មេធាវីសកម្មជនសិទ្ធិមនុស្ស​លោក កើត សារ៉ាយ ស្នើ​តុលាការ​កំពូល​​ទម្លាក់​បទ​ចោទ​លើ​​កូន​ក្តី​​របស់​ខ្លួន

មេធាវី​ការ​ពារ​ក្តីឱ្យ​ លោក កើត​ សារ៉ាយ ប្រធាន​​សមាគម​​សម្ពន្ធ​​និសិ្សត​​បញ្ញវន្ត​​ខ្មែរ (KSILA) បាន​ស្នើ​ ​​​តុលាការ​​​​កំពូល ​បដិសេធ​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​​ ដែលផ្តន្ទាទោស​កូន​​ក្តី​​ឱ្យ​ជាប់ពន្ធនាគារ ៤ឆ្នាំ ពាក់ព័ន្ធនឹង​បទ ញុះញង់ និង​បទ​ មិន​រាង​ចាល ខណៈតុលាការ​ជាន់​ខ្ពស់មួយ​​នេះ បាន​បើក​សវនាការ​លើ​បណ្តឹង​សារទុក្ខ​របស់​សកម្មជនការ​ពារ​សិទ្ធិមនុស្ស​រូបនេះ។

លោក កើត សារ៉ាយ ត្រូវបានមន្ត្រីនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួន​កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ តាម​​ដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលក្នុងដីកានោះ បានត្រឹមបញ្ជាក់ថា ពាក់ព័ន្ធករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការ​ចាប់ខ្លួន​នេះ បន្ទាប់ពីលោក​​បាន​បញ្ចេញ​​​មតិ​ទាក់​ទង​នឹង​បញ្ហា​ជម្លោះ​ដីធ្លី​មួយ​ក្នុង​​​ខេត្ត​ព្រះ​វិហារ ។

សកម្មជនការ​ពារ​សិទ្ធិ​មនុស្ស លោក សារ៉ាយ​ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាត់​ទោស​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ឱ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល ៤ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២លាន​រៀល បទ​ចោទ «ញុះ​ញង់» និង​ «ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទា​ទោស​បទ​មជ្ឈិម»។

លោក អែម ចន្ថា មេធាវីការ​ពារ​ក្តីឱ្យ​លោក កើត សារ៉ាយ មាន​ប្រសាសន៍នៅ​មុខ​តុលាការ​កំពូល​ថា ក្នុង​សវនាការ​ លោក​​បាន​​ស្នើ​ដល់តុលាការ​កំពូល បដិសេធចោល​​នូវ​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍ភ្នំពេញ ហើយ​ឱ្យ​កូនក្តី​រួច​ផុត​ពី​បទ​ចោទ និង​ដោះលែង​ឱ្យមាន​សេរីភាព​ចាប់​ពីពេល​នេះ​តទៅ។

ការ​ស្នើ​បែប​នេះ ដោយលោកលើក​ហេតុផលថា ក្នុងសំណុំរឿង​នេះ ​មាន​ការ​ភាន់​ច្រលំ​ទៅ​លើ​អង្គ​ហេតុ ព្រោះ​​សកម្មភាពចុះជួប​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​​ និង​​​អ្វី​ដែល​កូន​ក្តី​របស់​លោក បាន​​បញ្ចេញមតិ​​​​បង្ហោះ​​​នៅ​​លើ​​បណ្តាញ​​សង្គម ជា​​បេសកកម្ម​​​ការ​ងារ​ក្នុង​នាម​ជា​អង្គការសង្គម​ស៊ីវិល។

លោកថា៖ «មាត្រាដែលយើងប្តឹងសារទុក្ខមកនេះ គឺ​មាត្រា ៤១៩ យើងឃើញថា វាមានការភាន់​ច្រលំទៅ​លើ​​អង្គ​ហេតុ ​ហើយចឹងហើយ គឺយើង​ត្រូវលើកអំពីមាត្រា​គាំទ្រមួយចំនួន[…] ដូចមាត្រា៣ មាត្រា៤ ​នៃ​​ក្រម​​​ព្រហ្ម​ទណ្ឌ ហើយ​និង​មាត្រា​៣៨ នៃរដ្ឋធម្មនុញ្ញ សិទ្ធសេរីភាពនិងកក្តិសញ្ញាអន្តជាតិ ការ​បញ្ចេញ​មតិ។ ហើយ​អ្វីដែលកូនក្តីធ្វើ គឺក្នុងនាមជាការផ្សាយអំពីសកម្មភាពរបស់គាត់ ក្នុងនាម​ជាអង្គការដែលទៅ​ជួប​ប្រជា​​​ពលរដ្ឋដែលមាន​បញ្ហាតែប៉ុណ្ណោះ»។

