ក្រសួងថា ថ្ងៃទី​១នៃការប្រឡងបាក់ឌុប បេក្ខជនជាង​​១ពាន់​​នាក់​​អវត្តមាន និងដកហូតគ្រឿងអេឡិច​ត្រូ​និក​​មួយ​ចំនួន​

ដោយៈ

Press Start Cambodia Avatar

កា​រប្រឡងសញ្ញបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែលចាប់ផ្តើមនៅថ្ងៃចន្ទ​នេះ បាន​​​ដំណើរការ​​ទៅដោយ​រលូន និង​របៀប​រៀប​រយល្អ ដោយមាន​បេក្ខជន​ចូលរួមកា​រ​ប្រឡង​​ជាង ១៥០ ០០០នាក់ ក្នុងនោះមានបេក្ខជន​ជាង ១៣០០​នាក់ បានអវត្តមាន ខណៈក្រសួង​អប់រំ ក៏បាន​​​ដកហូត​គ្រឿង​​​អេឡិចត្រូនិកហាមឃាត់បាន​មួយចំនួនពីបេក្ខជន​ និង​គណៈកម្មការ​ផងដែរ។

យោងតាមការ​​សរុបដំណើរការសំណេរ​នាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅលើទំព័រ​ហ្វេសប៊ុក​របស់ក្រសួង​អប់រំ នាល្ងាច​ថ្ងៃទី​១០ ខែ​សីហានេះ បាន​ឱ្យ​ដឹងថា ក្នុងឆ្នាំសិក្សា​២០២៥-២០២៦ បេក្ខជន​​​ដែលបាន​​ចុះ​ឈ្មោះ​ប្រឡង​សរុបមាន​​ចំនួន​ ១៥១ ២៣៨នាក់ និងមានមណ្ឌល​ប្រឡងចំនួន ២៤៤មណ្ឌលនៅទូទាំងប្រទេស ក្នុងនោះ​​ បេក្ខជនថ្នាក់​​វិទ្យាសាស្រ្ត មានចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង ៧៥,២៤%។  

ក្រសួងបន្តថា ​នៅថ្ងៃទី១នេះ មាន​បេក្ខជនអវត្តមានចំនួន ១ ៣១៤នាក់ ស្មើនឹង​០,៨៦ភាគរយ ខណៈ​បេក្ខជន​ដែល​មាន​បញ្ហា​សុខ​ភាពមាន ១២១​នាក់ ក្នុង​នោះ​បោះ​ប​ង់កា​រ​ប្រឡង​ចំនួន ១២នាក់ បេក្ខ​ជន​ប្រឡង​ដាច់​ដោយ​ឡែក ៥៤​នាក់ បេក្ខជន​មាន​ជំងឺ​គ្រុន​ឈាម​មាន​ចំនួន ៤១​នាក់ និង​គ្រោះ​ថ្នាក់​ចរាចរណ៍ ៧នាក់។

ក្រសួង​អប់រំ បានគូសបញ្ជាក់ថា៖ «ដំណើរការសំណេរនាថ្ងៃទី១នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណា​មួយ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។ ដំណើរ​ការ​សំណេរមាន​សភាព​ស្ងប់​ស្ងាត់ និង​របៀប​​រៀប​​រយ​ល្អ[…] បេក្ខជនបានគោរព​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង​ ព្រម​ទាំង​បាន​ប្រឹង​ប្រែង​ក្នុង​ការ​ធ្វើ​កិច្ច​ការ​តាម​សមត្ថ​ភាព​រៀងៗ​ខ្លួន»។

ទោះយ៉ាងណា នៅក្នុងដំណើរការសំណេរថ្ងៃទី១ ក្រសួង​ក៏​មាន​ការ​ដក​ហូត​គ្រឿង​អេឡិច​ត្រូនិក​ហាម​ឃាត់​ចំនួន ៨ករណី ដែល​ក្នុង​នោះមា​ន​វ៉ែន​តា​ឆ្លាត​វៃ​ភ្ជាប់​ទូរសព្ទ​ដៃ​មួយ​ករណី និង​នាឡិកា​ឆ្លាត​វៃ​ ៣ករណី ពីបេក្ខជន ព្រម​ទាំងនាឡិកាឆ្លាតវៃ ៤ករណី​ពីគណៈកម្មការ។

ក្រសួងអប់រំ នឹងចាត់វិធានការណ៍ចំពោះករណីទាំងនេះ តាមគោលការណ៍ជាធរមាន។ ក្រសួង​ក៏​បានក្រើន​រំលឹក​​ដល់​បេក្ខ​ជន​ប្រឡង​គ្រប់​រូប ត្រូវ​​គោរពតាមការណែនាំផ្សេងៗ​ទាក់ទងនឹងការហា​មឃាត់មិនឱ្យនាំចូលឧបករណ៍អេឡិកត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ឱ្យបានខ្ជាប់​ខ្ជួន។

