មន្ត្រី​សុខាភិបាល​​អំពាវ​នាវ​​ដល់​ពលរដ្ឋ​​ប្រុង​ប្រយ័ត្ន​កា​រ​ឆ្លង​​​​ជំងឺ​កូវីដ-១៩ អំឡុង​ពេលរដូវវស្សា​

ដោយៈ

Press Start Cambodia Avatar

មន្ត្រីជាន់ខ្ពស់នៃក្រសួង​​សុខាភិបាល អំពាវ​នាវ​ដល់ប្រជាពលរដ្ឋ​​បង្កើន​ការ​ប្រ​យ័ត្ន​ចំពោះ​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ ជាពិសេស​នៅរដូវ​ភ្លៀង​ធ្លាក់នេះ ដែល​ជំងឺ​នេះ​ងាយ​នឹង​ឆ្លង ខណៈក្នុង​សប្តាហ៍​មុន ក្រសួងបាន​​រក​ឃើញ​អត្រាអ្នក​ឆ្លងជំងឺនេះ​ជាង ១០នាក់។

បើតាមសេចក្តីជូនដំណឹង​របស់ក្រសួង​សុខាភិបាល ស្តីពី ការសរុប​ស្ថាន​ភាពជំងឺកូវីដ​-១៩ ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា សម្រាប់ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០២៦ បានរកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ៦នាក់ និងករណីជា​សះស្បើយ​២នាក់ ខណៈនៅថ្ងៃទី០៣ ខែកក្កដា ក្រសួង​បានរកឃើញ​ករណី​ឆ្លង​ថ្មី ២នាក់ និង​ជា​សះស្បើយ​២នាក់ ហើយ​នៅថ្ងៃទី​០៤ ខែ​កក្កដា ក្រសួង​បានរក​ឃើញ​ករណី​ឆ្លង​ថ្មី ៧នាក់ និង​ជាសះស្បើយ ២នាក់។ ចំណែក​នៅថ្ងៃទី​០៥ ខែ​កក្កដា ក្រសួង​មិន​បានរកឃើញករណីឆ្លង​ថ្មីនោះទេ។

តែយ៉ាងណា ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃ​ក្រសួង​សុខាភិបាល លោក លី សុវណ្ណ នៅថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៦ បានអំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ពីការ​ឆ្លង​ជំងឺកូវីដ​-១៩​​ ជាពិសេស​​នៅរដូវភ្លៀងធ្លាក់នេះ ដែល​ជំងឺអាចនឹងងាយឆ្លង។

លោកបាន​លើកឡើងថា៖ «ករណី​នេះ មិន​ទាន់​ជា​ក្ដី​ព្រួយ​បារម្ភ​ប៉ុន្មាន​ទេ ខែ​នេះ​ខែ​ភ្លៀង យល់​ល្អ​ទៅ​ណា​ត្រូវ​តែ​ពាក់​ម៉ាស់ ប្រសិន​ជា​ឈឺ លេប​ថ្នាំ​នៅ​ផ្ទះ​៣ថ្ងៃ​អី​មិន​ធូរ គួរ​ទៅ​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរ​ពេទ្យ»។

ជាមួយគ្នា​នេះ លោក លី សុវណ្ណ ក៏បានរំលឹក​ពីវិធានការ​​សុវត្ថិភាព ៣កុំ ៣ការពារ ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​នៃ​វីរុស​នេះ ដែល​វិធាន​ការទាំង​​​នេះ​ រួម​​មាន ត្រូវពាក់​ម៉ាស់ឱ្យ​បានជាប់លាប់​ ជា​ពិសេស​អំឡុង​ពេល​ចេញក្រៅ​ផ្ទះ​, លាង​ដៃ​ជាមួយ​សាប៊ូ ឬ​បាញ់​​អាល់​​កុល​​ឲ្យ​បាន​ញឹក​ញាប់ ហើយ​​​​បើ​មិន​ចាំបា​ច់​កុំ​ទៅ​កន្លែង​ជួប​ជុំ​មនុស្ស​​ច្រើនជា​ដើម។​ ក្រៅពីនោះ លោក​ថា ប្រសិន​បើ​​មាន​អាការៈ​សង្ស័​យ​​​ណា​មួយ សូម​ទៅ​​ពិគ្រោះ​និង​ពិនិត្យ​​នៅ​មន្ទីរពេទ្យ​។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២៦ កម្ពុជា​បាន​​រក​ឃើញ​ករណី​ឆ្លង​ជំងឺកូវីដ​-១៩ សរុបចំនួន ១៣៩ ៦៩០ករណី ក្នុងនោះ​មាន​អ្នក​ស្លាប់​ចំនួន ៣ ០៥៦​នាក់ និង​ករណីជា​សះស្បើយចំនួន ១៣៦ ៦១៧​ករណី៕

អត្ថបទដោយ៖ ធួន ស្រីពៅ

អត្ថបទគួរឱ្យចាប់អារម្មណ៍