ពលរដ្ឋជាង១០០គ្រួសារ​​​នៅខេត្តព្រះវិហារ​ បន្ត​​រក​កិច្ច​អន្តរាគមន៍​​​ពី​អភិបាល​ខេត្ត​​ជួយដោះស្រាយ​​បញ្ហាដីធ្លី

ដោយៈ

សុត បាន Avatar

តំណាងពលរដ្ឋចំនួន ១៤៦គ្រួសារ នៅឃុំចំនួន​២ ក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ ​នៅថ្ងៃអង្គារ​នេះ បាន​បន្តទៅប្រមូល​ផ្តុំ​​ដាក់​ញត្តិ​​​នៅ​រដ្ឋបាល​​ខេត្តព្រះ​វិហារ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីអភិបាល​ខេត្ត ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន គ្លូប៊ល ហ្រ្គីន ក្រោយការស្វែងរក​ដំណោះស្រាយ​នៅ​ថ្នាក់​ស្រុក ពុំ​មានលទ្ធផល​ដែល​ពួកគាត់​អាចទទួលយកបាន។​

យោង​តាម​ទំព័រហ្វេសប៊ុករបស់​​សមាគមការ​ពារសិទ្ធិមនុស្ស​​អាដហុក ដែល​បានបង្ហោះសារនៅ​ថ្ងៃ​ទី​២១​ ខែមេសានេះ ឱ្យ​ដឹង​ដែរថា ប្រជាពលរដ្ឋជាង ៨០នាក់ តំណាងឱ្យពលរដ្ឋរងគ្រោះ ១៤៦​​​គ្រួសារ មកពីឃុំរួស​រាន់ និង​ឃុំ​រីករាយ ស្រុក​រវៀង បានឡើងមកដាក់ញត្តិនៅរដ្ឋបាល​​ខេត្តព្រះវិហារ ដើម្បី​សុំឱ្យអភិបាលខេត្តជួយអន្តរាគមន៍​ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាង ៩៨៤ហិកតា ដែលត្រូវបានក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន របស់លោក ទ្រី ដាលុច រំលោភឈូសឆាយ​យកដើម្បីធ្វើអាជីកម្មរ៉ែ។

តំណាងប្រជាពលរដ្ឋនៅឃុំរួស​រាន់​ លោក ឡុំ សែ បានប្រាប់ Press Start Cambodia ​​ថា ករណីជម្លោះដីធ្លីនេះ ពលរដ្ឋ​​ធ្លាប់​បាន​ដាក់​ញត្តិ​សុំ​ឱ្យ​អភិបាល​ស្រុក​រវៀង ជួយដោះ​ស្រាយ​ម្តង​ហើយ ហើយ​អភិបាល​​ស្រុករូបនេះ​ ក៏​បាន​ចុះ​ទៅ​ដល់​ទីតាំង​ដី​ទំនាស់​ផង​ដែរ តែ​ពុំ​មាន​ដំណោះ​ស្រាយ​​​សម​ស្រប​ឱ្យ​ពួក​គាត់​ទទួល​យក​បាន ទើប​ពួក​គាត់​សម្រេច​ទៅ​ដាក់​ញត្តិ​នៅរដ្ឋបាល​ខេត្ត​​ព្រះវិហារ ​សុំ​​​ឱ្យអ​ភិបាល​ខេត្ត​ជួយ​​ដោះ​ស្រាយ​វិញ​ម្តង។

លោករៀបរាប់ថា បញ្ហាជម្លោះដីធ្លីនេះ កើតឡើងជាង ១ឆ្នាំមក​ហើយ​ គឺ​ចាប់​តាំង​ពី​ដើម​ខែ​សីហា ឆ្នាំ​២០២៥ ប៉ុន្តែ​នៅ​គ្មាន​ដំណោះ​ស្រាយ​ទាល់​តែ​សោះ​ជូន​ពលរដ្ឋ​រង​គ្រោះ ទើប​បញ្ហា​នេះ បន្ត​អូស​បន្លាយ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ។ លោកអះអាងថា កន្លងមក ពលរដ្ឋ​​មិន​ធ្លាប់​ទទួល​បាន​ការ​ផ្ដល់​ដំណឹង​ពី​ការ​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​ឯក​ជន​មួយ​នេះ​ទេ ហើយ​អាជ្ញាធរ​ហាក់​មិន​បាន​ពិភាក្សា​ពី​ផល​ប៉ះពាល់​លើ​ប្រជា​ពលរដ្ឋនៅ​មូល​ដ្ឋាន​នោះ​ដែរ។