Screenshot

រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បាន​ប្រសាសន៍​ក្នុង​សន្និ​សីទ​សារ​​ព័ត៌​មាន​នៅព្រឹក​ថ្ងៃចន្ទ​នេះដែរ​​​​ថា បរិយាកាសនៃការ​​​ប្រឡង​មធ្យមសិក្សា​​ទុតិយភូមិ ឬ​បាក់ឌុបឆ្នាំនេះ មានភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន ដោយ​​​​សារ​​ឆ្នាំ​មុន​​មាន​ការ​ឈ្លាន​ពាន​ពីយោធាថៃ ប៉ះពាល់ដល់កា​រសិក្សា​របស់សិស្ស​នៅតាម​ខេត្ត​​ជាប់​ព្រំដែន ​ហើយ​និងមាន​ការបង្ហោះសារ​​ជាច្រើននៅ​លើបណ្តាញ​សង្គម​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទឹក​ចិត្ត​របស់​បេក្ខជន។

លោកថា៖ «ការ​ប្រឡង​ឆ្នាំនេះ គឺ​ល្អប្រសើរជាង​ឆ្នាំមុន ដោយសារ​ឆ្នាំ​មុន គឺទាំង​សិស្ស​ក៏ប៉ះពាល់​​ដោយសារ​ការ​ឈ្លាន​ពាន​របស់​យោធាថៃ​ មក​លើបូរណភាពទឹកដី និង​អធិបតេយ្យភាពកម្ពុជា»។

លោក​រដ្ឋមន្ត្រី​ ក៏​បាន​បញ្ជាក់​​​ដែរថា ឆ្នាំនេះ ក្រសួង​​ក៏បាន​អញ្ជើញអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​ចូលរួមគ្រប់នីតិវិធី និង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ចាត់​​វិធានការ​តឹង​រឹងចំពោះ​​​​ការ​រំលោភ​ច្បាប់ និង​គោល​ការណ៍​​ផ្សេងៗ​នៃ​ការ​ប្រឡង ដើម្បីធានា​នូវ​សុក្រឹត្យភាព​។

បេក្ខជន​​ប្រឡង​​សញ្ញាបត្រធម្យ​មសិក្សា​​​ទុតិយភូមិ លោក​ ផន សុវណ្ណរស្មី មាន​វ័យ ២០ឆ្នាំ ជា​សិស្ស​វិទ្យា​សាស្ដ្រ​សង្គម​​មក​ពី​វិទ្យា​ល័យ​ហ៊ុន​សែន ប៊ុន​រ៉ានី ច្បារ​អំពៅ និងមាន​មណ្ឌល​ប្រឡង​នៅ​វិទ្យាល័យ​ជាស៊ីម​ បឹង​កេងកង បាន​និយាយ​ថា គាត់​មិនមានការភិត​ភ័យ​នោះ​ទេ​នៅថ្ងៃទី​១នៃ​​ការ​​ប្រឡង​នេះ ដោយសារ​មានការ​ផ្តល់កម្លាំង​ចិត្ត​ពីឪពុកម្តាយ និង​​ធ្វើ​កិច្ចការ​​​បាន​ច្រើន។

បើទោះជាកំពុងប្រឡងបាក់ឌុប ប៉ុន្តែ​យុវជន​រូបនេះ បានគិត​រួចជាស្រេច​​ហើយ​ពីមុខ​វិជ្ជាដែលត្រូវ​​រៀន​​​ បន្ទាប់​​ពីការ​ប្រឡងចប់​។

យុវជនរូបនេះនិយាយថា៖ «​ខ្ញុំចង់រៀនគ្រប់គ្រងផង Business​ផង ព្រោះខ្ញុំមានគំនិតចង់ចេះរកស៊ី ស្រុកខ្មែរUpdate អ្វីថ្មីៗ» ។

ស្រដៀងគ្នានេះដែរ យុវតី មុត ស្រីពេជ្រ មកពីវិទ្យាល័យព្រែកថ្មី បាននិយាយថា កញ្ញា​បាន​​ត្រៀម និងខិត​ខំរៀន​​ចាប់តាំងពីពាក់កណ្តាល​ឆ្នាំសិក្សាមក ដោយសង្ឃឹមថា នឹងបានប្រឡង​ជាប់ ហើយមានគម្រោង​​​បន្តសិក្សា​ផ្នែកទេសច​រណ៍។

