ក្រសួងបរិស្ថាន សម្រេចហាមឃាត់ការចាកសំរាមនៅទីតាំងចាក់សំរាមសំណល់រឹងឧហ្សាកម្មមួយកន្លែង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីសំណល់រាវបានហូរចូលអូរធម្មជាតិ បង្កផលប៉ះពាល់ដល់បរិស្ថាន និងបណ្តាលឱ្យត្រីងាប់។
តាមការពិនិត្យជាក់ស្តែងកាលពីថ្ងៃទី៥ ខែកក្កដា ក្រុមការងារអធិការកិច្ច នៃក្រសួងបរិស្ថាន និងមានការចូលរួមពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ រដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបាលឃុំ បានរកឃើញថា ទីតាំងចាក់សំរាមសំណល់រឹងឧស្សាហកម្ម ដែលប្រតិបត្តិដោយក្រុមហ៊ុន Mi Ner Va Investment Co., Ltd មិនបានរៀបចំសមស្របតាមលក្ខណៈបច្ចេកទេសបរិស្ថានទេ។ នេះបើតាមសេចក្តីរាយការណ៍របស់ក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
ក្រសួងបរិស្ថានបន្តថា សំណល់រាវបានហូរចេញពីទីតាំងចាក់សំរាមនេះ ចូលទៅក្នុងអូរធម្មជាតិនិងមូលហេតុដែលបណ្តាលឱ្យត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋងាប់។
យោងតាមក្រសួងបរិស្ថាន ឱ្យដឹងទៀតថា មន្ត្រីជំនាញរបស់ក្រសួង បានសហការជាមួយរដ្ឋបាលស្រុកស្ទឹងហាវ ចាត់វិធានការបញ្ឈប់ការចាក់សំណល់គ្រប់ប្រភេទនៅតាំងខាងលើចាប់ពីពេលនេះតទៅ ដោយត្រូវបង្វែរទៅចាក់នៅទីតាំងផ្សេងវិញ ដែលមានការអនុញ្ញាតត្រឹមត្រូវ។
ក្រៅពីការហាមឃាត់នេះ ក្រុមការងាររបស់ក្រសួង បានបន្តអនុវត្តវិធានការច្បាប់ ដោយពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន Mi Ner Va Investment Co., Ltd និងតម្រូវឱ្យផ្តល់សំណងការខូចខាតដោយផ្ទាល់ និងដោយប្រយោល រួមទាំងការស្តារបរិស្ថានឡើងវិញ៕
អត្ថបទដោយ៖ ជា ចិន

