មនុស្សម្នាដើរមិនឈប់បន្តកន្ទុយគ្នាពីចន្ទ ដល់អាទិត្យ។មិនថាផ្សារតូចធំ ឬម៉ាតទេ អ្នកទៅរកសេវាកម្មភាគច្រើនសំដៅលើផលិតផល ឬទំនិញដែលនាំចូលពីថៃ។រីឯអ្នកលក់វិញ សឹងរកពេលសម្រាកគ្មាន។សំឡេងតថ្លៃទំនិញ បានលាន់ឮខ្ងៀវខ្ងាតពីតូបមួយទៅតូប មិនដាច់។អ្នកទិញក៏ពេញចិត្តនឹងទិញដែលពួកគេអាចរើសមុខទំនិញ ឬផលិតផលតាមការចូលចិត្ត ដែលមិនខុសពីអ្នកលក់ក៏ពេញចិត្តនឹងកើបប្រាក់ចំណេញ សម្បើមណាស់ដែរ ពីមួយថ្ងៃទៅមួយថ្ងៃ។ប៉ុន្តែស្ថានភាព និងទិដ្ឋភាពនៅពេលនេះមិនដូច្នេះឡើយ។មិនថានៅក្នុងផ្សារ ឬតាមម៉ាតទេ ក្រៅពីមានភាពស្ងប់ស្ងាត់ហើយ ពេលនេះ អ្នកដើរផ្សារ មិនបានសម្លឹងរកទំនិញ ឬផលិតផលថៃដូចមុនទៀតឡើយ។អ្នកលក់សម្លៀកបំពាក់ អ្នកលក់គ្រឿងសម្អាងនៅក្នុងផ្សារ បែជាស្ងប់ស្ងាត់លក់មិនដាច់ អ្នកខ្លះអង្គុយជជែកគ្នាលេង អ្នកខ្លះប្រឹងស្រែកហៅអតិថិជនឱ្យជួយទិញផលិតផលរបស់ខ្លួន។ផ្ទុយទៅវិញ អ្វីដែលពួកគេរកនៅពេលនេះ គឺផលិតផល ដែលផលិតនៅក្នុងស្រុកជំនួសដោយផលិតផលថៃវិញម្តង។
កំពុងអង្គុយចុចទូរស័ព្ទលេង នៅលើកៅអីដែលមានសភាពទ្រុឌទ្រោមបន្តិចទៅហើយ រីឯដងខ្លួនផ្អែកទៅនឹងធ្នើរដាក់ផលិតផលដោយទឹកមុខស្រពោនជាមួយកូនស្រី ស្រី្តដែលមានសម្បុរស សក់ទង់ដែង នោះគឺជាអ្នកស្រី ភឿន ចន្ថា ជាអាជីករលក់គ្រឿងសម្អាងមួយកន្លែងក្នុងរាជធានីភ្នំពេញ។ដោយពិបាកក្នុងការលក់ដូរផលិតផល អ្នកស្រី ចន្ថា រៀបរាប់ថាបើទោះបីជាមានការគាំទ្រច្រើនយ៉ាងណាក្ដី ប៉ុន្តែការផ្គត់ផ្គង់ទំនិញមានទំហំមិនសមស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ រីឯតម្លៃនៅក្នុងទីផ្សាក៏ខុសពីមុនដែរ ដែលនាំឱ្យអាជីវករពិបាកក្នុងការលក់ដូរ ហើយអតិថិជនក៏មិនពេញចិត្តនឹងតម្លៃដូចគ្នាដែរ។
ប្រភពបន្តថា៖ «សម្រាប់អ្នកដែលស្វែងរក នឹងបន្តប្រើប្រាស់ផលិតផលថៃនៅតែមានតិចតួចដែរ ដោយសារថា វាថ្មីពេកសម្រាប់ប្រជាពលរដ្ឋយើង ដែលប្រជាជនយើងធ្លាប់ប្រើផលិតផលគេគឺយូរហើយ ថែមទាំងផលិតផលខ្មែរដែលជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃមិនទាន់មានគ្រប់មុខដែលអាចជំនួសបានតិចតួច» ។
ថ្វីបើលក់មិនដាច់ដូចមុនក្តី ក្នុងនាមអ្នកលក់ដូនៅក្នុងផ្សាម្នាក់អ្នកស្រី ចន្ថា មានភាពសប្បាយរីករាយនៅពេលដែលប្រជាពលរដ្ឋខ្មែរ ចេះស្រឡាញ់គ្នា រួបរួមគ្នា និងឈប់ប្រើប្រាស់ផលិតផលនាំចូលមកពីប្រទេសថៃអ្នកស្រី ចន្ថា សំណូមពរ ឱ្យក្រុមហ៊ុន និងរោងចក្រនៅក្នុងប្រទេកម្ពុជាទាំងអស់ គួរតែពង្រីកសង្វាក់ផលិតកម្មឱ្យបានធំជាងមុន ដើម្បីផ្គត់ផ្គង់ឱ្យទាន់ពេលវេលា ជាពិសេសគួររក្សាតម្លៃទំនិញឱ្យមានស្ថេរភាព។

