ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីណែនាំស្ដីពីការធានាប្រក្រតីភាព នៃការផ្គត់ផ្គង់ ទិញ-លក់ប្រេងឥន្ទនៈសម្រាប់បំពេញតម្រូវការចាំបាច់ ក្រោយពីរកឃើញថា មានស្ថានីយ និងដេប៉ូប្រេងឥន្ទនៈជាង២០០០កន្លែង បានបិទឬផ្អាកប្រតិបត្តិការ ដោយមិនទាន់បានវាយតម្លៃអនុលោមភាពពីអង្គភាពមានសមត្ថកិច្ច។
សេចក្ដីណែនាំ ចុះថ្ងៃសៅរ៍ ទី១៤ ខែមីនា បានឱ្យដឹងថា ក្រុមការងារចម្រុះបានពិនិត្យបូកសរុបនិងផ្ទៀងផ្ទាត់ ឃើញថា មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ២០០០ ទីតាំង ដែលបានបិទ ឬផ្អាកប្រតិបត្តិការដោយមិនទាន់បានវាយតម្លៃអនុលោមភាពពីអង្គភាពមានសមត្ថកិច្ច ហើយថា ក្រោយពីក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងដល់ទីតាំង បានរកឃើញថា នៅសល់តែស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ទីតាំងប៉ុណ្ណោះនៅបន្តបិទ ឬផ្អាកប្រតិបត្តិការអាជីវកម្ម ដោយសារភាពយឺតយ៉ាវនៃការមកដល់នៃស្តុកថ្មី ហើយក្រៅពីនេះ បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
សេចក្តីណែនាំនេះបន្តថា ដើម្បីបន្តធានាដល់ការផ្គត់ផ្គង់ប្រេងឱ្យមានប្រសិទ្ធភាព និង ការចែកចាយប្រកបដោយសមធម៌ ក្រសួងបានណៃនាំស្ថានីយ ក៏ដូចជាដេប៉ូប្រេង ឱ្យជូនដំណឹងដល់ស្ថានប័នពាក់ព័ន្ធអំពីបញ្ហាប្រឈម និងការលំបាកផ្សេងៗក្នុងការទទួលបាននូវប្រភពប្រេង ធានាសុវត្តិភាពដល់អតិថិជនពេលចាក់លក់ផ្ទាល់ពីដៃចំពួយបាញ់ប្រេងទៅក្នុងមធ្យាបាយផ្ទុកប៊ីដុង/កាន និងត្រូវជៀសវាងការចាក់បំពេញប្រេងក្នុងមធ្យោបាយផ្ទុកប៊ីដុង/កានស្ដុកទុកជាមុនសម្រាប់លក់ ដែលជាហេតុបង្កហានិភ័យខ្ពស់ ហើយស្ថានីយ និងដេប៉ូ ត្រូវផ្គត់ផ្គង់ប្រេងឥន្ធនៈតាមបរិមាណបញ្ជាក់លើកាតចេញដោយក្រុមហ៊ុន ដែលអ្នកប្រើប្រាស់មានស្រាប់។
សេចក្ដីណែនាំនេះបន្ថែមទៀតថា ចំពោះអតិថិជនជាពលរដ្ឋក្នុងសហគមន៍ឬកសិដ្ឋាន ដែលមានតម្រូវការពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម ត្រូវធ្វើការជូនដំណឹងឱ្យទាន់ពេវេលាអំពីកង្វះខាត និងតម្រូវការចាំបាច់ ទៅកាន់អាជ្ញាធរមូលដ្ឋាន ជាពិសេសមន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬមកក្រសួង ដើម្បីអាចទទួលបានការវាយតម្លៃ និងសម្របសម្រួល។
ក្រសួងបានណែនាំឱ្យប្រើប្រាស់មធ្យោបាយផ្ទុកប៊ីដុង/កាន ក្នុងកម្រិតចំណុះ ដែលមានសុវត្តិភាព និងធានាការពារកុំឱ្យមានហានិភ័យ ចូលរួមសហការសន្សំសំចៃ និងប្រើប្រាស់ប្រេងចំពោះតែសកម្មភាចម្បងក្នុងការរក្សាដំណើរការចាំបាច់នៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្មបន្តថា មន្ត្រីជំនាញនឹងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបានអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណា ដែលកេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃ ដែលបង្កផលប៉ះពាល់ដល់សាធារណៈ៕

