រដ្ឋាភិបាល​ណែនាំឲ្យស្ថាប័ន​រដ្ឋ​សន្សំសំចៃការ​ប្រើប្រាស់​ ខណៈតម្លៃប្រេងឥន្ធនៈ​កើន​ឡើង​

រដ្ឋាភិបាល​ណែនាំឲ្យក្រសួង និងស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និង​​ថ្នាក់ក្រោមជាតិ អនុវត្តវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និង​​អគ្គិសនី ដើម្បីឆ្លើយតបនឹងការកើនឡើងតម្លៃថាម​ពល​ ដែ​ល​បណ្តា លមក​ពី​វិបត្តិសកល។

សារាចរចុះ ថ្ងៃទី១៩ ខែមីនានេះ ត្រូវបានដាក់ចេញនៅពេលដែលស្ថានការ​ណ៍​​ជម្លោះនៅតំបន់មជ្ឈិមបូព៌ា បានប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅ និង​ជំរុញឱ្យតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក រួមទាំងកម្ពុជា កើនឡើងយ៉ាង​​ឆាប់រហ័ស។ ទន្ទឹមនឹងនេះ ការកើនឡើងថ្លៃប្រេងឥន្ធនៈ ក៏អាចបង្កឱ្យ ថ្លៃ​​ដើមក្នុងការផលិតថាមអគ្គិសនីមានការកើនឡើងផងដែរ។

ដើម្បីកាត់បន្ថយផលប៉ះពាល់ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការចម្បងៗ រួម​មាន ការកាត់បន្ថយការធ្វើដំណើរឆ្ងាយសម្រាប់សិក្ខាសាលា និងកិច្ចប្រជុំផ្ទាល់ ដោយលើកទឹកចិត្តឱ្យធ្វើឡើងតាមប្រព័ន្ធអនឡាញ លើកលែងតែករណី​​ចាំ​​បាច់។

បន្ថែមពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរៀបចំវិធានការពង្រឹងប្រសិទ្ធភាពលើការចំណាយថវិកា ជាពិសេសចំណាយលើប្រេងឥន្ធនៈ និងបេស​កកម្មក្នុងប្រទេសនិងក្រៅប្រទេស លើកលែងតែក្រសួង ស្ថាប័ន ដែលមានប្រតិ​បត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។

ចំណែកឯក្រសួងមហាផ្ទៃ ត្រូវណែនាំអាជ្ញាធរមូលដ្ឋានឱ្យ​បង្កើន​ការ​សន្សំ​សំ​ចៃ​​និង​សម្រួល​ចរាចរណ៍​ឱ្យ​បាន​ល្អ​ ជាពិសេសនៅម៉ោងមមាញឹក ឬពេលមានព្រឹត្តិការណ៍បុណ្យ​ជាតិ​ធំៗ ដើម្បីកាត់បន្ថយការកកស្ទះ ដែលបណ្តាលឱ្យមានការចំណាយប្រេងឥន្ធនៈបន្ថែម​ក្នុង​ពេល​រង់ចាំ​នៅលើដងផ្លូវ។

ជាមួយគ្នានេះ សម្រាប់ការប្រើប្រាស់អគ្គិសនី ក្រសួងរ៉ែ និងថាមពល ត្រូវរៀប​ចំសេចក្តីណែនាំលម្អិតអំពីវិធីសន្សំសំចៃថាមពល និងសហការជាមួយក្រសួងព័ត៌​មាន ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយនូវ​វិធីសន្សំសំចៃ​ការប្រើប្រាស់​ថាម​ពល​ តាមវិទ្យុ ទូរទស្សន៍ និងសារព័ត៌មាននានា។ ក្រសួង និងស្ថាប័នទាំងអស់ ត្រូវ​អនុវត្តការប្រើប្រាស់អគ្គិសនីឱ្យមានប្រសិទ្ធភាព ក្នុងអគាររដ្ឋបាល និងការ​ងារ​ប្រចាំថ្ងៃ។

ទោះបីកំពុងប្រឈមនឹងការកើនឡើងនៃតម្លៃប្រេង ក្រសួងរ៉ែ និងថាមពល និង​អគ្គិសនីកម្ពុជា បានអះអាងថា សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ និងអគ្គិសនីនៅកម្ពុជា នៅតែអាចរក្សាបាននូវស្ថិរភាព សម្រាប់ ប្រតិបត្តិការសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន៕

អត្ថបទគួរឱ្យចាប់អារម្មណ៍