព្រាងច្បាប់ សុំមតិយោបល់ពីប្រជារាស្រ្ដដើម្បីឱ្យច្បាប់ទាំងអស់គឺមានការចូលរួមពីប្រជារាស្រ្ដ ជាពិ​សេ​ស ខិតចូលទៅកាន់ប្រជាធិបតេយ្យដោយផ្ទាល់ ឱ្យមានការចូលរួមដោយផ្ទាល់។

បុព្វហេតុដែលនាំឲ្យលោកមេធាវី សុក​ សំអឿន ក្លាយជាមេធាវី មិនមែនកើតឡើងដោយឯកឯងឡើយ។ក្នុងន័យនេះលោកធ្លាប់បានឆ្លងកាត់សង្រ្គាម ការបែកបាក់គ្រួសារ ចលនាតស៊ូរំដោះជាតិ ការធ្វើការងារជាមួយអង្គការជាតិ-អន្តរជាតិ ព្រមនឹងការសិក្សាច្បាប់។ បទពិសោធន៍ទាំងនេះបានរួមចំណែកបង្កើតជាចំណេះដឹង និងទស្សនៈ ដែលលោកបានផ្ដល់ឱ្យយកប្រើប្រាស់ក្នុងការប្រកបវិជ្ជាជីវៈជាមេធាវី និងការចូលរួមនៅក្នុងសង្គម៕

អត្ថបទដោយ៖  ជា ចិន,  ផាត់ ស័ក្កស៊ីន, ឈួន ឡាំងស៊ីន,​តេជគុណ សុខ សារ៉េត និង ហ៊ឺ ចន្ធី