មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានកត់ត្រាឧប្បតិ្តហេតុនានា ដែលយាយីលើអ្នកសារព័ត៌មាននៅកម្ពុជាចំនួន ៩ករណី គិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៥ ដែលការណ៍នេះបានឆ្លុះបញ្ចាំងពីការគំរាមកំហែងជាបន្តបន្ទាប់ ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា។
យោងតាមរបាយការណ៍របស់ CCIM ចេញផ្សាយនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានលើកឡើងថា រយៈពេល៣ខែនៃត្រីមាសទី៣ ឆ្នាំ២០២៥នេះ CCIM បានកត់ត្រាឧប្បត្តិហេតុចំនួន ៩ករណី ដែលប៉ះពាល់ដល់អ្នកសារព័ត៌មានអាជីព និងអ្នកសារព័ត៌មានពលរដ្ឋ និងអាជ្ញាប័ណ្ណសារព័ត៌មានចំនួន០១ផងដែរ។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា ឧប្បត្តិហេតុទាំងនោះ ពាក់ព័ន្ធករណីបៀតបៀនផ្លូវភេទលើស្ត្រីជាអ្នកសារព័ត៌មានពលរដ្ឋ១ករណី ការឃាត់ខ្លួន២ករណី ការគំរាមកំហែង៣ករណី ការដកហូតអាជ្ញាប័ណ្ណសារព័ត៌មាន១ករណី និងករណីចាប់ខ្លួន២ករណី ក្រោយការចុះផ្សាយអំពីជម្លោះព្រំដែន ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។
របាយការណ៍បញ្ជាក់ថា៖ «ករណីបែបនេះ បានឆ្លុះបញ្ចាំងពីការគំរាមគំហែងជាបន្តបន្ទាប់ចំពោះសេរីភាពសារព័ត៌មាន និងការគាបសង្កត់យ៉ាងធ្ងន់ធ្ងរ លើតម្រូវការបន្ទាន់សម្រាប់ការការពារកាន់តែរឹងមាំ និងបរិយាកាសដែលអ្នកសារព័ត៌មានទូទាំងប្រទេស អាចធ្វើការដោយសេរី និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មានទូទាំងប្រទេស»។
ករណីភាគច្រើនដែលបានចងក្រងក្នុងរបាយការណ៍នេះ មានផ្សាភ្ជាប់ទៅនឹងរបាយការណ៍អំពីការប៉ះទង្គិចដោយអាវុធនៅព្រំដែនរវាងកម្ពុជា-ថៃ កាលពីខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងការរាយការណ៍អំពីអភិបាលកិច្ចមូលដ្ឋានដែលមានការដាក់សម្ពាធពីអាជ្ញាធរ និងបញ្ហាសង្គមដែលជាកង្វល់របស់សាធារណជន។
នាយិកានៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោកស្រី ឆន សុគន្ធា មានប្រសាសន៍នៅថ្ងៃទី២៥ ខែតុលានេះថា ការបន្តយាយីទៅលើអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានពលរដ្ឋ នឹងធ្វើឱ្យជះឥទ្ធិពលមិនល្អដល់សង្គម ជាពិសេសប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
លោកស្រីថា៖ «ដូចយើងឃើញស្រាប់ហើយ នៅក្នុងពេលប្រទេសកំពុងមានបញ្ហារឿងវិវាទព្រំដែន ក៏ដូចជាបញ្ហាឩក្រិដ្ឋកម្មជួញដូរតាមអនឡាញជាដើម ធ្វើឱ្យពលរដ្ឋមានការលំបាកក្នុងការស្វែងរកព័ត៌មានដែលខ្លួនជឿទុកចិត្តបាន ទោះបីជាប្រទេសយើងមានសារព័ត៌មានដែលចុះបញ្ជីច្រើនក៏ដោយ តែអ្នកហ៊ានរាយការណ៍បញ្ហាដែលមានលក្ខណៈស្ថាបនា ឬបញ្ហារសើប តែងតែប្រឈមនឹងការចោទប្រកាន់តាមផ្លូវតុលាការ ដូចជា បទញុះញង់ ឬការដកអាជ្ញាប័ណ្ណជាដើម»។
ករណីនេះ លោកស្រី ឆន សុគន្ធា បានស្នើយ៉ាងទទូចទៅកាន់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន គួរតែពិនិត្យ និងបើកលំហរសេរីភាពសារព័ត៌មានឡើងវិញ ដែលអាចឱ្យអ្នកសារព័ត៌មាន រាយការណ៍ព័ត៌មានពិត និងព័ត៌មានបែបស្ថាបនា ជូនដល់ប្រជាពលរដ្ឋបានពេញលេញ ដោយពុំមានការភ័យខ្លាចពីការគំរាមកំហែង និងរងបណ្តឹង។
