រដ្ឋាភិបាល ចេញបទបញ្ជាហាមឃាត់ការនាំចូល ការលក់ចែកចាយ ការស្តុកទុក និងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬហៅកាត់ថាបារីអេឡិចត្រូនិក ស្របពេលមានការរីករាលដាលនៃការប្រើប្រាស់ផលិតផលទាំងនេះ ក្នុងចំណោមកុមារ និងយុវជន ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសុខភាពសាធារណៈ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានដាក់ចេញបទបញ្ជា ស្ដីពី ការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងស៊ីស្សា។
នៅក្នុងបទបញ្ជាដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ប្រមុខរដ្ឋាភិបាល បានលើកឡើងថា ថ្មីៗនេះមានការរីករាលដាលនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារ និងយុវជន ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ។
ប្រភពដដែល បន្តថា ការប្រើប្រាស់ឧបករណ៍និងផលិតផលទាំងនោះ មានផលប៉ះពាល់ដែលអាចឈានទៅដល់ការប្រើប្រាស់គ្រឿងញៀនដទៃទៀត ដោយសារតែវាអាចប្រើប្រាស់សម្រាប់ជក់គ្រឿងញៀនដទៃបាន ដែលបណ្តាលឲ្យកុមារ និងយុវជនឈានទៅជក់បារីធម្មតា ប្រសិនបើអ្នកប្រើប្រាស់ញៀននឹងសារធាតុនីកូទីន ដែលជាកក្តានាំដល់កំណើនជំងឺមិនឆ្លងនៅក្នុងសង្គម។
ក្នុងបទបញ្ជានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យចាត់វិធានការលើការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ព្រមទាំងត្រូវអប់រំផ្សព្វផ្សាយ និងណែនាំឱ្យមានប្រសិទ្ធភាព ពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់ផលិតផលទាំងនេះ។
ជាមួយគ្នានេះ លោកថា គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការចំពោះបុគ្គលទាំងឡាយណាដែលប្រើប្រាស់ ឬកាន់កាប់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ ព្រមទាំងបុគ្គលដែលលក់ និងចែកចាយ តាមរយៈការព្រមានជាលាយល័ក្ខអក្សរ និងឱ្យធ្វើកិច្ចសន្យាឈប់ប្រើប្រាស់ ដកហូត និងព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្មជាដើម។
ជាមួយគ្នានោះ ប្រមុខរដ្ឋាភិបាល ក៏បានបញ្ជាឱ្យចាត់វិធានការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា លើការប្រើប្រាស់ ឬពាក់ព័ន្ធនឹងផលិតផលទាំងនេះផងដែរ។
Press Start Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ពីលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងលោក កុយ វ៉ាន់នី អ្នកនាំពាក្យក្រសួងសុខាភិបាល បានទេ នៅថ្ងៃទី២៣ ខែតុលានេះ។
លោក មុំ គង់នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២៣ ខែតុលានេះថា ការដាក់ចេញនូវវិធានការរបស់រាជរដ្ឋាភិបាល គឺជារឿងល្អមួយ ដើម្បីជួយសង្គ្រោះ និងទប់ស្កាត់យុវជន និងកុមារ ពីការបើប្រាស់បារីអេឡិចត្រូនិច ទោះបីជាឧបករណ៍ និងផលិតផលទាំងនោះ ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជារួចទៅហើយក្តី។
