ក្រសួង​​ដាក់ចេញវិធានការ​ទប់ស្កាត់ បន្ទាប់​ពី​មាន​អ្នក​ឆ្លង​​ជំងឺគ្រុនឈាម​ជិត ​៦០០នា​ក់ ​​នៅ​​ស្រុក​កោះធំ​

ដោយៈ

Press Start Cambodia Avatar

មន្ត្រីជាន់ខ្ពស់​សុខាភិបាល ​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំនួន​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​​រាលដា​ល​​ជំ​ងឺ​​គ្រុន​ឈាម​ បន្ទាប់​ពី​រក​ឃើញ​ករណីឆ្លង​​​ជំងឺ​​គ្រុនឈាម​​ជិត​ ៦០០​នាក់​ ​​នៅ​​ស្រុក​​កោះ​ធំ​ ខេត្ត​កណ្តាល ​កាល​ពីថ្មីៗនេះ​។

បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ក្រសួង​សុខាភិបាល ​កាល​ពីថ្ងៃទី​៤ ខែ​កក្កដា បាន​ឱ្យ​ដឹង​ថា លោក​​ស្រី យក់ សម្បត្តិ​ រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល ​បាន​ផ្តល់​ការ​​ណែ​នាំ​មួយ​​ចំនួន​ ដើម្បីជា​វិធានការ​ទប់​ស្កាត់​ការ​រាត​ត្បាត​​ជំងឺ​​គ្រុន​​ឈាម​ ដែល​​កំ​ពុង​​កើត​​ឡើង​​នេះ រួម​មាន​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​អ្នក​ជំងឺ និង​រាយការណ៍​រៀងរាល់​ថ្ងៃនៅម៉ោង​៥ល្ងាច​ មន្ទីរ​សុខាភិបាល​ស្រុក ត្រូវ​ត្រៀម​វេជ្ជបណ្ឌិត​ គិលានុបដ្ឋាក​ ដើម្បី​ចល័តអន្តរាគមន៍​កន្លែង​ដែល​​មាន​ការ​រាតត្បាត​ធ្ងន់ធ្ងរ​។

លោកស្រី​​បញ្ជាក់ទៀត​ថា មន្ទីរ​ពេទ្យ​ត្រូវ​បែង​ចែក​រវាងអ្នក​ជំងឺ​គ្រុន​ឈាម​កម្រិត​ធ្ងន់​ ​និងកម្រិត​ស្រាល​ដាច់ពីគ្នា និង​ត្រៀម​បន្ថែម​សេរ៉ូម ឪសថ​ពាក់​ព័ន្ធការ​ព្យា​បាល​​ជំងឺ​គ្រុន​ឈាម​ ត្រៀម​ក្រុម​ឆ្លើយ​តបបន្ទាន់​ចំនួន​១០នាក់​ ដើម្បី​ចុះ​អន្តរាគមន៍​តាម​​មូលដ្ឋាន​ បន្ត​និង​ពង្រឹងការផ្សព្វផ្សាយ​ ​ចុះដាក់ថ្នាំអាបេត​ និង​បាញ់​ថ្នាំសម្លាប់​​សត្វមូសតាម​តំបន់​គោលដៅ​ដែល​មាន​ករណីគ្រុន​ឈាម​កើន​ឡើង​ខ្លាំង។

បើតាម​ក្រសួង​សុខាភិបាល មនុស្ស ​៥៧៨​នាក់ ​បាន​កើត​ជំងឺ​គុ្រនឈាមនៅ​ស្រុក​​​កោះ​ធំ ​ចាប់ពីថ្ងៃទី​១៦ ខែ​មិថុនា ដល់​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២៦​ ក្នុង​នោះ​​មាន​អ្នក​ជំងឺ​ធ្ងន់​ ៦នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ និង​​គ្មាន​ករណីស្លាប់​ទេ។​

អំឡុង​កម្មវិធី “សន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៥ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត” ​ក្រសួង​​សុខភិបាល​ឱ្យ​ដឹងថា ឆ្នាំ២០២៥ មានអ្នកជំងឺគ្រុនឈាមសរុបជាង ៥ម៉ឺនករណី ក្នុងនោះស្លាប់ ៦៤​ករណី​៕

អត្ថបទ​ដោយ៖ ធី វណ្ណា​

អត្ថបទគួរឱ្យចាប់អារម្មណ៍