យ៉ាងណា លោក ឡុំ សែ នៅតែទទួចឱ្យអភិបាលខេត្ត​ព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធ ​ជួយពន្លឿន​ការ​​ដោះស្រាយបញ្ហាដីធ្លីនេះ ជូនប្រជាពលរដ្ឋរងគ្រោះទាំង​​ ១៤៦​គ្រួសារ​ផង ព្រោះ​ពួក​គាត់​គ្មាន​ដី​ធ្វើ​ស្រែ និង​ដាំ​ដំណាំ​នោះ​ទេ។

លោកថា៖ «រឿងបញ្ហាដីធ្លីនេះ អូសបន្លាយ១ឆ្នាំជាងហើយបង តាំងពីដើមខែ៨ ឆ្នាំ២០២៥ អត់មាន​ដំណោះស្រាយជូនពួកខ្ញុំ​​សោះ សុំការអន្តរាគមន៍ទៅឃុំ ឃុំរុញទៅស្រុក ដល់អត់ដំណោះស្រាយ ពួក​ខ្ញុំសម្រេចចិត្តឡើងមកដាក់ញត្តិនៅសាលាខេត្តព្រះវិហារ ស្នើសុំឱ្យលោកអភិបាលខេត្តជួយតែម្តង។ បើនៅតែនៅគ្មានដំណោះស្រាយទៀត ពួកខ្ញុំគ្មានដីសម្រាប់បង្កបង្កើនផលទេ​»។

ជុំវិញបញ្ហានេះ គេហទំព័រ Press Start Cambodia បានព្យាយាមទាក់ទង អភិបាលខេត្តព្រះវិហារ លោក គឹម ឬទ្ធី ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះ ប៉ុន្តែលោកមិនលើកទូរស័ទ្ទ គិតត្រឹមថ្ងៃទី២១ ខែមេសានេះ។

ចំណែក​ នាយករងរដ្ឋបាលខេត្តព្រះវិហារ លោក សា សុខា មានប្រសាសន៍យ៉ាង​​ខ្លីថា លោកកំពុងជាប់បេសកកម្ម​ ហើយ​ពេល​ត្រឡប់ទៅវិញ លោក​នឹង​ជួយ​ពិនិត្យលើបញ្ហានេះ។

លោកថា៖ «បងរវល់ បេសសកម្មចុះខេត្តប្អូន បងមិនទាន់ដឹងរឿងទេ ចាំមើលបងត្រឡប់ទៅវិញ»។

អ្នកសម្របសម្រួលសមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​​អាដហុក​ប្រចាំ​ខេត្ត​ព្រះ​វិហារ លោក សាំ ស៊ី​ឃ្លីន ដែល​ឃ្លាំមើ​ល​ករណី​នេះ​​ផ្ទាល់ បាន​លើក​ឡើង​ថា បញ្ហា​ជម្លោះ​ដីធ្លី​នេះ បាន​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​មក​​ហើយ ដូច្នេះអាជ្ញាធរពាក់ព័ន្ធ ជាពិសេស​អភិ​បាល​ខេត្ត​ព្រះ​វិហារ គួ​រ​តែ​ចេញ​មុខពន្លឿន​​ការ​ដោះស្រាយ​ជូនពលរដ្ឋឱ្យបាន​ឆាប់។

លោកបារម្ភថា បើអាជ្ញាធរពាក់ព័ន្ធ នៅតែ​ប​ណ្តែត​បណ្តោយ​មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​នេះ​ជូនពល​រដ្ឋ​រង​គ្រោះ​​ទេ នោះ​នឹងបង្កផលប៉ះពាល់ខ្លាំងដល់ជីវភាពពួកគាត់​ ព្រោះពលរដ្ឋ​​ភាគ​ច្រើន រស់​នៅ​ពឹង​អាស្រ័យ​លើ​ដី​ស្រែចម្ការ​នេះ សម្រាប់​បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវិត។

លោកថា៖ «ខ្ញុំគិតថា រឿងនេះ​អូសបន្លាយយូរហើយ អាជ្ញាធរ​ពាក់ព័ន្ធមិនគួរបណ្តែតបណ្តោយអីចឹងទេ ព្រោះ​បញ្ហាដីធ្លីនេះ បើគ្មានដំណោះស្រាយជូនពលរដ្ឋ​រងគ្រោះទេ វានឹងធ្វើឱ្យពលរដ្ឋប្រឈម​ជីវភាពខ្វះ​ខាត ព្រោះតាមខ្ញុំដឹងពលរដ្ឋភាគច្រើនរស់នៅពឹងអាស្រ័យដីស្រែចម្កានេះហើយសម្រាប់ចិញ្ចឹមជីវិត ដូច្នេះ​ខ្ញុំគិតថាបើអភិបាលខេត្តដឹង ឬទទួលបានញត្តិពលរដ្ឋហើយ គួរ​ចេញមុខដោះស្រាយជូនពួក​គាត់ទៅ»៕

អត្ថបទគួរឱ្យចាប់អារម្មណ៍