ក្រសួងអប់រំរៀបចំទិវាជាតិអំណានលើកទី១១ ជំរុញវប្បធម៌ នៃការអានក្នុងសម័យ​បច្ចេក​វិទ្យា

ដោយៈ

Press Start Cambodia Avatar

ក្រ​សួងអប់រំ យុវជន និងកីឡា បានរៀបចំពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិ​វា​​ជាតិអំណានលើកទី១១ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទ​​ថ្មី» ដោយផ្ដោតលើសារៈសំខាន់ នៃការអាន និងការសរសេរ តាមគ្រប់មធ្យោ​បាយ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន​ថ្លែង​ក្នុងពិធីប្រា​រព្ធទិវាជាតិអំណានកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦​ នៅវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ថា ការអាន និងការសរសេរ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុង​ការសិក្សាជំនាញ ការលើកកម្ពស់ភាសាជាតិ ការលើកកម្ពស់លទ្ធផលសិក្សា និងកា​រយល់ដឹងពីពិភពលោក។

លោក​បន្តថា ក្នុងបរិបទនៃការប្រែប្រួល និងសកលភាវូបនីយកម្ម ការអាន និងការ​សរសេរ ទាមទារឱ្យមាន​ការអប់រំ និងការបណ្តុះបណ្តាល តែត្រូវយកទុកដាក់ឱ្យកាន់តែខ្ពស់ ជាពិសេសការរិះរកមធ្យោបាយសម្រាប់អំណានដែលមានច្រើនជម្រើសរួមមាន ការអានសៀវភៅ ការអានលើឧបករណ៍អេឡិកត្រូនិក ការអាននៅលើទូរស័ព្ទវៃឆ្លាត និងការអាននៅលើឧបករណ៍ឌីជីថល។

លោក​ ហង់ជួន ណារ៉ុន បញ្ជាក់ថា​៖ «បើយើងក្រឡេកមើលទៅប្រទេសជឿន លឿន ទោះបីបច្ចេកវិទ្យារីកចម្រើនខ្លាំងយ៉ាងណា ការអានដោយប្រើប្រាស់សៀវភៅនៅតែមានសន្ទុះខ្លាំងក្លាដដែល»។

ស្រដៀងគ្នានេះដែរ កញ្ញា សេង ហ្គេកលី ជាអ្នកនិពន្ធសៀវភៅបែប​លើកទឹកចិត្ត​ បានលើក​ឡើងថា ទោះក្នុងសម័យកាលណាក៏ដោយ សៀវភៅនៅតែជារបស់មួយដ៏មានតម្លៃសម្រាប់ការពង្រីកចំណេះដឹង ជាក់​ស្ដែង​ដូចជាបរិបទបច្ចុប្បន្ន គឺមានភាព​ប្រែប្រួល​ក្នុង​ពិភពលោកដូច​ជា​សង្រ្គាម បញ្ហាសេដ្ឋកិច្ចមួយចំនួនក្នុងប្រទេស ដែលជាហេតុធ្វើឱ្យមនុស្សមានអារម្មណ៍ថា តានតឹងពិបាកនឹងគ្រប់គ្រងអ្វីៗនៅជុំវិញខ្លួនមែនទែន ប៉ុន្តែបើសិនជា​បានចំណាយពេលជាមួយសៀវភៅ គឺអាចជួយមនុស្សឱ្យទទួលបានកម្លាំងចិត្ត និងនៅតែមានក្ដីសង្ឃឹម ដែលពិតជាជួយដល់សុខភាពផ្លូវចិត្តក្នុងស្ថានការ​ណ៍​លំបាកណាមួយ។

អ្នកនិពន្ធរូបនេះអះអាង​ថា៖«យើងនៅតែពឹងលើបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការសរ​សេរ និងការអានដដែល ប៉ុន្តែសម្រាប់ខ្ញុំ គឺនៅតែចូលចិត្តការអាន និងជម្រុញឱ្យមានការអានជាសៀវភៅ»។

សិស្សានុសិស្សកំពុង​ពិនិត្យមើល​សៀវភៅដែលខ្លួនពេញចិត្ត​ អំឡុង​ពិព័រណ៌សៀវភៅ ដើម្បីអបអរសាទរទិ​វា​​ជាតិអំណានលើកទី១១ នៅ​វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា​ ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៦។ (​រូបភាព៖ សារ៉ន ស៊ីវអ៊ីង)

អ្នកស្រី  ចាន់ លក្ខិណា ជា​អ្នកចូលរួមក្នុងកម្មវិធីពិព័រណ៍សៀវភៅ បាននិយាយថា គ្រប់ពេលមានពិព័រណ៍សៀវភៅម្ដងៗ អ្នកស្រីតែងតែមករហូតមិនដែលខក​ខាននោះទេ ព្រោះអ្នក​ស្រី​មាន​ទម្លាប់អានសៀវភៅ​យូរឆ្នាំហើយ ទោះរវល់ការងារយ៉ាង​ណា ក៏មិនដែលភ្លេចការអានសៀវភៅដែរ ហើយអ្នកស្រីតែងណែ​នាំ​កូនៗ​ឱ្យទម្លាប់អាន​ ទោះជាសៀវភៅប្រភេទណាក៏ដោយ។

