ស្របពេលដែលសាលាឧទ្ធរណ៍ភ្នំពេញ បើកសវនាការលើសំណុំរឿង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ មេធាវី អ្នកនយោបាយ និងអ្នកតាមដាន ស្នើតុលាការទម្លាក់បទចោទទៅអ្នកនយោបាយចាស់វស្សារូបនេះ ដើម្បីបង្ហាញពីការផ្សះផ្សា និងការបង្រួបបង្រួមជាតិ។
លោក ផែង ហេង ជាមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានឱ្យដឹងថា នៅក្នុងសវនាការនាពេលព្រឹកនេះ ក្រុមប្រឹក្សាជំនុំជម្រះ បានអនុញ្ញាតឱ្យតំណាងមហាអយ្យការសាលាឧទ្ធរណ៍ភ្នំពេញ ធ្វើសេចក្ដីសន្និដ្ឋានមុនគេចំពោះសំណុំរឿងលោក កឹម សុខា បន្ទាប់មកនៅពេលរសៀល ខាងសហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ស្នើសុំពេល៣ម៉ោងសម្រាប់ធ្វើសេចក្តីសន្និដ្ឋាន។ លោកបន្តថា សម្រាប់សហមេធាវីរបស់លោក កឹម សុខា នឹងធ្វើសេចក្តីសន្និដ្ឋាននៅព្រឹកថ្ងៃទី០៩ ខែមេសា ស្អែកនេះ ហើយបន្ទាប់លោក កឹម សុខា នឹងថ្លែងសម្តីចុងក្រោយទៅកាន់អង្គសវនាការ។
មេធាវីរូបនេះ បានឱ្យដឹងទៀតថា នៅព្រឹកមិញនេះ តំណាងមហាអយ្យការសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងការពារ និងគូសបញ្ជាក់ឡើងវិញនូវសម្តីសាក្សី ព្រមទាំងសម្តីរបស់លោក កឹម សុខា ដែលបានថ្លែងនៅប្រទេសអូស្ត្រាលី និងអំឡុងពេលបាតុកម្មផ្សេងៗ ហើយបានធ្វើសេចក្តីសន្និដ្ឋាន ដោយស្នើទៅក្រុមប្រឹក្សាជំនុំជម្រះ ឱ្យផ្តន្ទាទោស ដកសិទ្ធិធ្វើនយោបាយ និងសុំឱ្យឃុំខ្លួនលោក កឹម សុខា ។
យ៉ាងណា លោកមេធាវី ផេង ហេង បានគូសបញ្ជាក់ថា លោកបានត្រៀមខ្លួនរួចជាស្រេចនូវសេចក្ដីសន្និដ្ឋាន ដើម្បីការពារភាពស្អាតស្អំរបស់កូនក្ដី និងស្នើសុំទៅក្រុមប្រឹក្សាជំនុំជម្រះ ផ្តល់យុត្តិធម៌ ដោយទម្លាក់បទចោទលើលោក កឹម សុខា ដោយសារតែកូនក្តីរបស់លោក ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។
លោកថា៖ «ការស្នើសុំរបស់តំណាងអយ្យការ ជាសិទ្ធិរបស់តំណាងអយ្យការយល់ឃើញ ប៉ុន្តែសម្រាប់មេធាវី យើងនឹងស្នើសុំដោយបដិសេធចោល ព្រោះថាអ្វីដែលយើងប្តឹងឧទ្ធរណ៍នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនេះ ដោយសារតែយើងឃើញថាជាសាលក្រមមួយ ដែលផ្តល់ភាពអយុត្តិធម៌ដល់កូនក្តីយើង[…] ក្នុងរឿងព្រហ្មទណ្ឌ យើងមិននិយាយរឿងឈ្នះចាញ់នោះទេ យើងនិយាយរឿងថា តើរកឃើញយុត្តិធម៌ដែលគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឬយ៉ាងណា? យើងនឹងតតាំងដើម្បីបញ្ជាក់អំពីភាពស្អាតស្អំរបស់ឯកឧត្តម កឹម សុខា»។
លោកមេធាវី បន្ថែមថា៖ «រាជរដ្ឋាភិបាលគួរស្វែងរកការបញ្ចប់រឿងក្ដីឯកឧត្តម កឹម សុខា ហើយផ្សះផ្សាជាតិ ដើម្បីឱ្យស្ថានភាពសេដ្ឋកិច្ចនយោបាយ ត្រឡប់មកភាពប្រក្រតីវិញ»។
ចំណែក ប្រធានប្រជាធិបតេយ្យជឿនលឿន លោក យ៉ែម ប៉ុញ្ញឫទ្ធិ ដែលបានទៅឃ្លាំមើលសវនាការនាព្រឹកមិញនេះដែរ បានលើកឡើងថា ក្នុងនាមជាអ្នកនយោបាយដូចគ្នា លោកនៅតែបន្តតស៊ូមតិទាមទារឲ្យមានការទម្លាក់បទចោទលើ លោក កឹម សុខា ព្រោះលោកយល់ថាការចោទប្រកាន់នេះមិនមានភាពយុត្តិធម៌។
លោកថា៖ «ដូចយើងបានលើកឡើងអ៊ីចឹង គឺយើងនៅតែតស៊ូមតិទាមទារឲ្យមានការទម្លាក់បទចោទលើលោក កឹម សុខា ពីព្រោះយើងនៅតែយល់ឃើញថា វាមិនមានភាពយុត្តិធម៌សម្រាប់គាត់ទេ។ រហូតដល់ពេលនេះ ចំណាយពេលអស់ជាច្រើនឆ្នាំដែលយើងឃើញថា លទ្ធផលហាក់ដូចជាមិនមានការប្រែប្រួលប៉ុន្មានទេ។ ក្តីសង្ឃឹមសូម្បីនៅមានតិច ក៏យើងនៅតែតស៊ូដើម្បីទាមទាររកយុត្តិធម៌ជូនលោក»។