លោកយល់ថា កត្តាដែលនាំឲ្យមានការរីករាលដាលនៃការប្រើប្រាស់បារីអេឡិចត្រូនិកនៅកម្ពុជា ដោយសារតែមានការផ្សព្វផ្សាយថាបារីអេឡិចត្រូនិក ជាឧបករណ៍សម្រាប់ផ្តាច់បារី ដែលជាការផ្សព្វផ្សាយខុសពីការពិត ស្របពេលមានការនាំចូលបារីអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖ «តាមពិតការដែលថា ការជក់បារីអេឡិចត្រូនិកហ្នឹងជាម៉ាស៊ីនផ្តាច់បារី(ធម្មតា) ជួយឲ្យឈប់ជក់បារី គឺជារឿងភូតកុហក។ អង្គការសុខភាពពិភពលោក បានបោះពុម្ភឯកសារច្រើនដងមកហើយថា វាមិនមែនជាឧបករណ៍សម្រាប់ផ្តាច់បារីទេ ប៉ុន្តែផ្ទុយទៅវិញ វាគឺជាឧបករណ៍មួយដែលធ្វើឲ្យអ្នកជក់ញៀននឹងបារីអេឡិចត្រូនិចហ្នឹងជាដំបូង ហើយអាចឈានទៅជក់បារីធម្មតា ហើយក៏អាចឈានទៅប្រើប្រាស់គ្រឿងញៀនដទៃទៀតដែរ ពីព្រោះឧបករណ៍ដែលដាក់សម្រាប់ជក់ហ្នឹង អាចយកទៅដាក់នូវសារធាតុញៀនផ្សេងទៀតសម្រាប់ជក់បានដូចគ្នា»។
តាមទិន្នន័យពីអង្គការសុខភាពពិភពលោក មានកុមារអាយុចន្លោះពី១៣ ដល់១៥ឆ្នាំ ចំនួនយ៉ាងតិច១៥លាននាក់ នៅជុំវិញពិភពលោក បានប្រើប្រាស់បារីអេឡិចត្រូនិក ហើយបើគិតជាសរុបគ្រប់វ័យវិញ មានមនុស្សប្រមាណជាង ១០០លាននាក់ ប្រើប្រាស់ឧបករណ៍ Vape សម្រាប់ជក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។
អ្នកស្រី ជឿន រ៉ូហ្សា ពលរដ្ឋខ្មែរឥស្លាមមួយរូបរស់នៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានសាច់ញាតិធ្លាប់ជក់បារីអេឡិចត្រូនិក បានសាទរចំពោះការចេញបទបញ្ជា និងការដាក់ចេញវិធានការក្នុងការទប់ស្កាត់បញ្ហានេះ ដោយសារផលិតផលប្រភេទនេះ ប៉ះពាល់ដល់សុខភាព។
បើទោះបីជាមានការចេញបទបញ្ជាពីរាជរដ្ឋាភិបាល ទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធក្តី ប៉ុន្តែស្រ្តីជនជាតិខ្មែរឥស្លាមរូបនេះ នៅតែមានក្តីបារម្ភ ដ្បិតយល់ថា អាចមានការបន្តលក់នូវផលិតផលដែលសល់ពីស្តុកចាស់ និងការលួចលក់ដោយសម្ងាត់ជាដើម។
អ្នកស្រីលើកឡើងថា៖ «មានអ្នកខ្លះក្មេងស្ទាវៗ វាចង់ទិញចឹងហ្អា៎ វាទាក់ទងគ្នាវា ហើយគ្នាវាទៅយកពីអ្នកលក់ ហើយអ្នកលក់ហ្នឹងលក់បែបលួចលាក់ អត់មានលក់បើកចំហ គឺលក់បែបលួចលាក់»។
អង្គការចលនាដើម្បីសុខភាពកម្ពុជា ធ្លាប់បានបញ្ជាក់ថា បារីអេឡិចត្រូនិក ជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត ហើយមានជាតិនីកូទីន ដូចបារីធម្មតា ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង និងប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ជាពិសេសចំពោះយុវជន និងកុមារ។ ប្រភពដដែល បន្តថា សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញា ស្មារតី និងប្រាជ្ញារបស់កុមារផងដែរ។
ក្រសួងសុខាភិបាល ក៏ធ្លាប់បញ្ជាក់ដែរថា សារធាតុគីមីដែលប្រើប្រាស់ក្នុងបារីអេឡិចត្រូនិកនេះ អាចបង្កឱ្យមានជំងឺសួតធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់គភ៌ ពុលដល់ទារកដែលនៅក្នុងផ្ទៃពោះម្តាយ និងមានហានិភ័យដល់ការលូតលាស់ខួរក្បាល ខណៈសារធាតុល្អិតៗដែលជ្រាបចូលទៅក្នុងសួតអាចបណ្តាលឱ្យមានជំងឺមហារីក៕

