ក្រសួងរ៉ែ អនុម័តថ​វិកា​ជាង ៥លាន​​ដុល្លារ សម្រាប់អភិវឌ្ឍន៍​សហគមន៍មូលដ្ឋាន​ឆ្នាំ​២០២៦

ដោយៈ

Press Start Cambodia Avatar

ក្រសួងរ៉ែ និងថាមពល បាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​មូល​និធិ​ ដែល​មាន​ថវិកា​សរុប​ប្រមាណជាង ៥លាន​​​ដុល្លារ​ នៅ​តាមបណ្ដាលឃុំ​​ចំនួន៤៦ ក្នុងខេត្តចំនួន១០ តាម​រយៈ​ការ​ស្នើ​សុំ​គម្រោង​អភិវឌ្ឍន៍​​​សហគមន៍មូលដ្ឋាន​​​ពីរដ្ឋបាលឃុំ-សង្កាត់។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង​ថាមពល ចុះថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០២៦ ស្តីពី​ការ​អនុវត្ត​គម្រោង​​មូល​និធិ​រ៉ែ​ទ្រទ្រង់​កិច្ច​អភិវឌ្ឍន៍​សហគមន៍​មូល​ដ្ឋាន​ឆ្នាំ​២០២៦ បានលើក​ឡើង​ថា សម្រាប់​ឆ្នាំ​២០២៦នេះ ក្រសួង​បាន​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​មូលនិធិ​លើ​គម្រោង​ចំនួន៤៨ មាន​ថវិកា​​​សរុបចំនួនជាង ៥លាន​ដុល្លារ​ (៥ ៦៩៥ ៥៦៧,២៨ដុល្លារ​) តាម​បណ្តា​ឃុំ​ចំនួន ៤៦ ក្នុង​ខេត្ត​​ចំនួន​១០ រួមមាន​ តាកែវ​ កំពត កណ្តាល ព្រៃវែង កំពង់ស្ពឺ​ កំពង់ចាម កោះកុង ក្រចេះ ព្រះវិហារ និង​បន្ទាយ​មាន​ជ័យ។

ក្រសួងថា៖ «មូលនិធិរ៉ែ ត្រូ​វបាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​តំបន់សហគមន៍​មូលដ្ឋាន ដែល​មាន​ការ​ដ្ឋាន​រ៉ែ​ស្ថិត​នៅ និង​អាច​ប្រើប្រាស់​បាន​ក្នុង​តំបន់​ជិត​ខាង​នៃ​ការ​ដ្ឋាន​រ៉ែនេះ តាមរយៈការ​ស្នើ​សុំ​ដោយ​ផ្ទាល់ ពីរដ្ឋបាល​ឃុំ​-សង្កាត់​​ដែលមានការ​ដ្ឋាន​រ៉ែស្ថិតនៅ»។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង​ថាមពល​ ក៏​បាន​​បញ្ជាក់ដែរ​ថា ការធ្វើ​អាជីវកម្មរ៉ែ ក្រុម​ហ៊ុន អាជីវករ ទាំងអស់​ត្រូវ​មានកាតព្វកិច្ចបង់ជូនរដ្ឋនូវ​សួយ​សារ​រ៉ែ និង​កាតព្វ​​កិច្ច​ហិរញ្ញ​វត្ថុ​​ផ្សេង​ទៀត តាមការកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ បន្ថែម​លើ​កាតព្វ​កិច្ច​នេះ ក្រុម​ហ៊ុន អាជីវករ ត្រូវ​បង់​នូវ​មូល​និធិ​រ៉ែ​ទ្រទ្រង់​កិច្ច​អភិវឌ្ឍន៍​សហគមន៍​មូល​ដ្ឋាន ដែល​ក្រសួង​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៥​ ក្នុង​គោល​បំណង​រួម​ចំណែក​ជួយ​ដល់​មូល​ដ្ឋាន​ឃុំ-សង្កាត់​ ក្នុង​ការ​អភិវឌ្ឍឃុំ-សង្កាត់ ដែល​មាន​ការ​ដ្ឋាន​រ៉ែ​ស្ថិត​នៅ។

ក្រសួង​បន្តថា ថវិកា​ដែល​បង់​ចូល​មូល​និធិ​នេះ សមា​មាត្រ ទៅ​នឹង​ទំហំ​ផលិត​កម្ម​រ៉ែ​ដែល​ក្រុម​ហ៊ុន អាជីវករ​បាន​ធ្វើអាជីវ​កម្ម​រ៉ែ ដែលជា​ការ​​​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​សហគមន៍​មូល​ដ្ឋាន​ តាម​រយៈ​ការ​ជួយ​សាង​សង់​ផ្លូវ សាលា​រៀន អណ្តូង​ទឹក​។ល។ នៅក្នុង​ឃុំ​-សង្កាត់​ដែល​​ ការ​ដ្ឋាន​រ៉ែ​បាន​ស្ថិត​នៅ។

តាមប្រភពដដែលនេះ គិតចាប់តាំងពីឆ្នាំ២០១៥ មកដល់ឆ្នាំ២០២៥ ក្រសួង​បាន​​អនុម័តឱ្យ​ប្រើ​ប្រាស់​មូល​និធិ​លើគម្រោងចំនួន១៤៤ មានថវិកាសរុបជិត ១០លាន​ដុល្លារ (៩ ៧១២ ៨៨០,៤៤ ដុល្លារ)៕

អត្ថបទដោយ៖ ដោក សុវណ្ណវឌ្ឍនា