គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់លោកស្រី Matilda Bogner តំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងការឈ្លានពានរបស់ថៃ អំឡុងជំនួបកាលពីថ្ងៃព្រហស្បតិ៍។
ក្នុងជំនួបនេះ លោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានរៀបរាប់អំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ និងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេស ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោក កែវ សុទ្ធិ លើកឡើងថា សកម្មភាពរំលោភបំពានទាំងនោះរួមមាន ការបិទព្រំដែនជាឯកតោភាគី ដោយគ្មានផ្តល់ដំណឹងជាមុន ការវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌ ពិភពលោក។
លោកបន្តថា ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗ បានបង្កផលប៉ះពាល់ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន ។ ក្រៅពីនោះ កងទ័ពថៃបានលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា ហើយព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែងតាមរយៈការដាក់ពង្រាយ លួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពាន និងបន្តកាន់កាប់ដោយខុសច្បាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៣៥ ០០០នាក់ មិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបានដោយសុវត្ថិភាព។
សេចក្តីប្រកាសព័ត៌មានដដែលនេះបន្ថែមថា លោកជំទាវ Matilda Bogner ក៏បានថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានយ៉ាងលម្អិតនិងច្បាស់លាស់ ហើយក៏បានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់ (គ.ស.ម.ក.) ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស ការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាង គ.ស.ម.ក. និងការិយាល័យ OHCHR លើវិស័យសិទ្ធិមនុស្ស នាពេលកន្លងមក។
កាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥ ភាគីថៃបានបើកការវាយប្រហារលើកដំបូងលើកម្ពុជា និងលើកទី២ កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ ដោយមានបទឈប់បាញ់លើកចុងក្រោយ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ។ ទោះយ៉ាងណា គេសង្កេតឃើញថា ភាគីថៃនៅតែបន្ដឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា បើទោះបីមានបទឈប់បាញ់នេះហើយក៏ដោយ៕

