ក្រសួងឣប់រំយុវជន និងកីឡាបានដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួនឲ្យទប់ស្កាត់ការប្រើប្រាស់បារីឣេឡិចត្រូនិច ឬផលិតផល ឣេចន៍ ធី ភី ក្នុងបរិវេណគ្រឹះស្ថានឣប់រំពាក់ព័ន្ធទាំងរដ្ឋនិងឯកជននៅទូទាំងរាជធានីខេត្ត ដើម្បីទប់ស្កាត់ផលប៉ះពាល់សុខភាព។
យោងតាមសេចក្ដីណែនាំ ចុះថ្ងៃទី២៩ ខែមេសា ២០២៦ ក្រសួងឣប់រំយុវជន និងកីឡាបានណែនាំដល់ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាយកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទីកន្លែងហាត់ប្រាណ និងកន្លែងកីឡាផ្សេងៗ ត្រូវរៀបចំផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីផលប៉ះពាល់នៃការប្រើប្រាស់ បារីអេឡិកត្រូវនិក និងផលិតផល អេចន៍ ធីភី ដល់បុគ្គលិកអប់រំ អ្នកសិក្សា អ្នកលេងកីឡានិងសាធារណជន។
ក្រសួងអប់រំក៏បានណែនាំផងដែរឱ្យហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ និងការផ្សាយពាណិជ្ជកម្មគ្រប់រូបភាព នៃបារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធីភី ទាំងក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សា អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡាក ទីន្លែងហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា។
សេចក្តីណែនាំរបស់ក្រសួងអប់រំក៏បានណែនាំឱ្យផ្នែកពាក់ព័ន្ធសហការជាមួយមាតាបិតា អាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមកំណត់មុខសញ្ញា និងទីតាំងចែកចាយ ឬជួញដូរ បារីអេឡិកត្រូនិក និងផលិតផល អេចន៍ ធីភី និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទាប់ស្កាត់ទាន់ពេលវេលា។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលបានចេញបទបញ្ជាដោយហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងស៊ីស្យា៕

