ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប ដែលបានចុះឈ្មោះជាង ១៥ម៉ឺននាក់ នៅទូទាំងប្រទេស ត្រូវគោរពបទប្បញ្ញត្តិ និងវិន័យនៃការប្រឡងឱ្យបានម៉ឺងម៉ាត់ ដើម្បីជៀសវាងការកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
ការអំពាវនាវនេះ បានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០៥ ខែសីហា ស្តីពី ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
ក្រសួងអប់រំ បានលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានដំណើការសំណេររយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១០ និងទី១១ ខែសីហា មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៥១ ២៣៨នាក់ ក្នុងនោះមានស្រី ៨៤ ៧៣៥នាក់ ដោយមានមណ្ឌលប្រឡងចំនួន ២៤៤មណ្ឌល ស្មើនឹង ៦ ១០៤ បន្ទប់ នៅទូទាំងប្រទេស។
ស្របពេលគ្នានេះ ក្រសួងបានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញត្តិនៃការប្រឡងឱ្យបានម៉ឹងម៉ាត់ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវទូរស័ព្ទដៃ នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡងឬបន្ទប់ប្រឡងជាដាច់ខាត។ ក្រសួងបានសង្កត់ធ្ងន់ថា បេក្ខជនដែលប្រព្រឹត្តផ្ទុយនឹងបទប្បញត្តិ និងកម្រិតវិន័យ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
ក្រសួងអប់រំ បានគូសបញ្ជាក់ថា៖ «ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹងប្រព្រឹត្តទៅដោយឈរលើគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលបាន ពោលគឺអ្នកចេះ គឺជាប់»។
ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បានសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង ព្រមទាំងធានាសុខភាពរបស់គណៈមេប្រយោគ គណៈកម្មការ និងបេក្ខជនផងដែរ។
សម្រាប់កាលបរិច្ឆេតនៃការប្រកាសលទ្ធផលប្រឡង នឹងធ្វើឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមមណ្ឌលសំណេរនៃទូទាំងរាជធានី-ខេត្តទាំង២៥៕
អត្ថបទដោយ៖ ឈាង គឹមលាង