យុវតីរូបនេះ និយាយថា៖ «មានអារម្មណ៍ថារំភើប ព្រោះបានបញ្ចប់ទី១២ ហើយបើបានលទ្ធផល​ល្អ គ្រួសារគាត់​នឹងរំភើបហើយសប្បាយចិត្តជាមួយយើង»។

Screenshot

សម្រាប់​ឆ្នាំ​នេះ ហាក់​មិន​ខុស​ពី​ឆ្នាំ​មុនៗ​​នោះ​ទេ នា​ព្រឹក​ព្រលឹម​ស្រាង​ៗ គេសង្កេត​ឃើញ​អាណា​​​​​ព្យាបាល​​សិស្សរាប់​រយនាក់ បានមក​​ឈរត្រៀប​ត្រា​​​នៅ​​តាមរបងនៃ​មណ្ឌលប្រឡង​នានា​ ដើម្បី​​រង​ចាំ​​ ​និង​លើកទឹកចិត្ត​កូន​ៗរបស់​ពួកគាត់។  

អ្នកស្រី ស៊ុន រ៉ាម៉ាលី អាយុ ៤៩​ឆ្នាំ រស់នៅខណ្ឌ​ច្បារ​​អំពៅ រាជធានីភ្នំពេញ ​បាន​ប្រាប់ Press Start Cambodia ថា នេះ​ជា​លើក​ទី១​ហើយ ដែល​អ្នក​ស្រីម​ក​លើក​ទឹក​ចិត្ត​កូនៗចំនួន​ ២នាក់ ដល់​​កន្លែង​ប្រឡង​បែប​នេះ។ អ្នក​ស្រី​រំពឹង​ថា កូនៗ​របស់​គាត់នឹង​​ទទួលបានបាននិទ្ទេសល្អ ដោយ​​សារ​​តែ​កូនៗ​​​បានខិតខំរៀនសូត្រតាំងពីដើម​ឆ្នាំ​មក។

អ្នកស្រី​និយាយ​ថា៖ «សង្ឃឹម​ថា កូនៗ​ទាំង​ពីរ​ធ្វើបា​ន​ល្អ ហើយ​ក្នុង​នាម​ជា​ម្ដាយ​ក៏​សូម​ជូន​ពរ​ឲ្យ​កូន​ប្រុស​ខ្ញុំ​ទាំង​ពីរ​នាក់ ឲ្យ​គាត់​ប្រឡង​បាន​ល្អ ទោះ​បី​និទ្ទេស​អី​ក៏​ដោយ ឲ្យ​តែ​គាត់​ប្រឡង​បានល្អ ជូនពរ​គាត់​ឲ្យ​គាត់​រៀន​បាន​ល្អ»។

អណាព្យាបាល​បេក្ខជនប្រឡង​បាក់ឌុបមួយ​រូបទៀត ​លោក ពេជ្រ សុវណ្ណ អាយុ ៤៦ឆ្នាំ មកពីសង្កាត់​ព្រែកថ្មី រាជធានីភ្នំពេញ បានបង្ហាញ​​អារម្មណ៍​ភ័យ​អរនៅអំឡុង​ពេលឈររងចាំកូន នៅរបងមណ្ឌលប្រឡង វិទ្យាល័យ​ជាស៊ីម បឹងកេង​កង ដោយលោកថា នេះ​លើកទី១ដែលមកនៅលើក​ទឹកចិត្តកូនបែបនេះ។ លោក​បន្តថា នៅ​ពេល​​ប្រឡង​ចប់ ទោះជាបាន​លទ្ធផល​បែបណា​ ក៏លោក​នៅតែគាំទ្រ​ និងលើកទឹកចិត្ត​កូន ហើយ​ក្រោយពីប្រឡង​​ចប់​ បើទោះជាកូន​ចង់រៀនជំនាញ​អ្វី​ ក៏​លោក​តាមចិត្ត​របស់កូន​ដែរ។

លោកនិយាយថា៖ «ស៊ីសងលើគាត់ បើយើងបង្ខំក៏មិនកើត បើគាត់ចង់ទៅលិច យើងឲ្យទៅកើតក៏មិនល្អដែរ គាត់ចង់ទៅណាក៏តាមគាត់ទៅ»។

សូម​ជម្រាប​ថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោង​នឹង​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រមធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​២០២៦ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៦ តាម​មណ្ឌល​សំណេរ​នៃ​រាជធានី-ខេត្តទាំង​២៥ នៅ​ទូទាំង​ប្រទេស៕

អត្ថបទដោយ ធួន ស្រីពៅ និង​ ផាត់ ស័ក្កស៊ីន

អត្ថបទគួរឱ្យចាប់អារម្មណ៍