នៅក្នុងតំបន់ទីប្រជុំជន មានផ្សារ មានរោងចក្រ មានផ្ទះប្រជាពលរដ្ឋជាច្រើន និងចរាចរទៅវិញទៅមក ជាទីរកចំណូលសម្រាប់ម្ចាស់តូបចាប់ហួយរបស់ស្រ្តីវ័យចំណាស់ម្នាក់ ពោរពេញដោយផលិតផលខ្មែរសឹងតែគ្រប់ប្រភេទ។សម្ដីសម្ដៅផ្អែមល្ហែម យកចិត្តទុកដាក់លក់ជូនអតិថិជន គឺជាតូបចាប់ហួយរបស់អ្នកស្រី ជា មុំ។អ្នកស្រី និយាយស្របពេលបុគ្គលិកលក់ផលិតផលមកដល់ថា ផលិតផលនៅក្នុងស្រុកមានតម្លៃថ្លៃជាងទំនិញនាំចូលពីប្រទេសថៃ និងផ្គត់ផ្គង់មិនគ្រប់គ្រាន់។បើទោះបីជាផលិតផលថៃនៅមានក្នុងស្តុកក្ដី ក៏អតិថិជនរបស់អ្នកស្រីគ្មាននរណាម្នាក់សួររកផលិតផលរបស់ប្រទេសថៃ ប៉ុន្តែពួកគេបែរជាងាកមកគាំទ្រផលិតផលក្នុងស្រុកជំនួសវិញ។
អ្នកស្រីបន្តថា៖« រោងចក្រ សហគ្រាសតូចធំ និងភាគីដែលពាក់ព័ន្ធទាំងអស់មេត្តាផលិតឱ្យទាន់ពេលវេលា និងគ្រប់គ្រាន់ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។សូមឱ្យប្រជាពលរដ្ឋខ្មែរយើង ដែលមានដីសម្រាប់ដាំដុះ និងដាក់លក់នៅលើទីផ្សាដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។ ការពហិការនេះអាចមានរយៈពេលយូរ ប្រសិនបើមានផលិតផលរបស់ខ្មែរមានគ្រប់ប្រភេទ និងផ្គត់ផ្គង់ទាន់ពេលវេលា» ។
ដៃមួយកាន់លុយ ដៃមួយយួរប្រេងឆា និងកំពុងឈរស្ងៀមស្ងាត់ដោយក្ដីស្រណោះដែនដីកំណើតរបស់ខ្លួន អ្នកស្រី រស្មី និយាយថាមុនមានជម្លោះរវាងខ្មែរ-ថៃ អ្នកស្រីតែងតែគាំទ្រផលិតផលថៃគ្រប់ប្រភេទ តែក្រោយឃើញសកម្មភាពរបស់ភាគីថៃ ធ្វើទង្វើបែបនេះមកលើប្រទេសកម្ពុជា ជំរុញឱ្យអ្នកស្រីឈឺចាប់ងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកវិញម្តង។អ្នកស្រី រស្មី សរសើរមិនដាច់ពីមាត់ពីគុណភាពល្អ អាចទទួលយកបាន ថែមទាំងមានតម្លៃសមរម្យនៃផលិតផលរបស់ខ្មែរ។
អ្នកស្រីបន្តថា៖« កាលពីមុនខ្ញុំមិនទាន់បានប្រើប្រាស់ផលិតផលខ្មែរទេ ទើបតែផ្ទុះរឿងគេបាញ់គ្នានឹងមកទើបចាប់ផ្ដើមប្រើផលិតផលខ្មែរ»។

ចំណែកឯ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញរបាយការណ៍នៅក្នុងឆ្នាំ២០២៥នេះ ដោយបង្ហាញថា គិតក្នុងរយៈពេល៣ខែចុងក្រោយដូចគ្នា បន្ទាប់ពីកម្ពុជា និងថៃមានវិបត្តិនៅតាមខ្សែបន្ទាត់ព្រំដែន ទំហំពាណិជ្ជកម្មនៃការនាំចូលផលិតផលពីប្រទេសថៃ ត្រូវធ្លាក់ចុះពីជាង៨៥ម៉ឺនដុល្លារអាមេរិក មកនៅត្រឹមជាង២៦ម៉ឺនដុល្លារអាមេរិក។
