ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ ដែលបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកស្លាប់៥នាក់ និងរបួសធ្ងន់១នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។
តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តបាត់ដំបងនៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ២០ឆ្នាំ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តបាត់ដំបង ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ (បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់) តាមមាត្រា៨៥ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យរបួសដល់អ្នកដទៃ និងបទរត់គេចខ្លួន តាមបញ្ញត្តិមាត្រា ៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគ និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។
សេចក្តីប្រកាសព័ត៌មាននេះសរសេរថា៖ “ដើម្បីបន្តចំណាត់ការស៊ើបសួរតាមនីតិវិធី និងអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់បំផុតនៅក្នុងសំណុំរឿងទាំងពីរនេះ ដើម្បីផ្តល់យុត្តិធម៌ និងការសងសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះពីជនត្រូវចោទ”។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុមានឈ្មោះ ប៉ុក ស៊ីណាប់ (ស្រី) ម៉េន ម៉ីនាង (ស្រី) សួនធានី (ប្រុស) វុន ស្រីជា (ស្រី) និងឈ្មោះ ចាន់ ចាវ (ប្រុស) និងឈ្មោះ ម៉េន សុខមាន (ប្រុស) រងរបួសធ្ងន់។
ដោយឡែកអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី២ ខែមេសា នេះផងដែរថា ករណីគ្រោះថ្នាកចរាចរណ៍ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅម៉ោងប្រហែល ២២៖៤០នាទី បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក MERCEDES BENZ AMG GT៥៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា C.S. ៦១៦៨ បើកបរដោយឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុសអាយុ២០ឆ្នាំ។
តំណាងអយ្យការបន្ថែមថា ជនសង្ស័យបានបើកបរក្នុងល្បឿនលឿន ហើយរេចង្កូតចូលទៅគន្លងផ្លូវរបស់ម៉ូតូ ហើយបុកចំពីខាងក្រោយម៉ូតូចំនួនពីរគ្រឿងរបស់ជនរងគ្រោះ ខណៈពេលពួកគេជិះម៉ូតូត្រឡប់មកពីមើលការប្រគំតន្ត្រីមួយកន្លែងនៅទីរួមស្រុកមោងឫស្សី បណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ ដែលក្នុងនោះស្ត្រីម្នាក់មានគភ៌ចំនួន៣ខែ និងក្មេងប្រុសម្នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយភ្លាមៗអ្នកបើកបរបានគេចខ្លួនពីកន្លែងកើតហេតុ។
គួរបញ្ជាក់ថា សំណុំរឿងនេះ ត្រូវបានតំណាងអយ្យការបំបែកជា២ ដែលក្នុងនោះ សំណុំរឿងទី១ ចោទប្រកាន់ជនសង្ស័យពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ (បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់) តាមមាត្រា៨៥ ចំណុចគ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសំណុំរឿងទី២ ចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់អ្នកដទៃ និងរត់គេចខ្លួន តាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។
មាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក បណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់ ត្រូវផ្តន្ទាទោសពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យពី១០លានរៀលទៅ២៥លានរៀល។
មាត្រា៨៣ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា ជនណាបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យមានរបួសដល់អ្នកដទៃ ហើយបណ្តាលឱ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ១០លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយឬច្រើនដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមពហ្មទណ្ឌ។
មាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ ចែងថា អ្នកបើកបរ ដែលបានដឹងច្បាស់ថា ខ្លួនទើបតែបង្កឱ្យមានគ្រោះថ្នាក់ឬការខូចខាត ហើយមិនព្រមឈប់ ដើម្បីគេចខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ៤លានរៀល។
ទាក់ទិនករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃអង្គារ បានថ្លែងសារចូលរួមរំលែកទុក្ខក្រុមគ្រួសារសព និងបានចេញបញ្ជារឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិស្រាវជ្រាវឱ្យហ្មត់ចត់រកជនបង្កមកទទួលខុសត្រូវចំពោះមុខច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃនាពេលថ្មីៗនេះបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសរុបចំនួន ១៨៤ករណី ដែលក្នុងនោះ បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១០៧នាក់ និងរបួសធ្ងន់ស្រាល២៥៧នាក់។ ក្រសួងមហាផ្ទៃបញ្ជាក់ទៀតថា តួលេខនេះ បើធៀបនឹងខែកុម្ភៈបានថយចុះចំនួន១៨ករណី អ្នកស្លាប់ថយចុះ៦៣នាក់ និងអ្នករបួសថយចុះ ១៦០នាក់៕

