លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិអះអាងថា លោកនឹងបន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីទាមទារសេរីភាពនិងយុត្តិធម៌ បន្ទាប់ក្រសួងយុត្តិធម៌ខកខានមិនបានឆ្លើយតបទៅតាមការស្នើសុំរបស់លោកឱ្យពិនិត្យសើរើលើសាលដីការបស់តុលាការកំពូល។
ថ្លែងនៅព្រឹកថ្ងៃអង្គារនេះ ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំធ្វើនៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក រ៉ុង ឈុន អះអាងថា លោកនឹងធ្វើសកម្មភាពដោយសន្តិវិធីបន្តទៀតទៅកាន់ស្ថាប័នពាក់ព័ន្ធ ដើម្បីទាមទារសិទ្ធិមូលដ្ឋានស្របតាមច្បាប់។
លោកមានប្រសាសន៍ថា៖ “មិនបញ្ចប់ត្រឹមការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ដែរ។ យើងនឹងធ្វើបន្តបន្ទាប់ទៀត ”។
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូលសម្រេចផ្តន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល៤ឆ្នាំ ប៉ុន្តែព្យួរសាកល្បងរយៈពេលបីឆ្នាំ ហាមចេញពីរាជធានីភ្នំពេញ មិនត្រូវធ្វើសកម្មភាពថ្លែងការណ៍ជាសាធារណៈ មិនត្រូវមានមុខនៅវេទិកាសាធារណៈ និងដកជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។
ក្នុងលិខិតស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក រ៉ុង ឈុន បានស្នើសុំឱ្យពិនិត្យលទ្ធភាពសើររើលើសាលដីកាតុលាការកំពូល និងពិចារណាទម្លាក់ចោលវិធានការកម្រិតសិទ្ធិ និងសេរីភាពរបស់លោក ដោយបដិសេធថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ ហើយចាត់ទុកសេចក្តីសម្រេចនេះមិនស្របនឹងរដ្ឋធម្មនុញ្ញ និងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពមូលដ្ឋានរបស់លោក។
ឆ្លើយតបនឹងសំណើរបស់លោក រ៉ុង ឈុន ក្រសួងយុត្តិធម៌បានចេញលិខិតមួយចុះថ្ងៃទី៧ ខែសីហា ដោយអះអាងថា ការសម្រេចសេចក្តីរបស់តុលាការគ្រប់ជាន់ថ្នាក់មានភាពត្រឹមត្រូវ និងស្របតាមច្បាប់ ហើយក្រសួងយុត្តិធម៌ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ។
ទោះបីជាយ៉ាងណា លោក រ៉ុង ឈុន លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានផងដែរថា ការឆ្លើយតបរបស់ក្រសួងយុត្តិធម៌មិនចំចំណុចដែលលោកបានស្នើនោះទេ ហើយថា សាលដីការបស់តុលាការកំពូលមិនស្របទៅនឹងស្មារតីនៃរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិ។
លោក រ៉ុង ឈុន មានប្រសាសន៍ថា៖ “បើនិយាយពីសេរីភាព និងយុត្តិធម៌ចំពោះខ្ញុំ មិនជាចាំបាច់ទេ ប៉ុន្តែយើងចង់ឃើញប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាត្រូវតែមានសេរីភាព និងយុត្តិធម៌គ្រប់គ្នា ”។
លោកបន្ថែមថា លោកអាចនឹងពិចារណាធ្វើថ្វាយលិខិតទៅព្រះមហាក្សត្រជាលក្ខណៈបុគ្គលដោយផ្ទាល់ ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ។ បើតាមលោក រ៉ុង ឈុន ថា គណបក្សកម្លាំងជាតិធ្លាប់បានដាក់លិខិតទៅព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រម្តងរួចហើយកាលពីខែកក្កដា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបិទបញ្ចប់បេសកកម្ម ចេញថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចង់ឃើញបរិយាកាសនយោបាយកាន់តែបើកទូលាយ គឺការគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំ និងការបង្កើតសមាគម ស្របពេលកម្ពុជាគ្រោងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំបន្ទាប់៕
អត្ថបទដោយ៖ ហ៊ឺ ចាន្ធី