លោក សឿ សុជា អ្នកសារព័ត៌មាន HPN News ប្រចាំខេត្តកំពង់ធំ បានឱ្យដឹងថា រូបលោក ធ្លាប់រងនូវការគំរាម និងការយាយីជាច្រើនពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន នៅពេលដែលលោកចុះផ្តិតយករូបភាព និងយកព័ត៌មានពីបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់។ លោកបញ្ជាក់ថា ការយាយីទាំងនោះ មានដូចជាការគំរាមកំហែង ការដកហូតយកទូរស័ព្ទ សម្ភារៈ និងមធ្យោបាយធ្វើដំណើរផ្សេងៗជាដើម។
លោកថា៖ «អ្នកសារព័ត៌មានពលរដ្ឋតាមខេត្តដូចពួកខ្ញុំ តែងតែរងនូវការធ្វើបាប បំភិតបំភ័យពីគ្រប់រូប ពាក្យបណ្ដឹងដល់ផ្ទះតែម្ដងក៏មានដែរ កត្តាទាំងនេះ នាំឱ្យពួកយើងភ័យខ្លាច ក៏ដូចមានហានិភ័យពីសុវត្ថិភាពផ្ទាល់ខ្លួន កាលណាយើងផ្សាយអំពីព័ត៌មានរសើបៗ ដែលអាចខាតបង់ផលប្រយោជន៍ ដូចជាការកាប់បំផ្លាញព្រៃឈើ ការឈូសឆាយទន្ទ្រានដីរបស់រដ្ឋ ដែលបង្កបុគ្គលមានអំណាច»។
ករណីនេះ លោក សឿ សុជា បានស្នើដល់រដ្ឋាភិបាល បើកចំហរសេរីភាពសារព័ត៌មានឱ្យបានពេញលេញផងដែរ ដើម្បីឱ្យពួកគាត់ហ៊ានរាយការណ៍ព័ត៌មានពិតដែលកើតមានក្នុងសង្គម។
លោកស្នើថា៖ «ជាពិសេសរដ្ឋាភិបាលជួយការពារអ្នកសារព័ត៌មានឱ្យមានប្រសិទ្ធិភាព ដើម្បីកុំឱ្យអ្នកសារព័ត៌មាន ស្ងាត់និងឯកា ដល់ពេលតែពួកគាត់ឯកា នឹងលែងមានអ្នកហ៊ាននិយាយការពិត អំពើពុករលួយ បំផ្លាញជាតិ»។
ឆ្លើយតបបញ្ហានេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា របាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពអ្នកសារព័ត៌មានរបស់សមាគម ឬក៏អង្គការសង្គមស៊ីវិល បានរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបរិយាកាសអំណោយផលដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាននៅទូទាំងប្រទេស។
តែយ៉ាងណា លោកថា កន្លងមក ក្រសួងពុំដែលទទួលបានរបាយការណ៍ទាំងនោះ ក៏ដូចជាពុំទទួលបានការសហការពីភាគីពាក់ព័ន្ធ ក្នុងការរៀបចំរបាយការណ៍ទាំងនោះដែរ ដែលធ្វើឱ្យព័ត៌មានចេញតែពីភាគីម្ខាង។
លោកថា៖ «ទាំងនេះហើយ ដែលធ្វើឱ្យការសន្ទនា ក៏ដូចជាការជជែកស្វែងរកដំណោះស្រាយ លើករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មាននេះ មានការលំបាក ដោយសារការផ្សព្វផ្សាយរបាយការណ៍ធ្វើឡើងដោយមួយចំហៀង ចំណែកក្រសួង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ពុំបានទទួលនូវព័ត៌មាន»។
ស្របពេលនេះដែរ អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ រាយការណ៍ព័ត៌មានពិត និងច្បាស់លាស់ ហើយមិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ចឬអ្នកជំនាញណាមួយ ដើម្បីជៀសវាងការប្រឈមនឹងបញ្ហាផ្លូវច្បាប់។
ទោះយ៉ាងណា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាទី ១៦១ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះបន្ថែមទៀតពីចំណាត់ថ្នាក់ ១៥១ កាលពីឆ្នាំ២០២៤ ដែលចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយកាន់តែយ៉ាប់យ៉ឺន។ តែមន្ត្រីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកចំណាត់ថ្នាក់របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនថា ជាការស្រង់យករបាយការណ៍មួយជ្រុងតូចមកចុះផ្សាយ ដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃសេរីភាសារព័ត៌មាននៅកម្ពុជា៕

