ប្រជាពលរដ្ឋជាង ១០០នាក់ តំណាងឱ្យជាង ១៦០គ្រួសារ នៅសហគមន៍កោះមាស ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកកៀនស្វាយ ខេត្តកណ្តាល បាននាំគ្នាបន្តទៅដាក់ញត្តិរដ្ឋសភា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្នើសុំកិច្ចអន្តរាគមន៍ពីតំណាងរាស្ត្រ ជួយរកដំណោះស្រាយជុំវិញវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត។
តំណាងប្រជាសហគមន៍កោះមាស លោក ឈឹម រី អាយុ ៧៧ ឆ្នាំ បានលើកឡើងថា ការដែលពួកគាត់នាំគ្នាបន្តទៅដាក់ញតិ្តនៅរដ្ឋសភានេះ ដោយសារតែពួកគាត់បានដាក់ញត្តិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងស្ថាប័នថ្នាក់ជាតិពាក់ព័ន្ធ ព្រមទាំងព្រឹទ្ធសភាផងដែរ ប៉ុន្តែមិនទាន់មានដំណោះស្រាយ ទើបពួកគាត់នាំគ្នាទៅសុំអន្តរាគមន៍ពីតំណាងរាស្រ្តនៅរដ្ឋសភា បន្ថែមទៀតនៅថ្ងៃចន្ទនេះ។ លោកបានអំពាវនាវដល់ស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា មេត្តាជួយដោះស្រាយបញ្ហានេះជូនពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ នេះផង ព្រោះពួកគាត់បានរស់នៅ និងអាស្រ័យផលលើដីនេះដោយស្របច្បាប់ ប៉ុន្តែបែរជាមានការធ្វើប្លង់ឱ្យទៅក្រុមហ៊ុន រំលោភលើដីធ្លីរបស់ប្រជាពលរដ្ឋទៅវិញ។
លោកថា៖ «គោលបំណងខ្ញុំទី១ គឺ មកសុំតំណាងរាស្រ្តទាំងអស់នៅរដ្ឋសភា សុំដីធ្លីមកវិញ សុំសំណូមពរដល់រដ្ឋសភា ប្រធានព្រឹទ្ធសភា ជាតំណាងរាស្រ្តទាំងអស់នៅក្នុងរដ្ឋសភា ជួយដោះស្រាយឱ្យយើខ្ញុំជួយ ព្រោះយើងខ្ញុំរស់នៅដោយស្របច្បាប់ ហើយមកធ្វើប្លង់លើដីពួកខ្ញុំ សុំអំពាវនាវយកមកវិញ»។
យោងតាមញត្តិរបស់ប្រជាពលរដ្ឋ វិវាទដីធ្លីនៅតំបន់កោះមាសនេះ បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ រវាងប្រជាពលរដ្ឋក្នុងសហគមន៍ប្រមាណ ១៦៨ គ្រួសារ និងក្រុមហ៊ុនឯកជន ឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export)។ ប្រភពដដែល បន្តថា ដើមចមនៃបញ្ហានេះ បានកើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យផ្ដល់ដីអនុបយោគ (ការផ្លាស់ប្តូរប្រភេទដីរដ្ឋ) ទំហំប្រមាណ ៣៥០ ហិកតា នៅតំបន់កោះនោះ ដើម្បីឱ្យក្រុមហ៊ុនជួលវិនិយោគអភិវឌ្ឍន៍ក្នុងរយៈពេល ៥០ ឆ្នាំ។
លោក ជុំ សំអឿន អាយុ៧២ឆ្នាំ ជាតំណាងសហគមន៍កោះមាសមួយរូបទៀត បានលើកឡើងថា ជាគោលបំណងរបស់ប្រជាសហគមន៍ គឺពួកគាត់ក៏គ្រោងដាក់ញត្តិថ្វាយព្រះមហាក្សត្រ នៅព្រះបរមរាជវាំង ដើម្បីសុំព្រះរាជអន្តរាគមន៍រឿងវិវាទដីធ្លីនេះ ប៉ុន្តែដោយសារតែព្រះអង្គមិនបានគង់ប្រថាប់នៅក្នុងព្រះបរមរាជវាំង ទើបពួកគាត់ដាក់ញត្តិនៅរដ្ឋសភាជាមុនសិន ដើម្បីសុំឱ្យតំណាងរាស្ត្រជួយរកដំណោះស្រាយ។
លោកថា៖ «យើងដាក់សុំអន្តរាគមន៍ពីរដ្ឋសភា សុំឱ្យរដ្ឋសភាជួយអន្តរាគមន៍រឿងបណ្ណកម្មសិទ្ធិដីធ្លីនៅកោះមាសហ្នឹង! ដាក់អស់ហើយ»។