ចំណែក លោក អំ សំអាត នាយក​​ទទួលបន្ទុកចាត់ការទូទៅនៃ​​អង្គការ​​សិទ្ធិ​មនុស្ស ​លីកាដូ ដែល​បាន​ចូល​រួម​សវនាការ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​តុលាការ​ថា សមាគមរបស់លោក កើត សារ៉ាយ បាន​ចុះ​​បញ្ជី​ត្រឹម​ត្រូវនៅក្រសួងមហាផ្ទៃ​ ហើយអ្វីដែលលោកធ្វើ គឺទៅតាមក្នុងលក្ខនិ្តកៈ​ និង​បេសកកម្ម​របស់​សមាគម ដែល​មិន​មែន​ជាសកម្មភាព​ខុស​​ច្បាប់។

លោកថា៖ «​យើងឃើញហើយថា​ លោក កើត សារ៉ាយ ជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែល​មាន​ការចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយ​នៅ​ក្នុងលក្ខន្តិកៈ​ និងបេសកម្មរបស់លោក ក៏មានការ​ការ​​ពារ​សិទ្ធមនុស្ស ចឹងការចុះទៅយកព័ត៌មាន​ករណីដីធ្លី ដែលប្រជាពលរដ្ឋរងគ្រោះ ដោយសាររឿង​ដីធ្លី វា​ជា​បេសកកម្មរបស់សមាគម ហើយក៏វាមិនមែនជារឿងហេតុដែលខុសច្បាប់ ព្រោះ​អង្គការសមាគម​​ផ្សេងៗ​​ដែល​គេ​មាន​គោលការណ៍ ដែលគេបេសកម្ម ហើយនិងលក្ខន្តិកៈដូចគ្នា គេធ្វើដូចគ្នា»។

ករណីនេះ លោក អំ សំអាត យល់ថា សកម្ម​ភាព និងការ​ងារ​របស់​លោក កើត សារ៉ាយ មិនមែនជា​បទ​ល្មើស​នៃ​ការ​ញុះញង់ឱ្យ​មានភាពវឹក​វរ ឬបទ​មិន​រាង​ចាល ដែល​តុលាការ​កំពូល គួរ​ពិចារណា​ក្នុងការ​ដោះលែង​សកម្មជនការ​ពារ​សិទ្ធិ​មនុស្ស​រូប​នេះ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

យ៉ាងណា ក្នុង​សវនាការនា​ព្រឹក​មិញ​នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការ​កំពូល​ លោក សេង នាង ​​មាន​​ប្រសាសន៍​​ថា កាល​បរិច្ឆេទ​ប្រកាស​សាលក្រម ​នឹង​ជូនដំណឹង​នៅ​​ថ្ងៃ​ទី០៣ ខែកក្កដា ឆ្នាំ​២០២៦​ ខាងមុខ។

កាលពីឆ្នាំ២០២១ លោក កើត សារ៉ាយ ធ្លាប់​ត្រូវ​បាន​សាលា​ដំបូង​រាជធានីភ្នំពេញ ​​កាត់​​ទោស​​ឱ្យ​​ជាប់​​ពន្ធនា​គារ ២០​ខែ​ម្ដង​រួច​មក​ហើយ ពី​បទ​ «ញុះ​ញង់»​ ចំពោះ​ការ​ចូល​រួម​ក្នុង​បាតុកម្ម​ដោយ​សន្តិវិធី​របស់​លោក ទាម​​ទារ​ឱ្យ​ដោះ​លែង លោក រ៉ុង ឈុន អតីត​មេដឹកនាំ​សហជីព។ បើតាមអត្ថបទខ្លីរបស់​​អង្គការ​លីកាដូ នា​​ពេល​​កន្លងមក ការ​ចោទ​ប្រកាន់​លោក កើត សារ៉ាយ ​​ជា​ថ្មី​នៅ​ឆ្នាំ​២០២៤ លើប​ទ​ចោទ «ញុះ​ញង់» និង «ការ​​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទា​ទោស​បទ​មជ្ឈិម» បាន​ធ្វើ​ឱ្យ​លោកត្រូ​វ​ជាប់​ទោស​ទ្វេ​ដង តាម​​មាត្រា​​៨៨ នៃ​​ក្រម​​ព្រហ្ម​​ទណ្ឌ។

បើតាមអង្គការ​លីកាដូ លោក​ ​កើត សារ៉ាយ​ ​ស្ថិត​ក្នុងចំណោម​មនុស្ស​ចំនួន​ ១១៧ ​នាក់​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​​​​ដោយ​ការ​​​​​ប្រើ​​​សិទិ្ធ ​ពាក់ព័ន្ធ​នឹង​​ភាព​សកម្ម​និយម​ ​និង​ការ​បញ្ចេញមតិ​របស់​ពួកគេ​៕