ពលរដ្ឋ​ភៀសសឹកជាង​ ២ម៉ឺន​នាក់ នៅ​​មិន​ទាន់​អាច​​ទៅ​​ផ្ទះ​​បាន ក្រោយ​បទឈប់បាញ់​ចូលជា​​ធរមាន​​ជា​ច្រើនខែ​

ដោយៈ

Press Start Cambodia Avatar

ពលរដ្ឋភៀស​សឹក​​ប្រមាណ​ជាង ២ម៉ឺន​នាក់ ដែលមាន​រស់​នៅ​​​​ក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែន​កម្ពុជា-ថៃ នៅ​​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅឋានវិញបាននៅឡើយ​​ បន្ទាប់ពី ​ផ្ទះ​សម្បែង​​របស់​ពួក​គាត់​ ត្រូវ​​យោធាថៃចូល​កាន់​កាប់ និង​បំផ្លិចបំផ្លាញ​ដោយ​ខុស​ច្បាប់ ក្រោយ​បទឈប់​បាញ់ចូលជាធរមាន។

សេចក្តីប្រកាសព័ត៌មាន​​របស់​ក្រសួងមហាផ្ទៃ ចេញផ្សាយ​នៅថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​២០២៦ បានលើកឡើ​ង​ថា គិត​មក​ដល់ព្រឹក​​​ថ្ងៃនេះ មាន​​ពលរដ្ឋភៀសសឹកចំនួន ២០.៩២៣នាក់ ក្នុង​ចំណោម​ជនភៀស​សឹក​សរុប​ជាង ៦សែន​៤ម៉ឺន​នាក់ នៅ​មិន​ទាន់អាច​វិល​ត្រឡប់​ទៅលំនៅ​ឋាន​វិញ​នៅឡើយ ដោយសារ​តែភូមិ​ករ​ និងផ្ទះសម្បែងរបស់​​​ពួកគេ​ត្រូវ​យោធា​ថៃ​ចូល​កាន់​កាប់​ និង​បំផ្លិច​បំផ្លាញដោយខុស​ច្បាប់​​ ក្រោយ​បទឈប់បាញ់ចូលជាធរមាន។

ក្រសួ​ងបន្តថា​ ក្នុងខេ​ត្ត​ឧត្តរមានជ័យ មាន​សាលា​រៀន​៨កន្លែង និង​មន្ទីរពេទ្យ​/មណ្ឌល​សុខភាព​៥កន្លែង​ បន្ត​បិទទ្វារ ខណៈនៅខេត្ត​បន្ទាយ​មានជ័យ មាន​សាលារៀន៥កន្លែង និ​ងមន្ទីរពេទ្យ/មណ្ឌល​សុខ​ភាព​១កន្លែង បន្តបិទ​ទ្វារ និង​នៅ​ខេត្ត​ព្រះវិហារ មាន​សាលារៀន​៧កន្លែង និង​មន្ទីរពេទ្យ/មណ្ឌល​សុខភាព​២កន្លែងទៀត បន្ត​បិទទ្វារនៅឡើយ ដោយ​សារ​តែ​អំពើឈ្លាន​ពាន​ពីសំណាក់​យោធាថៃ។​

ដោយ​ឡែក​ កាលពីថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០២៦ ក្រសួង​ថា កម្លាំង​កម្លាំងប្រដាប់អាវុធថៃ បាន​រាយ​បន្លា​លួស​នៅទីតាំង​ពីរ​ដាច់ដោយឡែក​ពីគ្នា នៅតំបន់​មុំ​បី ខេត្តព្រះវិហារ និង​តំបន់​ជប់​រុន ស្រុកត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មានជ័យ ដែល​សកម្ម​ភាព​ទាំង​នេះ បាន​រំលោភ​​​​បំពានយ៉ាងច្បាស់​លើ​មាត្រា​៥ នៃ​អនុស្សរណៈនៃការ​យោគ​យល់​គ្នា (MOU) ឆ្នាំ២០០០ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និងរាជរដ្ឋាភិបាល​ថៃ ​ស្តីពីការវាស់វែង និងបោះបង្គោលព្រំដែនគោក ព្រមទាំង​សេចក្តីប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី​៣ គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ(GBC) ចុះថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ដែល​ភាគីទាំង​ពីរ​បាន​ឯកភាពគ្នា​កាត់​បន្ថយ​ភាព​តាន​តឹង​ និង​ប្រគល់​ភារកិច្ច​ជូន​គណៈ​កម្មកា​រចម្រុះ​ខណ្ឌ​សីមាព្រំដែន​គោក (JBC) ដើម្បី​បន្តការ​ងារ​វាស់​វែង និង​បោះ​បង្គោល​​ព្រំដែន​ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាមកិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់រវាង​ប្រទេស​ទាំងពីរ។