ចំណែក ប្រជាពលរដ្ឋនៅសហគមន៍កោះមាសមួយរូបទៀត អ្នកស្រី ជា ស្រីពៅ អាយុ ៣៨ ឆ្នាំ ដែលមានដីក្បាល ១៤ ម៉ែត្រ និងជាអ្នកអាស្រ័យផលដាំដំណាំរួមផ្សំដូចជា ល្ហុង ចេក និងបន្លែបង្ការផ្សេងៗសម្រាប់លក់ដូរ បានរៀបរាប់ប្រាប់ Press Start Cambodia ថា អ្នកស្រីស្នើសុំឱ្យក្រសួងពាក់ព័ន្ធជួយរកយុត្តិធម៌ជូនពួកគាត់ ព្រោះពលរដ្ឋបានវាស់វែងបាញ់ប្លង់ដីតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្តែបែរជាមិនទទួលបានបណ្ណកម្មសិទ្ធិ។
អ្នកស្រីថា៖ «ពួកខ្ញុំស្នើឱ្យក្រសួងជួយរកយុត្តិធម៌ឱ្យពួកខ្ញុំ ដោយសាអី ពួកខ្ញុំបាញ់ប្លង់តាំងពី២០២០មក ហើយប្លង់បានហើយ តែពួកខ្ញុំអត់បាន អញ្ចឹងគោលបំណងពួកខ្ញុំស្នើយកប្លង់ទេ តែគេថាប្លង់គេប្រគល់ឱ្យឧកញ្ញ៉ា អភិវឌ្ឍន៍កោះហ្នឹង»។
យ៉ាងណា អ្នកស្រីទទូចសុំឱ្យរាជរដ្ឋាភិបាល ចេញបណ្ណកម្មសិទ្ធិ (ប្លង់រឹង) ជូនពួកគាត់ ហើយប្រសិនបើរដ្ឋ ឬក្រុមហ៊ុនចង់យកដីនោះទៅអភិវឌ្ឍន៍ អ្នកស្រីសំណូមពរឱ្យមានការទិញ-លក់ក្នុងតម្លៃសមរម្យតាមទីផ្សារសេរី។
Press Start Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានទេនៅថ្ងៃចន្ទនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់ថា ការដែលសហគមន៍ដីធ្លីកោះមាស នៅតែបន្តដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍នេះ គឺដោយសារពួកគាត់មិនទាន់ទទួលបានដំណោះស្រាយដែលអាចទទួលយកបាន និងបាត់បង់ទំនុកចិត្តលើការដោះស្រាយរបស់អាជ្ញាធរកន្លងមក។ លោកបានសង្កត់ធ្ងន់ថា បញ្ហានេះនឹងមិនអាចបញ្ចប់បានឡើយ ប្រសិនបើគ្មានដំណោះស្រាយដែលផ្អែកលើការយល់ព្រមពីគ្រប់ភាគី ជាពិសេសពីសំណាក់ពលរដ្ឋរងគ្រោះ។
លោកថា៖ «រដ្ឋសភា និងព្រឹទ្ធសភា គឺមានគណៈកម្មការទី១ គឺជាគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនង ដូច្នេះការដាក់ញត្តិរបស់សហគមន៍ដីធ្លីកោះមាសទៅរដ្ឋសភា គឺដូចគ្នានឹងនីតិវិធីនេះ[…]ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ គួរពន្លឿនដំណោះស្រាយឱ្យបានឆាប់ ដើម្បីជៀសវាងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សហគមន៍ និងការរាំងស្ទះក្នុងការអភិវឌ្ឍ»។
យោងតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផង អ៊ិចផត គ្រប់គ្រងនូវទីតាំងដីកោះមាសទំហំ ៣៤០ហិកតា ៣៨អា ០៤សង់ទីអា ស្ថិតនៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយក្រុមហ៊ុនត្រូវធ្វើការដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលនៅលើទីតាំងដីដោះមាសក្នុងតម្លៃចាប់ពី ៥ ទៅ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។
តែយ៉ាងណា ប្រជាពលរដ្ឋនៅតំបន់កោះមាស ធ្លាប់បានលើកឡើងថា ការដោះស្រាយគោលនយោបាយជូនពលរដ្ឋ តម្លៃ ៥ដុល្លារ ទៅ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េនេះ គឺពួកគាត់ពុំអាចទទួលយកបានទេ ដោយសារមិនអាចទៅរកដីធ្លីសម្រាប់រស់នៅនិងអាស្រ័យផលនៅកន្លែងផ្សេងបាន ដែលការណ៍នេះ ពួកគាត់ស្នើឱ្យមានការដោះស្រាយគោលនយោបាយតាមតម្លៃទីផ្សារ៕

