អាជ្ញាធរមីន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះអាច​ហូរ​មក​ជាមួយ​​ទឹក​​​ជំនន់

ដោយៈ

Press Start Cambodia Avatar

អាជ្ញាធរមីន ណែនាំ​ដល់​អាជ្ញាធរ​ពង្រឹង​វិធានការ​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​​គ្រឿង​​ផ្ទុះ អំឡុងពេល និងក្រោយ​ពេល​គ្រោះ​ទឹកជំនន់ ​ព្រមទាំង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋបង្កើន​ការ​​ប្រុង​​​​ប្រយ័ត្ន ចំពោះគ្រាប់​យុទ្ធ​ភណ្ឌគ្រឿង​ផ្ទុះ​ដែលអាច​ហូរ​មក​ជាមួយទឹក​ជំនន់ ខណៈ​កម្ពុជា​កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ព្យុះ​ចំនួន​២ ដែលអាចធ្វើ​ឱ្យរាជធានី​-ខេត្ត​មួយចំនួន​អាចមានជំនន់ទឹកភ្លៀង។

សេចក្តីណែនាំរបស់​អាជ្ញាធរកម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ ហៅកាត់ថា អាជ្ញាធរ​មីន ចេញផ្សាយនៅថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៦ បាន​លើកឡើង​ថា ស្របពេលដែល​កម្ពុជា​កំពុង​ទទួល​រង​នូវ​ឥទ្ធិ​ពល​ព្យុះ​ទី៩ ឈ្មោះ​បាវី (Bavi) និង​ព្យុះ​ទី​១១ ឈ្មោះ​ហៃសិន (Haishen) ដែល​អាច​ធ្វើ​ឱ្យ​រាជ​ធានី-ខេត្ត​មួយចំនួន​រង​ឥទ្ធិ​ពល​ទឹកភ្លៀងដែលអាច​បង្ក​ជា​ទឹក​ជំនន់។  

ប្រភពដដែល​ បន្តថា ​ក្នុង​អំឡុង​ពេល និង​ក្រោយ​ពេល​ទឹកជំនន់ យុទ្ធភណ្ឌគ្រឿងផ្ទុះមួយចំនួន ត្រូវ​បានប្រទះឃើញ ដោយសារ ការ​ហូរ​ច្រោះ​ដី​រសាត់​មក​ពី​តំបន់​ដែល​មាន​មីន​ប្រឆាំង​មនុស្ស មីន​ប្រឆាំ​ង​យាន​យន្ត គ្រាប់​បែក​​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជា​ច្រើន​ប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសប្រជាពលរដ្ឋកំពុងរស់នៅតំបន់ដែលរងផលប៉ះពាល់ ដោយ​សារ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​ទាំង​នោះ។

ដើម្បី​បង្ការ​ និង​ទប់ស្កាត់​បាននូវគ្រោះ​ថ្នាក់​ អាជ្ញាធរមីន បានណែនាំដល់​​អាជ្ញាធរ​ពាក់​ព័ន្ធ​ក្នុង​មូល​ដ្ឋាន ​ត្រូវ​​ផ្សព្វ​ផ្សាយដល់​ប្រជាពលរដ្ឋ ឱ្យ​​​បង្កើនការយល់ដឹងអំពីគ្រោះថ្នាក់ដែលអាចបង្កឡើង ដោយ​យុទ្ធ​ភណ្ឌ​គ្រឿងផ្ទុះក្នុងពេល និងក្រោយពេលទឹកជំនន់ និង​ជាពិសេស​ក្រើន​​រំលឹក​ឲ្យ​មាន​ការ​ឆ្លើយ​តប​ទាន់​ពេល​​វេលា ក្នុងការប្រមូលយុទ្ធភណ្ឌគ្រឿងផ្ទុះទៅកម្ទេចចោល និងការដាក់​ស្លាកសញ្ញា​សម្គាល់​នៅ​តាម​តំបន់សង្ស័យ ដែលប្រជាពលរដ្ឋបានរាយការណ៍។

ក្រៅពីនោះ អាជ្ញាធរមីន ក៏បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​យុទ្ធ​ភណ្ឌ​​​គ្រឿង​ផ្ទុះ និងត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន នៅពេលប្រទះ​ឃើញ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ។

បើតាម​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (CMAC) ក្នុង​រយៈ​ពេល ៦ខែ​ដើម​ឆ្នាំ​២០២៦​នេះ អង្គភាពបាន​ ​បោស​​សម្អាតរំដោះ​ផ្ទៃដីតំបន់​គ្រាប់មីន/គ្រាប់បានចំនួន ៧៥.១៣២ហិកតា ស្មើនឹង ៨២ភាគរយ នៃផែន​ការប្រចាំឆ្នាំ និង​​រុករកឃើញនិងបំផ្លាញចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន២០.៨៦១ គ្រាប់។

ដោយឡែក សម្រាប់ការងារស្រាវជ្រាវព័ត៌មាន និងបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានក្នុងឆ្នាំ​២០២៥ កន្លងទៅ អង្គភាពCMAC បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះប្រតិបត្តិការ​យ៉ាងសកម្មនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ទាំង៦ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកោះកុង។

ជាលទ្ធផល បានធ្វើការស្រាវជ្រាវព័ត៌មានចំនួន ៣៣៥​ភូមិ ក្នុងចំណោម ៣៤៩ភូមិ ដែលមានផ្ទៃដីរងផល​ប៉ះពាល់សរុបជិត ៣៨៧.២០៦ហិកតា និង​​បានរុករកឃេីញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទបានចំនួនជាង ៨.៤០០ គ្រាប់ ក្នុង​នោះ​មាន​គ្រាប់បែកចង្កោមចំនួន ៤.៤៣៦គ្រាប់៕

អត្ថបទដោយ៖ ដោក សុវណ្ណ​វឌ្ឍនា

អត្ថបទគួរឱ្យចាប់អារម្មណ៍