ក្រសួង​បរិស្ថានធ្វើ​យុទ្ធនាការ​«ពន្លក​បៃតង»​ ដោយ​គ្រោង​ចែក​កូនឈើ​ ៥លាន​ដើមដល់ពលរដ្ឋយកទៅដាំ​ ដើម្បី​ពង្រីក​គម្រប​បៃតង ​

ដោយៈ

Press Start Cambodia Avatar

ក្រសួង​បរិស្ថាន គ្រោង​ចែក​កូន​ឈើ​ប្រណិត ឈើ​ហូប​ផ្លែ និង​កូន​ត្នោតចំនួន ៥លាន​ដើម ដល់​ប្រជាពលរដ្ឋយក​ទៅ​ដាំ ដោយ​ឥតគិត​ថ្លៃ ​ក្នុង​យុទ្ធនាការ​ «ពន្លក​បៃតង» ចាប់​ពី​ថ្ងៃ​ទី​១០ ស្អែកនេះ ដល់​ថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ​២០២៦​នេះ នៅមុខ​ទីស្តីការ​ក្រសួង​បរិស្ថាន រាជធានីភ្នំពេញ ខណៈការ​ចែកកូន​ឈើ​នេះ ក៏ធ្វើ​ឡើង​ដើម្បី​ពង្រីកគម្រប​បៃ​តង ឆ្លើយ​តប​ទៅនឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ជា​សកល​ និងជា​ខែលការពារ​បរិស្ថាន​​ប្រកប​ដោយចីរភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

នៅក្នុងការផ្សព្វផ្សាយ​លើ​​​ទំព័រ​ហ្វេសប៊ុក​របស់ក្រសួងបរិស្ថាន នៅថ្ងៃទី០៨ខែ​កក្កដា បាន​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​២០២៦​​នេះ ក្រសួង​បាន​បណ្តុះ​កូន​ឈើ​បានជាង ៥លាន​៣សែន​ដើម នៅតាម​ថ្នាលបណ្តុះ​កូន​ឈើ​របស់​មន្ទីរ​បរិស្ថាន​​រាជ​ធានី-ខេត្ត ទូទាំង​ប្រទេស​ និង​ថ្នាល​បណ្តុះកូនឈើ​ថ្នាក់​តំបន់​ទាំង​៥ រួមមាន នៅខេត្ត​ត្បូង​ឃ្មុំ សៀម​រាប កំពង់ស្ពឺ មណ្ឌល​គិរី និង​កោះកុង។

ប្រភពដដែល​បន្តថា កូន​ឈើទាំង​នោះ ដែលរួម​មាន កូនឈើ​ប្រណិត ឈើ​ហូប​ផ្លែ និង​កូនត្នោត ត្រូវ​បាន​​ដឹក​ជញ្ជូន​មក​ពី​តាម​បណ្តា​ខេត្ត និង​ថ្នាល​បណ្តុះ​កូន​ឈើ​ថ្នាក់​តំបន់​ទាំង​៥ ​​មក​កាន់​ ​រាជ​ធានីភ្នំពេញ​ ដើម្បី​ត្រៀម​រៀប​ចំ​ក្នុង​ពិព័រណ៍ និង​ចែក​ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ ក្នុង​យុទ្ធនា​ការ «ពន្លក​បៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០ ស្អែក​នេះ ដល់​ថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០២៦។

បើតាមផែនការ​ដែលបានគ្រោង​ទុក ក្រសួងបរិស្ថាន​ថា នឹង​ចែក​កូន​ឈើ​ចំនួន ៥លាន​ដើម ជូន​ប្រជា​ពលរដ្ឋ​យក​ទៅ​ដាំ​តាម​​គេហ​ដ្ឋាន​ សាលា​រៀន វត្ត​អារាម និង​ទីសាធារណៈ​ក្នុ​ងប្រទេស​កម្ពុជា ​​​ដើម្បី​ពង្រីក​គម្រប​បៃតង ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ជា​សកល បង្កើត​ទ្រព្យ​សម្បត្តិ​ធម្ម​ជាតិ និង​ខែល​ការ​ពារ​បរិស្ថាន​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​ម្លប់​នៃ​ការ​​រស់​នៅ​ប្រកប​ដោយ​ចីរភាព​របស់​កូន​ចៅ​ជំនាន់ក្រោយ។

កាលពីឆ្នាំ​២០២៥ ក្នុង​យុទ្ធនាការ«ពន្លក​បៃតង» ក្រសួង​បរិស្ថាន​បាន​ចែក​កូន​ឈើប្រភេទ​ឈើ​​​ប្រណិត ឈើ​ហូបផ្លែ ឈើ​លម្អ និង​កូន​ត្នោត​ចំនួន ៣លាន​៤សែន​​ដើម ជូន​ដល់​ប្រជា​ពលរដ្ឋ​យក​ទៅដាំ​ ដោយ​ឥតគិត​ថ្លៃ​ ដែល​ចំនួន​នេះតិច​ជាង​ការ​ចែក​ក្នុង​​យុទ្ធនាការ​នៅ​ឆ្នាំ​២០២៦នេះជាង ១លាន​ដើម​៕

អត្ថបទដោយ៖ ជា ចិន

អត្ថបទគួរឱ្យចាប់អារម្មណ៍