ក្រ​សួង​សុ​ខា​ភិ​បាល​​ក្រើន​រំលឹក​​​ពលរដ្ឋ​​ពី​ការ​បង្ការ​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា​

ដោយៈ

Press Start Cambodia Avatar

ក្រសួង​សុខាភិ​បាល​​ បាន​​​ណែនាំ​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​​​ ពី​ការ​បង្ការ​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា ខណៈ​ឥទ្ធិ​ពល​នៃ​បាតុ​ភូត​កើន​កម្ដៅ (EI Niño) អាច​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​ចំនួន​មូស​ខ្លា​ និង​ជំងឺ​គ្រុន​ឈាម។

សេចក្តីណែនាំក្រើនរំលឹក​របស់ក្រសួង​សុខាភិបាល​ ចុះ​ថ្ងៃទី​០៨ ខែ​កក្កដា ឆ្នាំ​២០២៦ បាន​លើក​ឡើ​ង​ថា ក្នុងអំឡុង​រដូវ​វស្សា​ ជាទូទៅ​មានការ​កើនឡើង​វត្ថុ​ដក់ទឹក​ដែល​ជាកន្លែង​បង្ក​បង្កើត​កូនចៅ​មូសខ្លា ហើយ​ស្រប​ពេលគ្នាដែរ​ ប្រទេស​កម្ពុជា ​កំពុ​ងទទួល​ឥទ្ធិពល​នៃ​បាតុភូត​កើន​កម្ដៅ (EI Niño) ដែលស្ថានភាព​នេះ អាច​ធ្វើ​ឱ្យ​មានការ​កើន​ឡើង​ចំនួន​មូស​ខ្លា និង​ជំងឺ​គ្រុន​ឈាម ដែល​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​យ៉ាង​សកកម្ម​ពី​បុគ្គល​ម្នាក់​ៗ គ្រួសារ និង​សហគមន៍។

បើតាម​ការសិក្សា​​ស្រាវជ្រាវរបស់ក្រសួង សត្វ​មូសខ្លា​ចូលចិត្ត​រស់​នៅ​កន្លែង​ទឹក​ដក់ ដូចជា សំបក​កង់​ឡាន/កង់​ម៉ូតូទុក​ចោល​ពាសវាល​ពាស​កាល ត្រឡោក​ដូង កែវ ចាន​ជ័រ/ស្នោរ ក្រឡ​ដែល​បោះបង់​ចោល ពាង អាង​ ធុង​ដាក់ទឹក​ ទឹកថូផ្កា ចាទ្រ​ជើង​តុ និងពែង​ជា​ដើម។ សត្វ​មូសខ្លា​ចូលរួម​សំងំលាក់ខ្លួន​នៅក្នុង​ទីកន្លែង​ងងឹតៗ ឬ​មិនសូវ​មាន​ពន្លឺថ្ងៃចូល​ដល់។

ការណ៍នេះ ក្រសួង​សុខាភិបាល ​ក្រើនរំលឹកដល់ប្រជាពលរដ្ឋ និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ ចូល​​រួ​ម​ចលនា​កាត់​បន្ថយ តាម​ដាន និង​ទប់​ស្កាត់​ការ​កកើត​សត្វ​មូស ដោយ​អនុវត្ត​នូវ​វិធាន​ការ​មួយចំនួន​។ វិធានការ​ទាំងនោះ មាន​ដូចជា សម្អាត​បរិវេណ​ជុំវិញ​ផ្ទះ ការ​ដ្ឋាន​សំណង់ និងតាមបណ្តាទីផ្សារ​​ដោយ​លុបបំបាត់​វត្ថុ​ដក់ទឹក, ស្លៀក​ពាក់​ខោជើ​ង​វែង​អាវ​ដៃ​វែង, ប្រើ​ថ្នាំ​ការ​ពារ​មូស​ ដែល​ថ្នាំ​នេះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​អាច​ប្រើ​បាន​ដោយ​មាន​សុវត្ថិ​ភាព​ និង​សម្រាន្ត​ក្នុង​មុង​ទាំង​​ថ្ងៃ និង​យប់ ដើម្បី​ការ​ពារ​ការ​ខាំ​ពី​មូស​ជា​ដើម។

ក្រសួងបន្តថា ប្រសិនបើប្រជាពលរដ្ឋដែលមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំង​​ភ្លាមៗ ចាប់​ពី ៣៩ ទៅ ៤០ អង្សា​សេ ត្រូវ​ប្រញាប់​ទៅ​ពិនិត្យ​និង​ព្យាបាល​ជា​បន្ទាន់​នៅ​មណ្ឌល​សុខ​ភាព​ ក្នុង​រយៈ​ពេល ៤៨ ម៉ោង​យ៉ាង​តិច។

ជាមួយគ្នានេះ​​ ក្រសួង​សុខា​ភិបាល ក៏​បាន​ណែនាំ​ដល់​មន្ទីរសុខាភិបាលរាជធានី​-ខេត្ត​​ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់​ព័ន្ធ ចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​សំណង់ ​ជំរុញ​ការ​អនុ​វត្ត​​ការ​ងារ​កាត់​បន្ថយ និង​ទប់ស្កាត់​ការ​កកើត​មូស​​ក្នុង​មូលដ្ឋានរបស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ចូលរួម​កាត់​បន្ថយ​​អត្រា​ឈឺ និង​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម។ កាលពីពេល​​ថ្មីៗនេះ ក្រសួង​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​គ្រុន​ឈាម​ជិត ៦០០ នាក់​ នៅ​ស្រុក​កោះ​​ធំ ខេត្​ត​កណ្តាល គិត​ចាប់​ពី​ថ្ងៃទី​១៦ ខែ​មិថុនា ដល់​ថ្ងៃទី០៤ ខែ​កក្កដា ឆ្នាំ​២០២៦ ក្នុង​នោះ​មាន​អ្នកជំងឺ​ធ្ងន់​ ៦នាក់ ត្រូ​វបាន​បញ្ជូន​ទៅមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​គ្មានករណីស្លាប់​នោះទេ៕

អត្ថបទដោយ៖ ដោក សុវណ្ណវឌ្ឍនា

អត្ថបទគួរឱ្យចាប់អារម្មណ៍