ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអះអាងថា ការកាន់កាប់ខុសច្បាប់នៅតំបន់បេតិកភណ្ឌវប្បធម៌ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់ទាំងនោះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្និសញ្ញាបារាំង-សៀមដែលមានស្រាប់ និងអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ប្រទេសថៃបានកាន់កាប់ដោយខុសច្បាប់នៅតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជារួមមានប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានសម្តែងការព្រួយបារម្ភផងដែរចំពោះវត្តមានរបស់អាជ្ញាធរថៃ និងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ការដំឡើងរូបសំណាក ការបង្កើតជាស្ថានភាពជាក់ស្តែងលើដី និងការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់នោះ។
សេចក្តីថ្លែងការណ៍នេះសរសេរថា៖ “សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្និសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ ដែលគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀមបានកំណត់ផែនទីព្រំដែន ដោយយោងតាមឯកសារទាំងអស់ពាក់ព័ន្ធនឹងការអនុវត្តសន្និសញ្ញា ឆ្នាំ១៩០៧ អនុស្សរណៈនៃការយោគយល់ ឆ្នាំ២០០០ លក្ខខណ្ឌយោងឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ” ។
ក្រសួងក៏បានអំពាវនាវឱ្យប្រទេសថៃ បញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ដកចេញទាំងស្រុងនូវកងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារ និងឧបករណ៍ទាំងអស់ហើយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
សេចក្តីថ្លែងការណ៍ដដែលបន្តថា កម្ពុជាបន្តប្តេជ្ញាចិត្តដោះស្រាយវិវាទដោយសន្តិវិធី និងអំពាវនាវឱ្យថៃចូលរួមយ៉ាងសកម្មក្នុងយន្តការទ្វេភាគី កិច្ចព្រមព្រៀងនិងច្បាប់អន្តរជាតិ ដែលមានស្រាប់ រួមទាំងគណៈកម្មការព្រំដែនរួម (JBC) ៕

