រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមានចាត់វិធានការច្បាប់តឹងរ៉ឹងថែមទៀត ចំពោះជនល្មើសកាប់ឈើក្នុងព្រៃអភិរក្ស ខណៈសង្គមស៊ីវិលសាទរចំពោះវិធានការនេះ តែចង់ឃើញមានការលុបបំបាត់អំពើពុករលួយនៅមូលដ្ឋាន និងបើកលំហរសេរីភាពចុះឱ្យសកម្មជនព្រៃឈើចុះល្បាតព្រៃឱ្យបានទូលំទូលាយ ដើម្បីការពារធនធានធម្មជាតិឱ្យមានប្រសិទ្ធិភាព។
តាមរយៈទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែមិនា បានផ្សព្វផ្សាយថា លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែងចំពោះអ្នកពាក់ព័ន្ធ និងបុគ្គល ដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងឈូសឆាយ កាប់រុករានយកដីព្រៃឈើខុសច្បាប់។
លោកបានជំរុញឱ្យមន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិ ត្រូវបន្តកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ ចុះពិនិត្យ និងទប់ស្កាត់បទល្មើស គ្រប់ប្រភេទនៅតាមតំបន់ការពារធម្មជាតិ។ លោកគូសបញ្ជាក់ថា បើមានការឃាត់ចាប់គ្រឿងចក្រ និងសម្ភារដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស គឺត្រូវរកអ្នកនៅពីក្រោយខ្នងនៃការជួល ឬប្រព្រឹត្តល្មើសធនធានធម្មជាតិ ឱ្យឃើញ ដើម្បីយកមកកាត់ទោសតាមច្បាប់។
លោកថ្លែងថា៖ «ការពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ជួយទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ មន្រ្តីក្រសួងបរិស្ថាន មានតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ជាតិ និងមាតុភូមិ មិនត្រូវប៉ះពាល់ដល់បទល្មើសធនធានធម្មជាតិ ដែលផ្ទុយនឹងច្បាប់នោះឡើយ»។
បើតាមក្រសួងបរិស្ថាន ការថ្លែងរបស់រដ្ឋមន្ត្រីរូបនេះ ធ្វើឡើងក្នុងកម្មវិធីបើកសិក្ខាសាលាផ្តល់សុពលភាព ស្តីពី «ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផលពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)នៅកម្ពុជា» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
យ៉ាងណា ប្រធានប្រតិបត្តិនៃសមាមបណ្តាញយុវជនកម្ពុជា(CYN) លោក ម៉ើ ចាន់ដារ៉ា មានប្រសាសន៍នៅថ្ងៃទី២៥ ខែមីនានេះថា សារព្រមាននេះ នឹងគ្មានប្រសិទ្ធភាពទេ បើក្រសួងមិនលុបបំបាត់អំពើពុករលួយតាមមូលដ្ឋាន ក្នុងតំបន់ព្រៃការពារឱ្យបានម៉ឺងម៉ាត់ទេនោះ។
មួយវិញទៀត លោកថា ក្រសួងគួរតែបញ្ឈប់ការរឹតត្បិតសេរីភាព និងដោះលែងសកម្មជនបរិស្ថានឱ្យមានសេរីភាព ដើម្បីឱ្យពួកគេចូលរួមឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ ទើបជាវិធានការមានប្រសិទ្ធភាព។
លោកថា៖ «បញ្ហាអំពើពុករលួយវានៅតែកើតមាន ខ្ញុំលើកឧទាហរណ៍ជាក់ស្តែង ទាក់ទងនឹងការដឹកឈើពីតំបន់ការពារធនធានធម្មជាតិ មកកាត់មន្ទីរបរិស្ថាននៅតាមបណ្តាខេត្ត។ ហើយការចាប់ខ្លួនសកម្មជនបរិស្ថាន សកម្មជនការពារសិទ្ធិមនុស្ស មិនមែនជារឿងមួយគួរគម្បីទេ ពួកគាត់ជាអ្នកអនុវត្តសិទ្ធិសម្រាប់ការពារព្រៃឈើ! គួរត្រូវបានគាំពារ ពួកគាត់ជាក្រុមមនុស្សដែលចុះយកព័ត៌មានដើម្បីចែករំលែក ការព្រួយបារម្ភរបស់សហគមន៍ទៅដល់ក្រសួងបរិស្ថាន»។
