រដ្ឋាភិបាល​គ្រោង​ត្រៀម​កព្ចាប់​​ថវិកាជាង​ ១​២០០លានដុល្លារ ដើម្បី​ពង្រឹង​ភាព​ធន់សេដ្ឋ​កិច្ច និង​សង្គម​

ដោយៈ

Press Start Cambodia Avatar

រាជ​រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ត្រៀម​​​កញ្ចប់​ថវិ​កា​​ប្រមាណជាង ១២០០​លានដុល្លារ ដើម្បីឆ្លើយ​តប​​នឹង​សភាពការណ៍ពហុវិបត្តិ រក្សាលំនឹង​ជីវភាព​ពលរដ្ឋ និង​ពង្រឹង​នូវ​ភាពធន់សេដ្ឋកិច្ច និង​សង្គម​ជាតិ​​ ក្នុងបរិបទ​ដែលពិភព​លោក​កំពុង​ជួប​ប្រទះ​នឹងវិបត្តិបន្តបន្ទាប់។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួ​ងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុហថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​២០២៦ បាន​ឱ្យដឹងថា ផ្អែកតាមការ​វាយ​តម្លៃ​របស់​មូល​និធិរូបិយវត្ថុ​អន្តរជាតិ (IMF) សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៦ ត្រូវ​បាន​ប៉ាន់ប្រមាណ​ថានឹង​សម្រេច​កំណើន​ថមថយ ធៀប​នឹង​ការ​វាយ​តម្លៃ​នៅដើម​ឆ្នាំ ពោល​គឺ​ស្ថិត​ក្នុង​រង្វង់​ ៣%។ កំណើន​នេះ បានឆ្លុះបញ្ចាំង​អំពី​ភាព​មិន​ប្រាដកប្រជា និង​បរិការណ៍​ដែល​កម្ពុជា​កំពុង​ទទួល​រង​ផល​ប៉ះពាល់ ដែល​បន្ត​សាយ​ភាពពីពហុ​វិបត្តិ​ផ្ទួនៗ ដូចជា សង្គ្រាម​នៅ​មជ្ឈឹម​បូព៌ា​ដែល​បង្ក​ឱ្យ​មានការ​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​ ការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​​ប្រព័ន្ធ​បច្ចេក​វិទ្យា​ និងភាព​មិន​ប្រាដក​ប្រជា​នៃ​សេដ្ឋកិច្ចសកល។

​យ៉ាងណា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនីរ័ត្ន ​ត្រូវ​បាន​ស្រង់ប្រសាសន៍​​នៅក្នុង​សេចក្តីប្រកាសព័ត៌មាន​ថា ក្នុង​ឆ្នាំ​២០២៦ សេដ្ឋកិច្ច​កម្ពុជា អាច​នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់​ ៤,២% ដោយ​ផ្អែក​លើវឌ្ឍនភាពនៃ​សូចនាករ​សេដ្ឋ​កិច្ច​សំខាន់​ៗ ក្នុ​ងរយៈពេល​៥ខែ​ដើម​ឆ្នាំ​នេះ គួបផ្សំ​នឹង​កា​រពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​ស្ថាប័ន​វិស័យ​ឯកជន ក្នុ​ងនោះ​វិស័យ​បម្រើ​ការ​នាំ​ចេញ ពិសេស​វិស័យ​កម្មន្ត​សាល​មិនមែន​កាត់ដេរ មាន​កំណើនល្អប្រសើរ​ជាង​ការ​រំពឹងទុក។

លោក​បន្តថា សកម្មភាពចាយ​វាយ​ក្នុងស្រុក ក៏នៅរក្សា​បាននូវ​និន្នាការ​វិជ្ជមាន បើជាទោះ​បី​ជា​វិស័យ​ទេស​ចរណ៍​អន្តរជាតិ ត្រូវ​បាន​វាយ​តម្លៃ​​ថា​នឹង​ធ្លាក់​ចុះ​ជាង​ការ​រំពឹង​ទុក។