ក្រសួង​មហាផ្ទៃ ក៏អំពាវនាវ​ដល់​ប្រជាពលរដ្ឋទាំង​អស់ រួបរួម​​សាមគ្គី​ គាំទ្រ​រាជរដ្ឋាភិបាល ដែលកំពុង​ដឹកនាំ​បេស​កកម្ម​ដោះស្រាយ​បញ្ហា​ព្រំដែនជាមួយ​ភាគី​ថៃ​​​ដោយសន្តិវិធី តាមរយៈយន្ត​​ការ​ការ​ទូត និង​ច្បាប់អន្តរជាតិ សំដៅ​នាំ​មក​វិញ នូ​វអធិបេយ្យ​ភាព បូរណភាពទឹកដី សន្តិភាព និង​ស្ថិរភាព​តាមខ្សែ​បន្ទាត់​ព្រំ​ដែន ជាពិសេស​ការ​វិល​មកវិញនូវ​ជីភាព​ជា​ប្រក្រតី​នៃ​ប្រជាជន​ទាំង​សង​ខាង។

សូម​រំលឹកថា អំឡុង​ពេល​នៃ​ការ​វាយ​ប្រយុទ្ធគ្នា​លើកទី​២ នៅតាម​ខ្សែប​ន្ទាត់ព្រំដែនរវាង​យោធា​កម្ពុជា​និ​ងយោធា​​ថៃ កាលពីអំឡុង​ខែធ្នូ ឆ្នាំ​២០២៥​ ពលរដ្ឋ​ខ្មែរ​រស់​នៅ​ខេត្ត​ជាប់​ព្រំ​ដែន​ជាង ៦សែន​៤ម៉ឺន​នាក់ បាន​ភៀស​ខ្លួន​ទៅ​កាន់​ជំរំ​​សុវត្ថិភាព។ យ៉ាង​ណា​ ក្រោយ​​​​បទ​ឈប់​បាញ់ចូល​ជា​ធរមាន ពលរដ្ឋទាំង​នោះ បាន​វិល​ត្រឡប់ទៅ​ផ្ទះ​វិញ​ជា​បណ្តើរ​ៗ តែចំពោះ​ពលរដ្ឋ​ដែល​មាន​ផ្ទះ​នៅ​តំបន់​ក្រហម នៅតែ​បន្ត​ស្នាក់​នៅ​ក្នុង​ជំរំដដែល​​។

ជាមួយគ្នា​នេះ​ដែរ បើតាម​ការ​ស្រង់​ប្រសាសន៍របស់​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ុំ រាត្រី ​មក​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ឱ្យ​ដឹង​ថា  គិត​ត្រឹម​ថ្ងៃទី​០៩ ខែ​មិថុនា ឆ្នាំ​២០២៦ ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សាង់សង់​ផ្ទះ​​​ជូន​​​ប្រជា​ពលរដ្ឋ​ភៀស​សឹកចំនួន ៣៣១៨គ្រួសារ​ ស្មើនឹង ១១ ២១៧​នាក់ (តួលេខនេះ​គិត​ត្រឹម​ថ្ងៃទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០២៦) នៅ​ក្នុង​មណ្ឌល​សមាគម​អតីត​យុទ្ធជន​ នៅ​ឃុំស្លក្រាម ស្រុក​​ស្វាយ​ចេក​​ ខេត្ត​បន្ទាយ​មានជ័យ​ ដែល​បច្ចុប្បន្នត្រូវ​បាន​រាជរដ្ឋាភិបាល​បង្កើត​ភូមិ​ថ្មី​ ឈ្មោះ​«ភូមិរង់ចាំ»​ចំនួន​ ៦ភូមិ ដែល​បំបែកចេញ​​ពីភូមិ​ស្លក្រាម៕

អត្ថបទដោយ៖ ស៊ន មេសា

អត្ថបទគួរឱ្យចាប់អារម្មណ៍