រីឯលោក គិន លាង ជាប្រជាពលរដ្ឋមកពីខេត្តសៀមរាប និងជាអ្នកគាំទ្រម្នាក់ បានលើកឡើងពីភាពស្អាតស្អំរបស់លោក កឹម សុខា ដោយថា មេដឹកនាំគណបក្សប្រឆាំងរូបនេះ តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា និងមិនដែលចាត់ទុកខ្មែរណាជាសត្រូវឡើយ ហើយលោកក៏មិនដែលចាកចេញពីមាតុភូមិឡើយ ទោះជាមានការចោទប្រកាន់តាមផ្លូវតុលាការទៅលើរូបគាត់ក្តី។ ករណីនេះ លោក គិន លាង បានស្នើយ៉ាងទទូចសុំឱ្យតុលាការបញ្ឈប់ការពន្យារពេលសវនាការ និងទម្លាក់រាល់ការចោទប្រកាន់ទាំងអស់ ដើម្បីផ្ដល់សេរីភាពដល់រូបលោក កឹម សុខា ឡើងវិញ។
លោកថា៖ «ខ្ញុំមិនដែលឃើញគាត់ធ្វើអ្វីអាក្រក់ គាត់តែងតែប្រកាសពីគោលការណ៍អហិង្សា មិនយកខ្មែរណាជាសត្រូវ[…]គាត់មិនរត់ចោលមាតុភូមិគាត់ ដោយសារតែគាត់មិនបានធ្វើអ្វីខុស។ ខ្ញុំសំណូមពរ ទីមួយគឺសូមឲ្យតុលាការកុំពន្យាពេលយូរពេក[…]ហើយទីពីរយើងចង់ឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់ ហើយដោះលែងគាត់ឲ្យមានសេរីភាពឡើងវិញ»។
Press Start Cambodia ពុំអាចការអត្ថាធិប្បាយជុំវិញករណីនេះ ពីលោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេ នៅត្រឹមរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ។
មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលបានឃ្លាំមើលករណីនេះដែរ មានប្រសាសន៍ថា ការទុកពេលរហូតដល់ជិត ២ឆ្នាំ គ្រាន់តែសម្រាប់ធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងនេះ ហាក់បង្ហាញឱ្យឃើញថា ជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់លើបទឧក្រិដ្ឋ។ ករណីនេះ លោកបានអំពាវនាវឱ្យមានការបង្រួបបង្រួមជាតិឡើងវិញ តាមរយៈការផ្ដល់សេរីភាពជូនលោក កឹម សុខា។
លោកថា៖ «យើងមើលឃើញនីតិវិធីដែលយើងតាមដានរហូតមកដល់ពេលនេះ គឺគ្រាន់តែទុកពេលឱ្យសន្និដ្ឋាន គឺជិត២ឆ្នាំ ដូច្នេះយើងមើលថាតើស្ថានភាពទាំងអ្នកទោស ទាំងចៅក្រម ព្រះរាជអាជ្ញា ទាំងមេធាវី យើងយល់ថា វាមិនមែនជារឿងខុសច្បាប់ទេ អានេះវាហាក់ដូចជារឿងនយោបាយច្រើនជាងរឿងដែលឯកឧត្តម កឹម សុខា ប្រព្រឹត្តបទល្មើសខុសច្បាប់[…] ក្នុងនាមអង្គការសង្គមស៊ីវិល ខ្ញុំគិតថា ស្នើសុំឱ្យការផ្សះផ្សាបង្រួបបង្រួមជាតិ ពីព្រោះទាំងអស់គ្នាគឺធ្វើដើម្បីជាតិ មានទិសដៅដូចគ្នា»។
លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចបានចាប់ខ្លួនទាំងកណ្ដាលយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោក។ ក្រោយការចាប់ខ្លួនលោកត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ អស់រយៈពេលជាងមួយឆ្នាំ។ បន្ទាប់មកលោកត្រូវបានដោះលែង តែត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយមានដាក់កំហិតការធ្វើដំណើរមិនឱ្យទៅក្រៅប្រទេស និងមិនឱ្យធ្វើនយោបាយ រហូតដល់ពេលប្រកាសសាលក្រម កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣។
លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដោយការឱ្យលោកស្ថិតនៅតែក្នុងផ្ទះរយៈពេល ២៧ឆ្នាំ ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ឬគប់គិតត្រូវរ៉ូវគ្នាជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលស្មើនឹងអំពើក្បត់ជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញផ្សាយកាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ លោក កឹម សុខា ក៏ត្រូវបានដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ លោកមិនត្រូវបានអនុញ្ញាតឱ្យចេញពីបរិវេណនៃលំនៅដ្ឋាន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាតពីតុលាការ។ លោកមិនត្រូវបានអនុញ្ញាតឱ្យជួបបុគ្គលណាម្នាក់ ទាំងខ្មែរនិងបរទេស ឬដោយប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតពីតុលាការ៕