ហាក់មិនខុសគ្នាទៅនឹងរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះដែរ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថានិន្នាការនេះ ជំរុញឱ្យពលរដ្ឋកម្ពុជាសម្រេចចិត្តឈប់ប្រើប្រាស់ផលិតផលថៃអាចនឹងដក់ក្នុងអារម្មណ៍រយៈពេលយូរ ព្រោះតែភាពខឹងសម្បារ រាល់ទង្វើមិនមានសីលធម៌ និងការរំលោភបំពានពីសំណាក់ប្រទេសថៃមកលើទឹកដីនៃប្រទេសកម្ពុជាកន្លងមក។ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏បានហាមឃាត់ការនាំចូលទំនិញពីប្រទេសថៃ ៣មុខ មានបន្លែផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័ន។ចំណែកទំនិញផ្សេងៗផ្អាកការនាំចូលទំនិញដោយឯកឯង ព្រោះប្រជាពលរដ្ឋមិនជ្រើសរើសទិញទំនិញទាំងនោះ។
លោកបន្តថា៖« មិនមែនការមិនទិញទំនិញ មិននាំចូលពីប្រទេសថៃ អាចធ្វើឱ្យយើងបាត់ចំណូលពន្ធគយនោះទេ គឺចំណូលរបស់យើងទាំងការប្រមូលចំណូលពន្ធគយ ទាំងការប្រមូលចំណូលពន្ធក្នុងស្រុក គឺមានកំណើន» ។
បើតាមលោក ប៉ែន សុវិជាតិ បន្ទាប់ពីមានព្រឹត្តិការណ៍តាំងពិពណ៌ផលិតផលខ្មែរ ៣លើករួចមក លោកសង្កេតឃើញថាសន្ទុះនៃការគាំទ្រផលិតផលខ្មែរកាន់តែច្រើនឡើង ពោលគឺផលិតផលក្នុងស្រុកជាជម្រើសទី១ មុននឹងប្រជាពលរដ្ឋងាកទៅប្រើប្រាស់ផលិតផលនាំចូលពីបរទេស ក្រៅពីប្រទេសថៃ។ដោយឡែក កត្តាដែលនាំឱ្យផលិតផល នៅលើទីផ្សារឡើងថ្លៃ នោះក៏ដោយសារតែខាងដេប៉ូ និងអ្នកលក់ដូរខ្លះ ឆ្លៀតឱកាសតម្លើងថ្លៃទំនិញ និងគ្រឿងឧបភោគបរិភោគ ស្រេចតែនឹងចិត្តពួកគេនឹកឃើញ ខណៈផលិតផលមានចំនួនកំណត់ផង។ដូច្នេះ នេះគឺជាបញ្ហាដែលរដ្ឋ ត្រូវមានបន្ទុកធំក្នុងការដោះស្រាយ។
លោកបន្តថា៖«ប្រជាពលរដ្ឋខ្មែរត្រូវតែមានទំនុកចិត្តលើផលិតផលខ្មែរ ប្រសិនបើយើងមិនចាប់ផ្ដើមពីចំណុចនេះទេ។ តើយើងអាចធ្វើឱ្យផលិតផលខ្មែររីកលូតលាស់ដូចម្ដេចបាន? …ជារួមប្រទេសណាក៏ដូចប្រទេសណាដែរ វៀតណាម ថៃ ក៏ចាប់ផ្ដើមពីផលិតផលនៅក្នុងស្រុកដែរ ធ្វើការកែលំអរបន្តិចម្ដងៗរហូតផលិតផលមានគុណភាពដូចសព្វថ្ងៃ» ។
ដោយឡែក លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅលើបណ្ដាញសង្គមហ្វេសបុកថា ប្រសិនបើពលរដ្ឋកម្ពុជាឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃនៅលើទឹកដីកម្ពុជាតទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពខាងរូបីយវត្ថុរបស់ប្រទេស។
រីឯលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជា លើកឡើងថា ការបិទព្រំដែនខ្មែរ-ថៃ សម្រាប់ប្រទេសកម្ពុជាមានផលប៉ះពាល់ផ្នែកសេដច្ចកិច្ចក្នុងរយៈពេលខ្លី ព្រោះមិនអាចនាំចូលទំនិញពីប្រទេសដទៃភ្លាមៗបានឡើយ។ ដោយឡែក ក្នុងរយៈពេលវែងប្រទេសកម្ពុជាមានលទ្ធផលវិជ្ជមាន ជាកត្តាមួយផ្ដលឱកាសឱ្យអ្នកវិនិយោគិនក្រៅប្រទេស អ្នកផលិតក្នុងស្រុកមានលទ្ធភាពពង្រីកឧស្សាហកម្ម បង្កើនការងារ និងប្រាក់ចំណូលនៅក្នុងស្រុក។លោកបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងស្រុក និងក្រៅប្រទេស មានទឹកចិត្តមោះមុតស្នេហារជាតិ ដោយមិនបន្តប្រើប្រាស់ផលិតផលរបស់ប្រទេសថៃ។