អ្នកស្រី  ចាន់ លក្ខិណា បន្ថែមថា៖ «ពេលខ្ញុំអានក្នុងសៀវភៅខ្ញុំផ្ដោតអារម្មណ៍បានល្អ ហើយនៅពេលអានសៀវភៅ គឺអារម្មណ៍របស់យើងគឺចូលជាមួយនឹងសាច់រឿងក្នុងសៀវភៅនឹងតែម្តង»។

អ្នកស្រី លក្ខិណា បន្តទៀត​ថា តាមការ​សង្កេតរបស់អ្នកស្រីពេលមកចូលរួមការពិព័រណ៍សៀវភៅក្នុងឱកាសទិវាជាតិអំណានឆ្នាំនេះ ឃើញ​មានអ្នកចូលរួមច្រើនដែលភាគច្រើនជាសិស្សានុសិស្ស យុវជន ហើយអ្នកស្រីពិតជាសប្បាយចិត្ត ទោះបីជាបច្ចុប្បន្នជាសម័យបច្ចេកវិទ្យាយ៉ាងណាក៏ដោយ ប៉ុន្តែការអានសៀវភៅនៅតែពេញនិយម។

អ្នក​ស្រីបាន​ប្រៀប​ធៀប​ថា​ ការអានសៀវភៅក្នុងប្រព័ន្ធឌីជីថល​វិញ​ពិតណាស់ គឺទំនើប និងទាន់សម័យថ្មី ប៉ុន្តែអានយូរទៅធ្វើឱ្យឆាប់ឈឺភ្នែក​​ ពិបាកផ្ដោតអារ​ម្មណ៍ និង​អានមិនបានយូរនោះទេ។

ពាក់ព័ន្ធនឹងការរៀបចំទូទៅក្នុងកម្មវិធីពិព័រណ៍នេះ លោក ក្រៀម ចាន់ធា អ្នកស័្មគ្រ​​ចិត្តផ្នែកសន្តិសុខសណ្នាប់ធ្នាប់ក្នុងកម្មវិធីពិព័រណ៍ ឱ្យដឹងថា​ ការតាំងពិ​ព័រណ៍​សៀវភៅឆ្នាំនេះ មានការចូលរួមពីស្ថាប័នរដ្ឋ ដៃគូ អភិវឌ្ឍ និងវិស័យឯកជនដោយ​មានចំនួន១១៤ស្តង់។

លោក​បន្តថា អ្នកចូលរួមវិញ គឺមានចំនួនច្រើនតាំងពីថ្ងៃបើកកម្មវីធីដំបូង ហើយតាម​ការប៉ាន់ស្មាន​ នឹងមានការចូលរួមកាន់តែច្រើននៅចុងសប្ដាហ៍នេះព្រោះតែជាថ្ងៃឈប់សម្រាកពីការងារ។

លោក ចាន់ធា និយាយ​ថា៖«យើងមកទីនេះមិនមែនមកសប្បាយនោះទេ ហើយក៏មិនភ្លេចគិតពីទុក្ខលំបាករបស់ពលរដ្ឋនៅបណ្ដាព្រំដែនដែរ ដូច្នេះទឹកដីក៏យើងគិត ការលើកកម្ពស់ការអានក៏យើងនៅតែបន្ត»។

សូមជម្រាបថា​ ក្នុងឱកាសទិវាជាតិអំណានលើកទី១១ ឆ្នាំនេះ អ្នកចូលរួមមាន​​ចំនួនច្រើន និងមានការរៀបចំស្តង់លក់សៀវភៅជាច្រើន មានសៀវភៅចម្រុះស្នាដៃពីបណ្ដាអ្នកនិពន្ធខ្មែរ ហើយក៏មានការសម្ដែងសិល្បៈបុរាណ និងសម័យចម្រុះ ផ្ដល់នូវចំណីចក្ខុ​ និង​សោតា​ ជូនអ្នកចូលរួមទស្សនា បូករួមនឹងកម្មវិធីកម្សាន្តមួយចំនួនទៀត។

ទិវាជាតិអំណានមានការផ្លាស់ប្ដូរទៅតាមឆ្នាំនីមួយៗ ហើយកំណើននៃសៀវភៅក៏មានច្រើនដែរ។ បើតាមក្រសួងអប់រំ ធ្លាប់បញ្ជាក់ថា ទិវាជាតិអំណាន ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រសូត្ររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីរម្លឹកដល់ស្នាដៃ និងការចូលរួមអភិរក្សភាសាខ្មែរ​៕

អត្ថបទដោយ៖ ផុន លីហ្សា និងសារ៉ន ស៊ីវអ៊ី​ង

អត្ថបទគួរឱ្យចាប់អារម្មណ៍