ផ្ទៃបេតុងដ៏ធំល្វឹងល្វើយដែលធ្លាប់តែរំញ័រដោយកម្លាំងម៉ាស៊ីនយន្តហោះ កាលពី៦ខែមុន និងជំនួសដោយសម្លេងគ្រហឹមនៃម៉ាស៊ីនយន្តហោះដែលធ្លាប់តែហោះហើរដឹកអ្នកដំណើរ មកជាសម្លេងជជែកម្សាន្ត សើចក្អាកក្អាយ និងសម្លេងដកដង្ហើមដង្ហក់ៗរបស់អ្នករត់ហាត់ប្រាណ។ នេះគឺជាទិដ្ឋភាពថ្មីមួយនៅអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលកំពុងផ្លាស់ប្តូរមុខមាត់ពី ច្រកទ្វារដឹកអ្នកដំណើរ មកជា សួនបៃតង នៅកណ្ដាលរាជធានីភ្នំពេញ។
នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋាភិបាលបានសម្រេចបើកសម្ពោធសាកល្បងឱ្យសាធារណជនចូលកម្សាន្តដោយសេរី ក្នុងបរិវេណអតីតព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង។ប៉ុន្តែ ក្រោយពីដាក់ឲ្យដំណើរការសាកល្បងបណ្តោះអាសន្នអំឡុងពេលចូលឆ្នាំរួចហើយ។ពេលនេះ អតីតព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង រដ្ឋាភិបាលនៅមិនទាន់បានសម្រេចជាផ្លូវការថានឹងត្រូវដាក់ឲ្យពលរដ្ឋ បានចូលហាត់ប្រាណវិញ នៅពេលណាឲ្យប្រាកដនៅឡើយទេ។
នៅលើផ្ទៃដីប្រមាណ ៧០ហិកតា ដែលធ្លាប់តែជាតំបន់រឹតបន្តឹងសន្តិសុខ និងហាមឃាត់មិនឱ្យចូល បានក្លាយជាទីលានហាត់ប្រាណ និងកម្សាន្តដ៏ធំទូលាយមួយសម្រាប់ប្រជាពលរដ្ឋ នៅក្នុងទីក្រុងពុំធ្លាប់មាន ចាប់ពីម៉ោង ៥ព្រឹក រហូតដល់ម៉ោង ៩យប់។ការបើកទ្វារនេះ មិនមែនផ្ដល់នូវទីធ្លាសម្រាប់ដើរលេងមួយមុខទេ វាក៏ជាការផ្ដល់ឱកាសឱ្យពលរដ្ឋបានដើរជាន់លើផ្លូវរត់យន្តហោះ(Runway) និងមើលឃើញប៉មបញ្ជាការហោះហើរតាំងពីទសវត្សរ៍ឆ្នាំ ៥០ ដែលជាមត៌កប្រវត្តិសាស្ត្រនៃវិស័យអាកាសចរណ៍កម្ពុជា។
សម្រាប់អ្នកស្រី ប៉ា សូដា ដែលរស់នៅក្បែរព្រលានយន្តហោះពោធិ៍ចិនតុងស្រាប់ លើកឡើងថាការបើកទ្វារនេះគឺជាកាដូដ៏ពិសេសមួយសម្រាប់សុខភាព។អ្នកស្រីបានលើកឡើងទាំងទឹកមុខញញឹមថា៖«នាងខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ចង់មកហាត់ប្រាណឱ្យស្រកគីឡូ។ ខ្ញុំចង់ឱ្យបងប្អូនប្រជាជនខ្មែរយើងទាំងអស់ មកទស្សនាកន្លែងនេះ អត់ខកបំណងទេ ដឺងតែស្រកគីឡូហ្មង»។
ស្រដៀងគ្នានេះដែរ អ្នកស្រី ងួន យ៉ិម ដែលធ្វើដំណើរមកពីតំបន់ផ្សារព្រៃទា ខណ្ឌពោធិ៍សែនជ័យ បានបង្ហាញចំណាប់អារម្មណ៍ថា អ្នកស្រីមកទីនេះ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ។ សម្រាប់អ្នកស្រី លំហសាធារណៈបែបនេះមានអត្ថប្រយោជន៍លើសលប់ចំពោះសុខភាព ជាពិសេសការបានដើរហាត់ប្រាណក្នុងបរិយាកាសដ៏ធំទូលាយ និងមានខ្យល់បរិសុទ្ធ។
