ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនដំណឹងដល់ម្ចាស់ឬសហគ្រាស ក្រុមហ៊ុន រោងចក្រ អនុញ្ញាតឲ្យកម្មករនិយោជិតរបស់ខ្លួនបានឈប់សម្រាកដោយមានប្រាក់ឈ្មួលនាឳកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។
យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រសួងការបានសម្រេចឲ្យនិយោជិតឈប់សម្រាករយៈពេល៣ថ្ងៃ គឺថ្ងៃទី៤ ៥ ៦ ខែវិចិ្ឆកា ឆ្នាំ២០២៥ និងណែនាំឱ្យម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួល ខែតុលា ឲ្យកម្មករនិយោជិតមុនថ្ងៃឈប់សម្រាក។
ក្រសួងការងារបានបញ្ជាក់បន្ថែមថា ចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងឡាយណា ដែលមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន បើការឈប់សម្រាករបស់និយោជិតនាំឲ្យខូចប្រយោជន៍សាធារណជន ឬធ្វើឲ្យខូចដំណើរការរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវធ្វើការរៀបចំបែងចែកឲ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃដោយមានការប្ដូរវេនគ្នាវិញ។
បើយោងតាមសារាចររបស់រដ្ឋាភិបាលកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ប៉ុន្តែអនុញ្ញាតឱ្យមានការរៀបចំនៅតាមបណ្ដាខេត្តនានា និងឲ្យមន្ត្រីរាជការ និយោជិត កម្មករមានការឈប់សម្រាកផងដែរ៕

