លោក​ កឹម​ សុខា ​មាន​​សេរី​ភាព​​ធ្វើ​​ដំ​ណើរ​ទៅ​ក្រៅ​ប្រ​ទេស​ ប៉ុន្តែ​នៅបន្ត​​ជាប់បម្រាម​ធ្វើ​នយោបាយ​

ដោយៈ

Press Start Cambodia Avatar

លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំងមាន​សេរីភាព​ក្នុង​ការ​​ធ្វើដំណើរ​ទៅក្រៅ​ប្រ​ទេស​​ បន្ទាប់ពី​​ទទួលបាន​ការ​​លើកលែង​ទោសចំពោះការហាមឃាត់​ចាកចេញ​ទៅក្រៅ​ប្រទេស​​​រយៈពេល​៥​ឆ្នាំ​ ខណៈ​​នៅបន្ត​ជាប់​បម្រាម​​​ធ្វើ​នយោ​បាយ​​​​​​។​

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ត្រាស់បង្គាប់​លើក​លែង​ទោស​ចំពោះទោស​​​បន្ថែម​ដល់​លោក កឹម សុខា ត្រង់ចំណុច​ការ​ហាម​ឃាត់​ចំពោះ​ការ​ចាកចេញ​ពី​ដែន​ដី ​នៃព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​៥​ឆ្នាំ​។ នេះបើ​តាម​ព្រះ​​រាជក្រឹត្យ ​ចុះថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៦ និង​​ត្រូវ​បាន​ផ្សព្វ​​ផ្សាយជា​​ទូទៅនៅលើ​បណ្តា​ញ​សង្គម​នៅល្ងាចថ្ងៃ​សុក្រ​នេះ​។​

ព្រះរាជក្រឹត្យ​ដដែលក៏​បាន​​បញ្ជាក់​ផងដែរថា ការ​លើកលែង​ទោស​ចំពោះទោស​បន្ថែមនេះ មិន​​​អនុវត្ត​ចំពោះ​ទោស​បន្ថែម​ផ្សេងទៀត​ឡើយ​។​

កាល​ពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៦ លោក​ ហ៊ុន សែន ប្រ​ធាន​ព្រឹទ្ធសភា​ និងក្នុងឋានៈ​ជា​ប្រ​មុខ​រដ្ឋ​ស្តីទី​បាន​ចុះហត្ថលេខាលើ​ព្រះរាជក្រឹត្យ​លើក​លែង​ទោសដាក់​ពន្ធនាគារ​ដល់​​លោក លោក កឹម សុខា អាយុ​៧២ ​ម្តងរួច​មកហើយ​ បន្ទាប់ពី​សាលាឧទ្ធរណ៍​​បាន​សម្រេច​តម្កល់​សាលក្រម​​របស់​សាលាដំបូង​រាជធានីភ្នំពេញ និង​បាន​ផ្តន្ទាទោស​បន្ថែម​ដោយ​ហាម​ឃាត់​ការ​ចាក​ចេញ​ពីប្រទេសកម្ពុជា​រយៈ​ពេល​៥​ឆ្នាំ។​

លោក ផែង ហេង ជា​សហមេធាវីការពារក្តី​​ឱ្យ​​លោក កឹម សុខា បាន​បញ្ជាក់ប្រាប់ Press Start Cambodia នៅល្ងាច​​ថ្ងៃសុក្រនេះ​​ថា លោក​ កឹម សុខា ពិតជា​ទទួល​បាន​ការលើក​លែង​ទោស​បន្ថែមចំពោះ​បម្រាម​​ចេញ​ទៅ​ក្រៅប្រ​ទេសមែន​ ប៉ុន្តែ​ថា ទោស​បន្ថែម​​ផ្សេងទៀតរួម​ទាំំងបម្រាម​ធ្វើសកម្មភាព​នយោបាយ​​នៅ​​រក្សាដដែល។​

លោក​ ផែង ហេង មាន​ប្រសាសន៍ថា៖ “សម្រាប់ខ្ញុំ ខ្ញុំយល់​ថា ដល់ពេលខ្មែររួបរួម​គ្នា ចឹង​ហើយ​​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិនយោបាយ​របស់​ឯកឧត្តម​ កឹម សុខា គួរ​តែត្រូវ​បាន​លើក​លែង​ទាំង​​ស្រុង​សម្រាប់​ឯកឧត្តម​ កឹម សុខា មាន​ឱកាស​ក្នុងការ​ចូល​រួម​បម្រើ​ជាតិ​ ការ​ពារ​ទឹក​ដី​ អធិបតេយ្យជាតិ​តាមដែល​អាចធ្វើ​បាន”

ស្រដៀងគ្នានេះដែរ លោក​ស្រី ម៉េង សុភារី ជា​សហមេធាវី​ការ​ពារក្តីម្នាក់​ទៀត​ក៏បាន​បង្ហោះ​ព្រះរាជក្រឹត្យដដែល​​លើ​ទំព័រហ្វេសប៊ុក​របស់​លោក​ស្រី​ផ្ទាល់​នៅល្ងាចថ្ងៃសុក្រ​ដោយសរសេរ​​ថា លោក​ កឹម សុខា មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅក្រៅប្រទេសបាន ចាប់ពីថ្ងៃព្រះមហាក្សត្រ​ឡាយ​​ព្រហស្ថលេខា​តទៅ​។​

លោក កឹម សុខា ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​សមត្ថកិច្ច​​ឆ្មក់ចូល​ចាប់ខ្លួន​កាលពី​​រំលងអាធ្រាត្រ​ក្នុងខែកញ្ញា ​ឆ្នាំ​២០១៧ និង​ត្រូវ​បាន​ចោទប្រកាន់ថា​ បាន​ត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំ​រដ្ឋាភិបាល​។ គណបក្សរបស់​លោក ត្រូវ​បានតុលាការកំ​ពូល​​​​រំលាយកាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ កាលពីខែ​មីនា ឆ្នាំ​២០២៣ ​សាលាដំ​បូង​រាជធានីភ្នំ​ពេញបាន​​​ផ្តន្ទាទោសលោក​ឱ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​២៧​ឆ្នាំ​ ​ពី​បទ​ “សន្ទិដ្ឋិភាពជាមួយបរទេស”​ ដោយត្រូវ​​ឃុំខ្លួន​​នៅក្នុង​ផ្ទះ ​ដក​ហូត​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