លោកបន្តថា៖« ឈ្មួញ ដែលគាត់នាំចូលពីតំបន់ផ្សេងមកឃើញថា ទំនិញថៃអត់មាន អញ្ចឹងជាឱកាសមួយក្នុងការតម្លើងថ្លៃ។អ្នកដែលតម្លើងថៃទំនិញនាំចូលមកទី១ គឺវៀតណាម។ ទី២ គឺខ្មែរយើងក្នុងស្រុកខ្លួនយើង គឺជាអ្នកតម្លើងថ្លៃបន្ទាប់…អ្នកទី១ នោះគឺអាជ្ញាធរនៅតាមតំបន់ព្រំដែន, ទី២ គឺអ្នកដឹកជញ្ជូន អ្នកនាំចូល ដើម្បីទទួលបានប្រាក់ចំណេញច្រើនក្នុងឱកាសរបស់គាត់នេះ គាត់ចេះតែឆ្លៀតតម្លើងទៅ ហើយដែលធ្វើឱ្យទំនិញក្នុងស្រុកយើងមានការឡើងថ្លៃរហូតដល់មានការអំពាវនាវពីសំណាក់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់បញ្ហានេះ» ។
យ៉ាងណាមិញ ក្រោយមានហេតុការបិទព្រំដែន រវាងប្រទេសកម្ពុជា-ថៃកន្លងមក កម្ពុជាមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងរយៈពេលខ្លី ទំនិញមានបរិមាណមិនសមស្របតាមតម្រូវការ និងឡើងថ្លៃ។ទោះបីបែបណាក៏ដោយ ការពហិការមិនប្រើប្រាស់ផលិតផលថៃនេះ គឺមានរយៈពេលយូអង្វែងសម្រាប់ប្រទេសកម្ពុជា ព្រោះកត្តានឹងបង្ហាញពីសាមគ្គីជាតិរបស់ប្រជាពលរដ្ឋខ្មែរ និងលទ្ធផលជាវិជ្ជមានក្នុងលំហូរសេដ្ឋកិច្ច។
លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លើឡើងថា ការចូលរួមឈប់ប្រើប្រាស់ផលិតផលថៃនេះជាឆន្ទៈផ្ទាល់របស់ប្រជាពលរដ្ឋជួយដាក់សម្ពាធទៅកាន់ភាគីថៃងាកមកចរចា និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។លោកបន្ថែមថាទាំងភាគីខ្មែរ និងភាគីថៃសុទ្ធសឹងតែទទួលរងការខាតបង់ផ្នែកសេដ្ឋកិច្ចរៀងៗខ្លួនពោលគឺប្រទេសកម្ពុជានឹងទទួលបានផលវិជ្ជមានឱ្យប្រជាពលរដ្ឋ អ្នកផលិតផ្សេងៗមានឱកាសផលិត ដាំដុះបន្ថែមគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។
លោកបន្តថា៖«ការទំនាក់ទំនងប្រកបមុខរបរ អាជីវកម្មនៅតាមព្រំដែនរវាងខ្មែរ ថៃ គឺខាតរវាងអាជីវករ និងពាណិជ្ជករទាំងសងខាង »។
គេសង្កេតឃើញថានៅតាមហាងលក់ចំណីអាហារ និងក្រុមហ៊ុនធំៗមួយចំនួនរបស់ថៃ ដែលកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាហាក់មានភាពស្ងប់ស្ងាត់ និងខុសប្លែកដែលពុំធ្លាប់មាន ក្រោយពេលប្រទេសទាំងពីរមានជម្លោះដោយសព្វាវុធកើតឡើង នៅតាមខ្សែបន្ទាត់ព្រំដែន៕
អត្ថបទដោយ៖ ឃុត ពិសី,យ៉ឹង នីម និងឈឺន ឈន់

