ក្រ​សួង​បរិ​ស្ថាន​បង្ក្រា​ប​បទ​ល្មើ​ស​ធន​ធាន​ធម្ម​ជាតិ​បាន​​៥៥១​​ករ​ណី​​​​រយៈ​​​​ពេល​​​បី​​ខែ​​ដំ​​​បូង​​ នៃ​​ឆ្នាំ​​​២០​​២៦​​​

ក្រសួង​បរិស្ថាន​បានចុះ​ល្បាត​ជាង ​៣០០​០​លើក​ ដោយ​​​បង្ក្រាបប​ទ​ល្មើស​ធនធាន​ធម្មជាតិបាន​​ ៥៥១ករណី​ និង​បញ្ជូន​សំណុំរឿង៤៧​ករណីរួម​ទាំង​ជនសង្ស័យ​ ២៩នាក់ទៅ​តុលាការក្នុង​រយៈ​ពេល​បីខែ​ដំបូង ​នៃឆ្នាំ​​២០​២៦​​។​

យោង​តាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​កាល​ពីថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៦​ បាន​ឱ្យ​ដឹង​ថា ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ មន្ត្រី​ជំនាញ​ នៃក្រសួង​បរិស្ថា​ន​​បាន​ចុះ​ល្បាត​ចំនួន​ ៣០២១​លើក ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​​ចំនួន ៥៥១​ករណី​ គឺថយ​ចុះ​១៥៩​ករណី ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ ក្នុង​ឆ្នាំ​២០​​២៥​។​

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា ក្នុងចំណោម​បទ​ល្មើស​ ដែលបង្ក្រាបបាន​ក្នុងត្រីមាស​ទី​១ នៃឆ្នាំ​២០២៦​នេះ មាន​បទល្មើស​ព្រៃឈើ​ចំនួន១៦៤ករណី បទល្មើស​សត្វព្រៃ​ចំនួន​១៥៣ករណី បទល្មើស​ដីធ្លីមាន​ចំនួន​ ១៤៩ករណី បទល្មើស​នេសាទ ចំនួន​៧៨ករណី។ ក្រសួង​បន្តថា មន្ត្រីនគរបាល​យុត្តិធម៌ នៃក្រសួង​បរិស្ថាន​បាន​រៀបចំ​កំណត់​ហេតុ​បទល្មើស​ចំនួន​២៧៦​ករណី ដោយ​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំនួន​៤៧​ករណី​និងជនសង្ស័យ​ចំនួន​២៩នាក់។​​

ក្រសួង​បរិស្ថាន​បន្ថែមទៀតថា ក្រៅពី​កសាងសំណុំរឿង​បញ្ជូនទៅ​តុលាការ មន្ត្រីជំនាញ​ក៏បាន​ប្រមូល​វត្ថុតា​ង​បទល្មើស​មួយចំនួន​ធំ​រួម​មាន​ អេស្កាចំនួន​២គ្រឿង អាំងវើត​ទ័រចំនួន​៣១គ្រឿង​ ត្រាក់ទ័រចំនួន​ ២គ្រឿង​ អាវុធចំនួន​ ៤​ដើម​ រថយន្តចំនួន​​ ៤គ្រឿង រថយន្ត​កែច្នៃចំនួន​ ២គ្រឿង អាវុធ​ច្នៃចំនួន​៥៧ដើម​ គោយន្ត​ចំនួន​១២គ្រឿង រណារយន្តចំនួន​១២៦គ្រឿង​ រួម​ទាំង​វត្ថុ​តាង​ផ្សេងៗទៀត៕

អត្ថបទគួរឱ្យចាប់អារម្មណ៍