ប្រមុខរដ្ឋស្ដីទីបញ្ចប់​គោរមងារ​ឧកញ៉ា​ អ៊ឹម​ សុផាន់ណារិទ្ធ ក្រោយសមត្ថកិច្ចរក​ឃើញសាច់ក្លាសេនាំចូល​ពី​ថៃ

ប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ ក្រោយសមត្ថកិច្ចរក​ឃើញសាច់ក្លាសេនាំចូល​ពី​ប្រទេស​ថៃ​នៅឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផត របស់ឧញ៉ារូបនេះ។

ព្រះរាជក្រឹត្យដែល​ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ​ មិនបានបញ្ជាក់អំពីមូលហេតុ​នៃការបញ្ចប់គោរមងារនេះឡើយ ខណៈការបញ្ចប់គោរមងារនេះបានធ្វើឡើងតាម​សំណើរ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត រយៈពេលត្រឹម៥ថ្ងៃ បន្ទាប់ពី​សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផត របស់លោកស្រី អ៊ឹម សុផាន់ណារិទ្ធ ហៅ “ចែទូច” ស្ថិតនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។

ក្នុង​ប្រតិបត្តិការឆែកឆេរនេះដែរ​ មន្ត្រីជំនាញរកឃើញសាច់ក្លាសេសរុប​ចំនួន​៣មុខ​ សាច់មាន់ សាច់ទា សាច់ជ្រូកសរុបចំនួន​ជាង២៤៤តោន​។​ ក្នុងនោះ មន្ត្រីជំនាញក៏បានរកឃើញសាច់ក្លាសេដូចជា ជង្គង់មាន់ ស្លាបមាន់ ជើងមាន់ ក្បាលទា និងគ្រឿងក្នុងជ្រូក រាប់សិបតោន ដែលភាគច្រើន គឺនាំចូលពីប្រទេសថៃ។

លោក ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា កាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានបង្ហោះសំណេរមួយនៅលើគេហទំព័រ Facebook Page របស់លោកស្នើ​ឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូលក្នុងពេលព្រំដែនបន្តបិទនៅឡើយ។ លោកមានប្រសាសន៍ថា៖ “ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា “ឆ្មាមិននៅកណ្តុរឡើងរាជ្យឱ្យសោះ”។

គួរបញ្ជាក់​ថា លោក​ស្រី​​ អ៊ឹម​ សុផាន់ណារិទ្ធ ទទួល​បាន​គោរមងារ ឧកញ៉ា កាល​ពីថ្ងៃ​​ទី​១៩ ខែ​សីហា ឆ្នាំ២០២២៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