មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំដល់គ្រប់អង្គភាពក្រោមឱវាទ របស់ក្រសួង ពង្រឹងការផ្សព្វផ្សាយ និងបង្កើនការត្រួតពិនិត្យការអនុវត្តវិធានការហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិក (បារីអេឡិចត្រូនិក) នៅគ្រឹះស្ថានធីវេត សហគ្រាស ក្រុមហ៊ុន និងរោងចក្រ សំដៅចូលរួមការពារសុខភាពសាធារណៈ។
ការណែនាំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពី «ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់» នាពេលថ្មីៗនេះ នៅទីស្តីការក្រសួងការងារ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិក និងសារធារតុគីមីសម្រាប់ជក់ និងពិភាក្សាអំពីវិធានការបង្ការទប់ស្កាត់ការប្រើប្រាស់ផលិតផលទាំងនេះ សំដៅលើកកម្ពស់សុខុមាលភាពសិក្ខាកាម សិស្ស និសិត្ស នៅតាមគ្រឹះស្ថានធីវេត និងកម្មករនិយោជិតនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទក្រសួងទាំងអស់។ នេះបើតាមការផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងការងារ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនោះ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី សុវណ្ណ វណ្ណារតន៍ មានប្រសាសន៍ថា កន្លងមក ក្រសួងបានសហការជាមួយក្រសួងសុខាភិបាល ផ្សព្វផ្សាយពីការបង្ការ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ គ្រឿងស្រវឹង គ្រឿងញៀន និងជំងឺមិនឆ្លង ព្រមទាំងជំរុញឱ្យកម្មករនិយោជិត អនុវត្តទម្លាក់រស់នៅប្រកបដោយសុខភាពល្អ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង។ ជាមួយគ្នានេះ ក្រសួង ក៏បានបន្តអនុវត្តវិធានការលើកកម្ពស់សុខុមាលភាពសិស្ស និស្សិត សិក្ខាកាម គ្រឹះស្ថានធីវេត (TVET) និងកម្មករនិយោជិត នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ តាមរយៈគោលនយោបាយជាតិស្ដីពីសុខភាពសិក្សា និងសេចក្ដីណែនាំនានា និងការផ្សព្វផ្សាយជាបន្តបន្ទាប់។
យ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះ បានណែនាំ ដល់មន្ត្រីរបស់ខ្លួនបន្តពង្រឹងការផ្សព្វផ្សាយបន្ថែមទៀត ព្រមទាំងបង្កើនការត្រួតពិនិត្យការអនុវត្តវិធានការហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ នៅតាមគ្រប់អង្គភាពក្រោមឱវាទក្រសួង គ្រឹះស្ថានធីវេត និងសហគ្រាស ក្រុមហ៊ុន រោងចក្រ សំដៅចូលរួមការពារសុខភាពសាធារណៈ ដែលជាមូលដ្ឋានសំខាន់នៃការអភិវឌ្ឍប្រទេស។
ក្រៅពីក្រសួងការងារ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ និងជាបន្តបន្ទាប់មក ក្រសួងអប់រំ យុវជន និងកីឡា ក៏ធ្លាប់ចេញសេចក្តីណែនាំពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក និងផលិតផលថ្នាក់ជក់នានា ព្រមទាំងបានហាមឃាត់ការប្រើប្រាស់ក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈផងដែរ។
ក្រសួងបានបញ្ជាក់ថា បារីអេឡិចត្រូនិក មិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ ប៉ុន្តែជាផលិតផលដែលមានផលប៉ះពាល់ដល់សង្គម ក្រុមគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជា បង្កជាជំងឺមហារីក ជំងឺសួត បង្កើនហានិភ័យជំងឺ បេះដូង ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ ខួរក្បាលរបស់កុមារនិងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយ។
ចំណែក ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ ធ្លាប់មានប្រសាសន៍ថា ថ្នាំជក់បានសម្លាប់មនុស្សប្រមាណជា ១៥ ០០០នាក់ ជារៀងរាល់ឆ្នាំ នៅកម្ពុជា៕
អត្ថបទដោយ៖ ដោក សុវណ្ណវឌ្ឍនា