ទោះបីជាទីតាំងនេះស្ថិតនៅក្បែរផ្លូវថ្នល់ដែលមានចរាចរណ៍មមាញឹក ប៉ុន្តែនៅខាងក្នុងបរិវេណព្រលាន គឺមានភាពស្ងប់ស្ងាត់ និងខ្យល់អាកាសខុសប្លែកពីខាងក្រៅ។
រីឯ លោក ភារក្ស ដែលធ្វើដំណើរមកពីស្រុកអង្គស្នួលវិញ បានពោលពាក្យ “វ៉ាវ” (Wow) នៅពេលឈានជើងចូលដល់ទីវាល Runway។លោកបានកត់សម្គាល់ថា៖ «សំខាន់បំផុតគឺខ្យល់អាកាសល្អ ហើយស្ងប់ស្ងាត់ល្អមែនទែន។ ជាក់ស្ដែង មានឡាន មានម៉ូតូមមាញឹកនៅខាងក្រៅព្រលាន ប៉ុន្តែផ្សែងអត់មកដល់នេះទេ យើងទទួលបានខ្យល់អាកាសស្រស់ស្រាយខ្លាំង»។
មិនខុសគ្នាទេ សម្រាប់គ្រួសារលោក អន ភារិ ដែលនាំកូនៗមកថតរូបកម្សាន្តឯណោះវិញ ក៏និយាយដែរថាទីនេះគឺជាកន្លែងបង្កើតអនុស្សាវរីយ៍ថ្មី។លោកបានរៀបរាប់ថា កាលពីមុនលោកតែងតែនាំគ្រួសារទៅមាត់ទន្លេ ប៉ុន្តែនៅពេលដែលទីនេះក្លាយជាសួន លោកយល់ថាវាជិតផ្ទះ និងមានសុវត្ថិភាពជាងសម្រាប់ក្មេងៗរត់លេង។ អ្វីដែលកាន់តែពិសេស លោកអាចបង្ហាញកូនៗឱ្យស្គាល់ពីទិដ្ឋភាពខាងក្នុងព្រលាន ដែលកាលពីមុន លោកធ្លាប់តែឃើញត្រឹមតែច្រកចេញចូលឆែកអ៊ីន (Check-in)ទេ។
ការប្រែក្លាយអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាសួនសាធារណៈ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិតេជោ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ផ្ទៃដីអតីតព្រលានពោធិ៍ចិនតុងនេះ នឹងត្រូវរក្សាទុកជាសួនសាធារណៈ និងផ្លូវរត់សម្រាប់បម្រើដល់ផលប្រយោជន៍ពលរដ្ឋ ជាជាងការយកទៅអភិវឌ្ឍជាសំណង់អគារពាណិជ្ជកម្ម។
ក្រោយបម្រើការក្នុងវិស័យអាកាសចរណ៍អស់រយៈពេលជិត ៧០ឆ្នាំ ព្រលានយន្តហោះពោធិ៍ចិនតុងបានបិទបញ្ចប់បេសកកម្មហោះហើររបស់ខ្លួនជាផ្លូវការកាលពីខែកញ្ញា ឆ្នាំ២០២៥។ ប៉ុន្តែនៅថ្ងៃនេះ បេសកកម្មថ្មីមួយបានចាប់ផ្ដើម នោះគឺការផ្ដល់នូវសុខភាព ក្ដីសប្បាយរីករាយ និងដង្ហើមដ៏បរិសុទ្ធដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ពីទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរណ៍ មកជាទីលាននៃក្ដីសង្ឃឹមថ្មី ព្រលានយន្តហោះពោធិ៍ចិនតុង កំពុងក្លាយជាសាក្សីនៃសេចក្ដីសុខរបស់ពលរដ្ឋនៅក្នុងយុគសម័យថ្មី៕