ក្នុង​បរិការណ៍​ដែល​កម្ពុជា​ទទួល​រង​នូវ​កម្ម​វិបាក​ផ្ទួន​នេះ រដ្ឋាភិបាល​ បាន​ដាក់ចេញ​នូវ​វិធានការ​អន្តរាគមន៍​​មួយ​ចំនួន ដើម្បី​ធានា​បាននូវ​លំនឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ជន​ងាយ​រង​គ្រោះ ដែលរួមមាន យន្តការ​អនុគ្រោះ​ពន្ធ​លើ​មុខ​ទំនិញនាំ​ចូល​មួយចំនួន ដូចជា ប្រេង​សាំង ម៉ាស៊ូត និងឧបករណ៍​អគ្គិសនី​មួយចំនួន សំដៅ​កាត់​បន្ថយ​សម្ពាធនៃ​ការ​កើន​ឡើង​ថ្លៃ និង​ជំរុញ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រេង​ឥន្ធនៈ។ ជាមួយគ្នានេះ រដ្ឋាភិបាល បានអនុម័ត​ និង​ត្រៀម​ដាក់​ឱ្យ​អនុវត្ត​​កម្មវិធីអន្តរាគមន៍​គ្រប់​ជ្រុង​ជ្រោយ​ ឆ្លើយ​តបនឹង​សភាពការណ៍ពហុ​វិបត្តិ​ ក្នុងគោល​ដៅ​បង្កើត​មុខ​របរ​ និងការ​ងារ ធានាលំនឹង​ជីវភាព​ប្រជាពលរដ្ឋ និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ចនិង​សង្គម​កម្ពុជា ស្រាប់រយៈពេលខ្លី និង​មធ្យម​ខាង​មុខ។

បើតាមសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដដែលនេះ កម្មវិធី​អន្តរា​គមន៍​នេះ ត្រូ​វបាន​ប៉ាន់​ស្មាន​ចំណាយ​សរុប​ក្នុង​រង្វង់ ១២៤៤លាន​ដុល្លារ​អាមេរិក ដែល​ប្រភពធន​ធាន​​នឹង​ត្រូវ​បាន​បែង​ចែក​តាម​ប្រភព​ហិរញ្ញ​ប្បទាន​ចំនួន៤ គឺ​ថវិការដ្ឋ​ ធន​ធាន​របស់ស្ថាប័ន​ពាក់​ព័ន្ធនៃ​រាជរដ្ឋាភិបាល ចំណាយ​សារ​ពើព​ន្ធ និង​ថវិកា​ដៃ​គូ​អភិ​វឌ្ឍន៍។​

សម្រាប់ប្រធាន​ក្រុមបេសកកម្មនៃ​មូល​និធិរូបិយវត្ថុ​អន្តរជាតិ (IMF) លោក Kenichiro Kashiwase បានលើកឡើង​ពី​វិធានការ​អន្តរាគមន៍​​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​អនុវត្ត​បន្ទាន់ ដូចជា ការអនុវត្ត​គោល​នយោបាយ​សារពើ​ពន្ធ​ក្នុង​រយៈ​ពេល​បណ្តោះអាសន្ន ដែលសំដៅ​ដល់​ការ​គាំទ្រ​ដល់​ប្រជាពលរដ្ឋ និងវិស័យ​ចំគោលដៅ និង​ចូលរួមកាត់​បន្ថយ​ផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ពីវិបត្តិ​ដែល​​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់ និង​អាច​រុញច្រាន​កំណើន​សេដ្ឋកិច្ច។ នេះ​បើតាមការ​ស្រង់សម្តីរបស់លោក ក្នុង​កិច្ច​​ប្រជុំ​​បូក​សរុប​​លទ្ធផល​នៃការ​វាយ​តម្លៃ​ស្ថានភាពម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៦ នៅព្រឹក​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ​២០២៦ ដោយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាមួយគ្នានោះ លោក Kenichiro Kashiwase ក៏បានគូស​បញ្ជាក់​ពីភាពចាំបាច់នៃការ​កែទម្រង់​ជា​រចនាសម្ព័ន្ធ​ ដើម្បីទ្រទ្រង់​​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​រយៈពេល​មធ្យម​ តាមរយៈ​ការ​កែលម្អ​បរិយាកាស​ធុរកិច្ច និងវិនិយោគ ការ​ពង្រឹង​អភិបាល​កិច្ចល្អ ការ​ធ្វើពិពិធ​កម្ម​ទីផ្សា​រនាំ​ចេញ ការ​ពង្រឹង​សន្តិសុខ​ថាមពល និងការ​ពង្រឹង​ការ​រក្សា​ និងការ​ចែករំលែក​ទិន្នន័យ​ជាដើម។

កាលពីពាក់កណ្តាលខែ​មេសា មូលនិធិរូបិយវត្ថុ​អន្តជាតិ(IMF) ​ធ្លាប់បានព្យាករថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ២០២៦ នឹង​មានកំណើន ៤% ប៉ុន្តែ​បច្ចុប្បននេះ បានទម្លាក់​មក​ត្រឹម ៣%​ វិញ ខណៈធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បានព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មានកំណើន​ ៤.៥% ក្នុង​ឆ្នាំ​២០២៦ ប្រសិន​បើ​ជម្លោះ​នៅ​តំបន់​មជ្ឈឹម​បូព៌ា ដែល​រំខានដល់​ទីផ្សារ​ទំនិញ​សកល មិន​ត្រូវ​បាន​អូស​បន្លាយ​យូរ៕

អត្ថបទដោយ៖ គីម សុខលាភ

អត្ថបទគួរឱ្យចាប់អារម្មណ៍