ក្រ​សួងសាធារណការអំពាវនាវឱ្យ​ស្ថាប័ន​ក្រោម​ឱ​វាទ​សន្សំសំចៃថាមពលអគ្គិសនី និងប្រេងឥន្ធនៈ

ក្រ​សួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំឱ្យមន្ត្រី និងអង្គភាព​ពាក់​ព័ន្ធក្រោម​ឱវាទ​ទាំង​អស់​ ចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ធនៈ ដើម្បីឆ្លើយតបនឹងវិបត្តិផ្គត់ផ្គង់ និងការកើ​ន​ឡើង​តម្លៃ​ប្រេង​ឥន្ធនៈនៅលើ​ពិភ​ព​លោក​។​

សេចក្តីណែនាំចុះ​ថ្ងៃទី១៨ ខែមីនា នេះ ត្រូវបានធ្វើ​ឡើង​ក្នុងគោលបំណងរួមចំ​ណែក​ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាព និង​កាត់​បន្ថយការចំណាយមិនចាំបាច់។

ក្នុងនោះ ក្រសួងបានណែនាំឱ្យកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់នៅត្រឹម ឬលើសពី ២៥អង្សាសេ និងជៀសវាងការប្រើប្រាស់លើសពី​តម្រូវការ។ ព្រមទាំង​ត្រូវបិទអំពូលភ្លើង និងឧបករណ៍អគ្គិសនីទាំងអស់ នៅពេលមិនប្រើប្រាស់ ឬក្រោយម៉ោងការងារ។ លើសពីនេះ ក្រសួងលើកទឹកចិត្តក្នុងការប្រើប្រាស់ពន្លឺព្រះអាទិត្យ​  ដើម្បីកាត់បន្ថយការប្រើប្រាស់អំពូលភ្លើង។

ចំពោះប្រេងឥន្ធនៈ ក្រសួងបានណែនាំឱ្យកាត់បន្ថយបេសកកម្មមិនចាំបាច់ និងលើកទឹកចិត្តឱ្យប្រើប្រាស់ប្រព័ន្ធប្រជុំតាមវីដេអូពីចម្ងាយ ជំនួសការចូល​រួម​ដោយ​ផ្ទាល់​ធ្វើដំណើរទៅកាន់ខេត្តឆ្ងាយៗ។
ការចេញសេចក្តីណែនាំនេះ កើតឡើងក្នុងពេលដែលតម្លៃប្រេងឥន្ធនៈនៅកម្ពុជា កំពុងមានការកើនឡើង ដោយគិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ តម្លៃសាំង​ធម្មតា មានតម្លៃ ៥.៥០០រៀលក្នុងមួយលីត្រ ខណៈម៉ាស៊ូតឡើងដល់ ៦.៥៥០រៀលក្នុងមួយលីត្រ។

តាមរយៈអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម  លោក ប៉ែន សុវិជាតិ បានបញ្ជាក់កាលពីថ្ងៃទី១៧ មីនា ថា តម្លៃប្រេងសាំងនៅកម្ពុជា នឹងមិនអាចហក់ឡើងដល់ ៨ពាន់រៀនក្នុង ១លីត្រដូចកាលពីប៉ុន្មានឆ្នាំមុនឡើយ។ ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រេងឥន្ធនៈដោយមានការសន្សំសំចៃ និងកាត់បន្ថយការធ្វើដំណើរឆ្ងាយ ដែលមិនចាំបាច់៕

អត្ថបទគួរឱ្យចាប់អារម្មណ៍