ចំណែក សកម្មជនការពារព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងខេត្តព្រះវិហារ លោក ខេម ឃី បង្ហាញការសាទរចំពោះសារព្រមានរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីការពារព្រៃឈើនៅពេលនេះ។តែលោកជំរុញឱ្យបើកលំហរសេរីភាពសកម្មជនចុះល្បាតព្រៃ ឱ្យបានទូលំទូលាយ ដើម្បីឱ្យសកម្មជនអាចចូលរួមការពារធនធានធម្មជាតិឱ្យបានគង់វង្ស។
លោកថា៖ «សូមឱ្យក្រសួងហ្នឹងបើកលំហរឱ្យមានសិទ្ធិសេរីភាពពេញលេញ ពិសេសបណ្តាញសហគមន៍ព្រៃឡង់ដែលជាអ្នកនៅនឹងមូលដ្ឋានផ្ទាល់ឱ្យគាត់មានសិទ្ធិ ចូលរួមល្បាតចូលរួមការពារឱ្យពេញលេញ មានការលើកទឹកចិត្តដល់ពួកគាត់ឱ្យបានច្បាស់លាស់។ សំណូមពរខ្ញុំចុងក្រោយ ខ្ញុំចង់ឱ្យតក្រសួងស៊ើបអង្កេត រឿងកន្លងមករបស់មន្រ្តីដែលពាក់ព័ន្ធនឹងក្រុមហ៊ុននៅជុំវិញនៅក្នុងខេត្តព្រះវិហារយើង តើក្រុមហ៊ុនណាដែលកាប់បំផ្លាញព្រៃឡង់ខ្លះ សុំឱ្យក្រសួងបង្រ្កាបអំពើពុករលួយហ្នឹង ចុះត្រួតពិនិត្យមន្រ្តី ដែលនៅក្នុងមូលដ្ឋានឱ្យបានតឹងរឹងផុត»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់ Press Start Cambodia នៅថ្ងៃទី ២៥ ខែមិនា នេះថា ក្រសួងមិនបានរឹតត្បឹតពលរដ្ឋមិនឱ្យចូលការការពារព្រៃឈើដូចការចោទប្រកាន់ទេ។
ផ្ទុយទៅវិញ លោកថា ក្រសួងបានខិតខំការពារព្រៃឈើ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិក្នុងតំបន់ព្រៃការពារផងដែរ។
លោកថា៖ «យើងគាំទ្រឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ។ កន្លងមកនេះ យើងឃើញមានការចូលរួមច្រើនទាំងអ្នកសារព័ត៌មាន ទាំងសកម្មជនក្នុងការរាយការណ៍ទាក់ទងទៅនឹងការប៉ះពាល់ទៅដល់ធនធានធម្មជាតិព្រៃឈើ។ យើងលើកទឹកចិត្តឱ្យមានការចូលរួមផ្តល់ព័ត៌មានបន្ថែមទៀត សម្រាប់អន្តរាគមន៍»។
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ អត្ថបទស៊ើបអង្កេតមួយរបស់ស្ថាប័នសារព័ត៌មានអន្តរជាតិ ម៉ុងហ្គាបេ (Mongabay) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចុះផ្សាយថា កម្ពុជាបាត់បង់ព្រៃឈើជាង ១សែន ២ម៉ឺនហិកតា (១២១ ០០០ហិកតា) ក្នុងតំបន់អភិរក្សដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២៣ ដោយសារអំពើពុករលួយ។
ប្រភពដដែល បន្តថា ទំហំព្រៃឈើដែលបាត់បង់នេះ គឺស្មើនឹងទំហំទីក្រុង ឡូសអែនជ័រលេស ( Los Angeles) មួយនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមទិន្នន័យថ្មីដែលចេញផ្សាយដោយសាកលវិទ្យាល័យ ម៉ារីឡែន (Maryland)។
អត្ថបទព័ត៌មានដដែលនោះ បានបន្ថែមទៀតថា ក្នុងចំណោមតំបន់ការពារទាំងអស់ក្នុងប្រទេសកម្ពុជា ដែនជម្រកសត្វព្រៃឡង់ បានបាត់បង់ព្រៃឈើខ្ពស់បំផុត ដោយបាត់បង់ព្រៃជាង ១ម៉ឺនហិកតា (១១ ៥០០ហិកតា) ទៀតក្នុងឆ្នាំ២០២៣៕

