ប្រទេសជប៉ុន បានផ្តល់ជំនួយនូវទឹកប្រាក់ចំនួន ៥០០លានយ៉េន ឬស្មើប្រមាណ ៣លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់គម្រោងជំនួយសន្តិសុខ ដែលជាការលើកកម្ពស់សមត្ថភាពសន្តិសុខ និងជាការរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅក្នុងសហគមន៍អន្តរជាតិ។
ការផ្តល់ជំនួយនេះ បានធ្វើឡើងតាមរយៈការចុះហត្ថលេខា និងផ្លាស់ប្តូរលើលិខិតប្តូរសារ ស្តីពីជំនួយសន្តិសុខផ្លូវការ (OSA)រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា និងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
ស្ថានទូតជប៉ុន បានឱ្យដឹងថា គម្រោងស្តីពីជំនួយសន្តិសុខផ្លូវការ ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក) នេះ នឹងផ្តល់នូវឧបករណ៍បញ្ជូនសារ ទៅកាន់កងទ័ពជើងគោក និងនាវាល្បាត ទៅកាន់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។
ស្ថានទូតបានគូសបញ្ជាក់ក្នុងសំណេរដើមថា៖ «យើងរំពឹងថា គម្រោងនេះនឹងលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា និងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅក្នុងសហគមន៍អន្តរជាតិ»៕
អត្ថបទដោយ៖ គីម សុខលាភ

