ជើងខ្លាំងគុនខ្មែរ ឌីម សារុំ នឹងត្រូវជួបប្រកួតជាមួយកីឡាករ ប៉ែនកាក់ មហាម៉ាត់ ដណ្តើមពានរង្វាន់ ក្នុងកម្មវិធី Cambodia Fighter នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈអ្នកជំនាញក្នុងវិស័យគុនខ្មែរខ្លះយល់ឃើញថា វាជាការឆាប់ពេកដែលឱ្យ សារុំ ជួបប្រកួតជាមួយ មហាម៉ាត់ នៅពេលនេះ។
បើតាមសេចក្តីរាយការណ៍ព័ត៌មាននៅលើបណ្តាញព័ត៌មានក្នុងស្រុកនាពេលថ្មីៗនេះបានឱ្យដឹងថា កីឡាករគុនខ្មែរ ឌីម សារុំ គ្រោងនឹងជួបប្រកួតជាមួយកីឡាករ ប៉ែនកាក់ មហាម៉ាត់ ក្នុងប្រភេទទម្ងន់៥១ គីឡូក្រាម ដណ្តើមពានក្នុងកម្មវិធី Cambodia Fighter ។ កម្មវិធីប្រកួតនេះ គ្រោងធ្វើនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅបរិវេណ ជីបម៉ុង ពោចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ផ្តើមពីម៉ោង ៧កន្លះយប់តទៅ។
លោក ភុំ សារ៉ាយ ជាអតីតគ្រូបង្វឹកប្រដាល់គុនខ្មែរនៅក្លឹបគុនខ្មែរអន្តរជាតិ(KKIF) និងជាអតីតគ្រូបង្វឹករបស់កីឡាករ ឌីម សារុំ បានលើកឡើងថា ជំនួបរវាង សារុំ និង មហាម៉ាត់ ហាក់ដូចជាធ្វើឡើងឆាប់ពេកហើយថា សារុំ គួរតែប្រកួតជាមួយលំដាប់ ៥១គីឡូក្រាមឱ្យបាន២ឬ៣នាក់ទៀតសិន។
បើទោះបីជា សារុំ ធ្លាប់ឈ្នះ ពេជ្រ សិង្ហ ក៏ដោយ ក៏លោក ភុំ សារ៉ាយ យល់ថា អតីតកូនសិស្សរបស់លោករូបនេះ មិនទាន់អាចចាត់ទុកជាជើងខ្លាំងណាស់ណាទេ ព្រោះលំដាប់គីឡូប្រភេទ៥១នេះ នៅមានអ្នកខ្លាំងផ្សេងទៀតដូចជា រស្មី គុនខ្មែរ និង ឡុង ពិសិដ្ឋ ជាដើម។ ម៉្យាង សារុំ មិនធ្លាប់មានប្រវត្តិជួបប្រភេទកីឡាករបុកខ្លាំង និងអាវុធធ្ងន់ដូច មហាម៉ាត់ ពីមុនមកទេ។
លោកគ្រូ ភុំ សារ៉ាយ និយាយថា “ឌីម សារុំ វៃបាន ប្រកួតគ្នាបានតែពិបាកឈ្នះបន្តិច។ និយាយឱ្យត្រង់ចុះ ខ្ញុំឱ្យ សារុំ ៧០% មហាម៉ាត់ ៨០% មិនមែនមើលងាយខ្មែរគ្នាឯងទេ រឿងពិតឃើញទាំង ឌីម សារុំ ទាំង មហាម៉ាត់”។
លោក សុខ រិទ្ធ ជាកីឡាករជើងខ្លាំង និងចាស់វស្សាមួយរូបក្នុងប្រភេទទម្ងន់៥១ គីឡូក្រាម បានលើកឡើងស្រដៀងនឹងលោកគ្រូ ភុំ សារ៉ាយ ដែរថា ឌីម សារុំ គួរមានពេលវេលាជួបជើងខ្លាំងក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាមផ្សេងទៀត ឱ្យបានស៊ាំបន្តិចសិន ដូចជា កីឡាករ ហ៊ីម សេរី ខាំ ខ្លានាង និង រស្មី គុនខ្មែរ ជាដើម មុននឹងជួបជាមួយ មហាម៉ាត់។
