រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជាពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០» ដើម្បីជាការចូលរួមចំណែកក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន និងលើកកម្ពស់ការអភិរក្សប្រព័ន្ធអេកូឡូស៊ី។
ក្រសួងបរិស្ថាន បានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី០៧ ខែកក្កដានេះថា «យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS) ឆ្នាំ២០២៦–២០៣០» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី០៦ខែកក្កដា ម្សិលមិញនេះ នៅទីស្តីការក្រសួងបរិស្ថាន ដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាមជិកព្រឺទ្ធសភានិងរដ្ឋសភា តំណាងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការជាតិនិងអន្តរជាតិជាច្រើននាក់។
ប្រភពដដែលបានស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ដែលថ្លែងក្នុងពិធីនោះថា ការដាក់ចេញយុទ្ធសាស្ត្រនេះ ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងភាពស្មុគស្មាញ ជាមួយវិបត្តិបរិស្ថាន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និទ្ធ និងការរួមសកម្មភាពជាសមូហភាពកាន់តែខ្លាំងក្លាឡើងរវាងប្រជាជាតិទាំងអស់ ខណៈការទូតបរិស្ថាន ដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ ដែលតភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី។
បើតាមក្រសួងបរិស្ថាន យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា បានកំណត់នូវសសរស្តម្ភយុទ្ធសាស្ត្រចំនួនបី រួមមាន ការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយ ការបន្ស៊ាំ និងអភិបាលកិច្ច, ការលើកកម្ពស់ការអភិរក្សអេកូឡូស៊ី និងការការពារបរិស្ថាន៕
អត្ថបទដោយ៖ គីម សុខលាភ

