រដ្ឋាភិបាលកម្ពុជាអះអាងថា រដ្ឋាភិបាលគ្មានគម្រោងលក់ដូរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅឱ្យវិស័យឯកជនណានោះទេ។
កាលពីថ្ងៃ២០ ខែតុលា ឆ្នាំ២០២៥ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាលនឹងមិនលក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅឱ្យឯកជនទេ ហើយនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ដោយរដ្ឋគ្រោងចំណាយថវិកាក្នុងមួយឆ្នាំ៣លានដុល្លារ ដើម្បីថែទាំ។
លោកបាន បន្ថែមថា ព្រលានយន្តនេះនឹងរក្សាទុកសម្រាប់ការប្រើប្រាស់ក្នុងគោលបំណងពីរ គឺទី១រក្សាទុកជាអាកាសយានដ្ឋានបម្រុង និងទី២ គ្រោងរៀបចំជាសួនសាធារណៈ ដើម្បីជាប្រយោជន៍របស់សាធារណៈជនទូទៅ។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ខ្ញុំសូមបញ្ចាក់ អត់មានលក់ទៅណាទេ ជារបស់រដ្ឋ អត់មានផែនការលក់ទៅណាទេ”។
កាលពីខែឧសភា ឆ្នាំ២០២៥ កន្លងទៅ លោកនាយករដ្ឋមន្ត្រី បានថ្លែងម្ដងរួចមកហើយ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជាថា រដ្ឋាភិបាលមិនបានលក់ និងគ្មានគម្រោងលក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទេ។
មុនពេលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបិទដំណើរការកាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន SCA បានដំណើរការព្រលានយន្តហោះនេះ ចាប់តាំងពីឆ្នាំ១៩៩៥។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើមឡើយមានឈ្មោះថា «អាកាសយានដ្ឋាន អន្តរជាតិពោធិ៍ចិនតុង» បានសាងសង់ឡើងនៅឆ្នាំ១៩៥៤ លើផ្ទៃដីសរុបទំហំ ៣៨៦.៥០ ហិកតា ស្ថិតក្នុងភូមិចោមចៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងបានចាប់ផ្តើមបើកដំណើរការដំបូងនៅឆ្នាំ ១៩៥៥ ជាលក្ខណៈក្នុងស្រុក និងនៅឆ្នាំ១៩៥៩ អាកាសយានដ្ឋាននេះ ត្រូវបានពង្រឹង និងកែលម្អសម្រាប់ការហោះហើរជាលក្ខណៈអន្តរជាតិ៕