បើទោះបីជាលោកបង្ហាញនូវអារម្មណ៍ពេញចិត្តនឹងសមត្ថភាពរបស់ ឌីម សារុំ ប៉ុន្តែលោកទទួលស្គាល់ថា មហាម៉ាត់ មានសមត្ថភាពលើបន្តិច ព្រោះ មហាម៉ាត់ វាយមិនដូចគុនខ្មែរទេ គឺវាយបុកខ្លាំង ទាំងទម្រង់ប្រយុទ្ធកៀក និងឆ្ងាយ មហាម៉ាត់ ធ្វើបានល្អដូចគ្នា។
សុខ រិទ្ធ និយាយថា “ខ្ញុំក៏ស្រឡាញ់ សារុំ ដែរ តែខ្ញុំឱ្យគាត់៤៥% មហាម៉ាត់ ៥៥% ។ [ ខ្ញុំ] នៅតែស្រឡាញ់ ឌីម សារុំ ដែរ គាំទ្រកីឡាករខ្មែរ”។
ទោះបីជាយ៉ាងណាក៏ដោយ លោក សួង បញ្ញា ជាប្រធានក្លឹបអភិរក្សគុនខ្មែររុងរឿងហាក់មានមតិផ្ទុយពីទស្សនៈខាងលើ ដោយលោកលើកឡើងថា បច្ចុប្បន្ន គឺមានតែកីឡាករ ឌីម សារុំ ប៉ុណ្ណោះ ដែលស័ក្ដិសមជាមួយ ប៉ែនកាក់ មហាម៉ាត់។
លោកគ្រូបន្ថែមថា កីឡាករ ឌីម សារុំ សព្វថ្ងៃមិនទាន់ចាញ់កីឡាករខ្មែររូបណាទេ ថែមទាំងយកឈ្នះជើងខ្លាំងវ័យក្មេង ពេជ្រ សិង្ហ ផងដែរ។ លោកថា ដូច្នេះសមត្ថភាពប្រហែល ឌីម សារុំ គឺអាចប្រកួតជាមួយ មហាម៉ាត់ បាន។
លោកគ្រូ បញ្ញា និយាយថា “បើ សារុំ ព្យាយាម វាយធុងស៊ុប (ពោះ) និងវាយកែង អាហ្នឹងខ្ញុំឱ្យក្រេឌីត សារុំ ៧០% ដែលអាចឈ្នះ មហាម៉ាត់ […] បើ សារុំ ព្យាយាមវាយអាហ្នឹង ទាត់ជើងក្រោម មហាម៉ាត់ នឹងពិបាកយកឈ្នះ ឌីម សារុំ»។
កីឡាករ ឌីម សារុំ មានវ័យ ១៧ឆ្នាំ ដែលមានប្រវត្តិប្រកួត២៥ ឈ្នះ២៣ ចាញ់១ ស្មើ១ និងផ្ដួលដៃគូឱ្យសន្លប់១២ដង បានលើកឡើងថា ជំនួបជាមួយ ប៉ែនកាក់ មហាម៉ាត់ នាថ្ងៃខាងមុខនេះ រូបគេចាត់ទុកថា ជារឿងធម្មតា ហើយគ្មានក្ដីបារម្មណ៍អ្វីនោះទេ ស្របពេលកីឡាកររូបនេះកំពុងប្រឹងប្រែងហ្វឹកហាត់ ដើម្បីបង្កើនកម្លាំង។
ជុំវិញការលើកឡើងរបស់អ្នកនិយមគាំទ្រវិស័យគុនខ្មែរថា មិនទាន់ដល់ពេលត្រូវជួបជាមួយ មហាម៉ាត់ នោះ សារុំ ទទួលស្គាល់ថា មហាម៉ាត់ គឺជាកីឡាករល្អគ្រប់គ្រឿងនិងមានកម្លាំងស៊ុះល្អ ប៉ុន្តែសម្រាប់ការប្រកួតនេះ សារុំ បានដាក់ក្ដីរំពឹងលើខ្លួនឯងរហូតដល់ ៦៥% ថា នឹងអាចយកឈ្នះកីឡាករ ប៉ែនកាក់ មហាម៉ាត់។
ជើងខ្លាំងវ័យក្មេងរូបនេះបាននិយាយថា “អាស្រ័យលើការវាយសិន ទើបដឹង”៕

