រដ្ឋខាតពន្ធ ៥០ទៅ៦០លានដុល្លារក្នុងមួយខែ ដោយ​សារ​ការ​បន្ថយ​​​ពន្ធ​​ប្រេង​​ឥន្ធនៈ​​​និងសម្ភារៈ​អគ្គិសនី

ដោយៈ

Press Start Cambodia Avatar

ប្រមុខ​រាជរដ្ឋាភិបាល ឱ្យដឹងថា កម្ពុជា​បានខាត​បង់​​ចំណូល​ពន្ធ​ប្រមាណ​ពី ៥០ទៅ៦០លាន​ដុល្លារ​​អាមេរិក​ក្នុង​មួយ​ខែ ដោយ​សារ​ការ​​​បន្ថយ​អត្រា​ពន្ធ​លើ​ប្រេង​ឥន្ធនៈ​ ​និង​ឧបករណ៍​ប្រើ​ប្រាស់​​ថាមពលអគ្គិសនី ក្នុងកាលៈទេស​​ដែល​​សេដ្ឋកិច្ចកំពុ​ងជួប​បញ្ហា​ប្រឈម។

​ក្នុង​ពិធី​​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៅ​សាកល​វិទ្យាល័យមួយ ក្នុ​ងខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២៦នេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុនម៉ាណែត បាន​ថ្លែង​ថា ដើម្បីជួយ​សម្រួល​ដល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ ក្នុងកាលៈទេសៈដែល​សេដ្ឋកិច្ច​កំពុង​ប្រឈម រដ្ឋ​​ត្រូវ​ចេញ​ខាត​ផ្នែក​ពន្ធ​ទៅលើប្រេង​ឥទ្ធនៈ និង​ឧបករណ៍ដែលប្រើ​ថាមពលអគ្គិសនី​។​

លោកថា៖ «ក្នុង​ដំណាក់កាលដែល​លំបាក​នេះ សេដ្ឋកិច្ច​ដែល​កំពុង​ប្រឈម យើង​ត្រូវ​បញ្ចេញលុយ​ច្រើន​ទៀត សម្រាប់​ទប់​អតិផរណា​ មួយ​ខែ​រដ្ឋ​ត្រូវ​ខាត​ពន្ធប្រហែលជា​​​ ៥០ទៅ​៦០លាន​ដុល្លារ តាម​រយៈការ​បន្ថយ​​ពន្ធ​ប្រេង បន្ថយ​ពន្ធ​ពី​សម្ភារៈ​អគ្គិសនី ដែល​ប្រើ​ថាមពល​អគ្គិសនី ដើម្បី​អី? ដើម្បីជួយ​សម្រាល​ដល់​បន្ទុក​របស់​ប្រជាពលរដ្ឋ​»។

បើតាម​សេចក្តីជូនដំណឹង​របស់ក្រសួង​ពាណិជ្ជកម្ម​ ចុះ​ថ្ងៃទី​២១​ ខែកក្កដានេះ ឱ្យ​ដឹងថា ផ្អែកតាម​សភាព​ការណ៍ និង​ថ្លៃ​ប្រេង​ឥន្ធនៈ​បន្តកើនឡើង​នៅទីផ្សារ​អន្តរជាតិ ក៏ដូចជា​ថ្លៃ​ដឹកជញ្ជូន​ និង​ថ្លៃ​ធានារ៉ាប់រង​មានការ​កើនឡើង​ខ្ពស់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​បញ្ចុះ​ពន្ធអាករបន្ថែមលើប្រេង​សាំង និង​ប្រេង​ម៉ាស៊ូត​មក សូន្យដុល្លារ, បញ្ចុះ​អាករពិសេស​លើប្រេង​សាំង​ពី ៣០ភាគរយ មក​ ១៥ភាគរយ និង​ប្រេង​ម៉ាស៊ូតពី ៤ភាគរយ មក​ ០ភាគរយ និងបញ្ចុះអាករ​លើតម្លៃ​បន្ថែមលើប្រេង​សាំងពី ១០ភាគរយ មក​ ៤ភាគរយ និង​ប្រេង​​ម៉ាស៊ូត ពី ១០ភាគរយ មក​ ០ភាគរយ ដោយរាជរដ្ឋាភិបាល ទទួលបន្ទុក​ជំនួស​សរុប​ចំនួន ៦ភាគរយ សម្រាប់​ប្រេង​សាំង និង​ ១០ភាគរយ ​សម្រាប់ប្រេង​ម៉ាស៊ូត។

ការណ៍នេះ ក្រសួង​ថា តម្លៃ​ប្រេង​សាំង​ចាប់​ពីថ្ងៃទី​២១ ដល់ថ្ងៃទី​២៨ ខែ​កក្កដានេះ​ គឺត្រូវ​លក់​ ៤៣០០​រៀល​​ក្នុ​ងមួយ​​លីត្រ សម្រាប់​ប្រេង​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូតតម្លៃ ៤៩៥០រៀល​ក្នុង​មួយ​លីត្រ។

ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនៅលើ​​ទីផ្សារ​អន្តរ​ជាតិ​​​ ត្រូវបាន​គេ​សង្កេត​ឃើញថា បាន​កើតឡើង​ក្រោយ​ពី​មាន​វិបត្តិ​​សង្គ្រាម​នៅ​មជ្ឈឹម​បូព៌ា ចាប់តាំង​ពី​ចុង​ខែកុម្ភៈ ឆ្នាំ២០២៦ ដែល​នាំឱ្យ​មាន​ការ​បិទ​ច្រក​សមុទ្រ​ហ័រមូស (Strait of Hormuz) ដែល​ជា​ផ្លូវ​ទឹក​ដ៏​សំខាន់​សម្រាប់​ការ​ដឹក​ជញ្ជូន​ប្រេង​ទៅ​កាន់​ទីផ្សារ​ពិភព​លោក៕

អត្ថបទដោយ៖ សុខ​ សារ៉េត

អត្ថបទគួរឱ្យចាប់អារម្មណ៍