យោធិន​​កម្ពុជា​​៤​នាក់​​រង​​របួស​​ ដោយ​សារ​​អំ​បែង​គ្រា​ប់​​បែក ខណៈ​​ពេល​​កំ​ពុង​​ល្បាត​​​

ដោយៈ

Press Start Cambodia Avatar

យោធិន​កម្ពុជា​៤​នាក់​បាន​រងរបួស​ ដោយ​សារ​អំបែង​គ្រាប់​បែក​ ខណៈ​ពេល​កំពុង​ដើរ​ល្បាត​ បន្ទាប់ពីជួប​ជាមួយ​នឹង​ក្រុម​ល្បាត​របស់​យោធាថៃ​ដែល​កំពុង​ដើរ​ល្បាត​នៅម្ខាង ក្នុង​ភូមិ​សាស្ត្រ​ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា វេលាម៉ោង ១២:៣៥នាទី កងកម្លាំងយោធិនកម្ពុជា​​បានដើរល្បាតនៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏បានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតនៃបន្លាលួស។ នេះបើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួង​ការ​ពារ​ជាតិ​ ចេញផ្សាយ​កាល​ពីថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២៦។​
សេចក្តីប្រកាសព័ត៍មាននេះលើក​ឡើង​​ថា ក្រោយពីកងកម្លាំងយោធិនកម្ពុជាបានធ្វើដំណើរផុតបន្តិច ស្រាប់តែមានផ្ទុះ​គ្រាប់បែកមួយគ្រាប់នៅ​​ពីក្រោយ​កងល្បាត​របស់​កម្ពុជា​ បណ្តាលឲ្យយោធិនកម្ពុជារងរបួសបួននាក់ ដោយសារអម្បែងគ្រាប់​។ គណៈបញ្ជាការ​នៅជួរមុខ​និង​ក្រុម​អ្នក​ជំនាញ​កំពុង​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត ដើម្បី​ស្វែង​រក​ការ​ពិត​។​
ជាមួយ​គ្នា​នេះដែរ​ ក្រសួង​ការ​ពារជាតិ នៃព្រះរាជាណាចក្រ​កម្ពុជាបញ្ជាក់ជា​ថ្មីនូវ​ការ​​ប្តេជ្ញា​​របស់​ខ្លួន​ក្នុង​ការ​គោរព​ និង​អនុវត្ត​យ៉ាងម៉ឺងម៉ាត់​ ស្មោះត្រង់ ប្រកប​ដោយ​​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​គោរព​ និង​អនុវត្ត​ពេញលេញ​នូវ​សេចក្តី​ប្រ​កាស​​រួម ​នៃគណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-​ថៃ (GBC) ចុះ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០​២៥​ សេចក្តីថ្លែងការណ៍​រួម​ស្តីពីកិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាង​កម្ពុជានិងថៃ ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ច​ព្រមព្រៀង​ផ្សេងទៀត។​

គួរ​រំលឹកថា ជម្លោះ​ប្រដាប់អាវុធ​រវាង​កម្ពុជា និង​ថៃ​បាន​កើត​មាន​នៅ​ថ្ងៃទី​២៤ ខែ​កក្ក​ដា ឆ្នាំ​២០២៥ និង​លើក​ទី​២ កាល​ពីថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៥។ ប្រទេស​ទាំង​ពីរ​បាន​​សម្រេចបទឈប់​បាញ់​ជា​ថ្មី​កាល​ពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ បន្ទាប់ពី​កិច្ច​ប្រ​ជុំ​​ពិ​សេស​ លើក​ទី​៣ នៃគណៈកម្មាធិការ​ព្រំដែន​ទូទៅកម្ពុជា-ថៃ (GBC)​៕

អត្ថបទដោយ៖ តែម ស្រីណុច

អត្ថបទគួរឱ្យចាប់អារម្មណ៍