សកម្មជន​ព្រៃ​ឈើ​ថា ការ​​ចូល​រួម​​ផ្តល់​​ភស្តុ​តាង​​អំ​ពី​​ការ​​កាប់​​ឈើ​​នៅ​តំ​បន់​ព្រៃ​ឡង់​​គឺ​ជា​​រឿង​​ល្អ​ប្រ​សើរ​​

ដោយៈ

Press Start Cambodia Avatar

សកម្មជន​ព្រៃឈើ​ចាត់ទុក​ការអញ្ជើញ​ឱ្យ​​​​ចូល​រួម​ផ្តល់​ព័ត៌​មាន​និង​ភស្តុតាងនៅ​ក្រ​​សួង​បរិស្ថាន​ ​ជុំវិញ​​ការ​ផ្សព្វ​ផ្សាយ​អំពី​​ការកាប់ឈើខុស​ច្បាប់​​នៅ​តំបន់​ព្រៃឡង់ ​គឺជា​​រឿង​ល្អប្រសើរ​ ខណៈ​អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​ក្រសួង​បង្កើត​បរិយាកាស​ល្អសម្រាប់​ការ​​ចូល​រួម​​របស់​សាធារណជន​ទូទៅ​។​​

កាល​ពីថ្ងៃទី​៣០ ខែ​កក្កដា មេ​ធាវី​តំណាង​ដោយ​អា​ណត្តិ​របស់​ក្រសួង​បរិស្ថាន​បាន​ចេញលិខិត​អញ្ជើញ​លោក​ ម៉ា ចិត្រា​ ឱ្យ​ចូល​រួម​ផ្តល់​ព័ត៌មាន​និង​ភស្តុ​តាង​បន្ថែម​នៅ​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២៦​ បន្ទាប់ពី​លោក​បាន​ផ្សាយ​វីដេអូ​មួយកាល​ពី​ថ្ងៃទី​២៦ ខែ​កក្កដា ដោយ​​​ចោទប្រកាន់​​ថា មាន​បុគ្គល​មួយ​ចំនួន​រួម​ទាំង​សាច់ញាតិ​​របស់​​មន្ត្រីបរិស្ថាន​ផង ​​បាន​ធ្វើ​សកម្មភាព​កាប់​ឈើខុស​ច្បាប់​​នៅ​តំបន់​ព្រៃឡង់​ ក្នុង​ឃុំ​ធ្មា ស្រុក​ជ័យសែន​ ខេត្ត​ព្រះវិហារ។​​

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​បរិស្ថានក្រោយ​ជំនួប​ជាង​២ម៉ោង​​កាល​ពី​​​​រសៀល​ថ្ងៃចន្ទ​​ លោក ម៉ា ចិត្រា បាន​ចាត់​ទុកការអញ្ជើញ​​ចូលរួម​​ផ្តល់​ព័ត៌មាន​និង​​ភស្តុតាង​ពាក់​ព័ន្ធ​នឹង​វីដេអូ ​​ដែល​លោកបាន​ផ្សាយកន្លងទៅនេះ​ គឺជា​រឿង​ល្អប្រសើរ​ ហើយថា វា​​មិនមាន​ការ​ដាក់​សម្ពាធ​ទេ​ ​ ប៉ុន្តែជា​ការ​ពិភា​ក្សា​គ្នា​អំពី​អង្គហេតុ​​ដែលបាន​កើត​ឡើង​​។​

លោក​ ចិត្រា និយាយថា៖ “មិនមាន​គំនាប​ទេ។ អ្វីដែល​សំខាន់​មួយទៀត​ គឺខាងក្រសួង​បរិស្ថាន​គាត់​បាន​ផ្តល់​ជា​មេធាវី​ក្នុងករណីទៅការ​ពារ​ព្រៃឈើ​មាន​បញ្ហា​”

ទោះបីជា​យ៉ាងណា លោក​បាន​សម្តែង​ការ​សោក​ស្តាយនៅ​ពេល​ឃើញ​​បទ​ល្មើស​​កាប់បំផ្លាញ​ព្រៃឈើ​បន្ត​កើត​ឡើង​​​​ហើយ​ថា សកម្មភាព​បែបនេះ​​មិន​គួរ​​ឱ្យ​កើត​មាន​​​​​ទៀត​ទេ ​ទោះ​ក្នុងរូបភាពតូច​តាចក៏ដោយ​ ដោយ​លោក​ស្នើ​ឱ្យ​ក្រសួង​ចាត់​វិធានការ​ទប់​ស្កាត់​បទល្មើស​ព្រៃឈើនៅតំបន់​ព្រៃឡង់​ឱ្យ​បាន​ល្អប្រសើរ​ជាង​ពេល​​​បច្ចុប្បន្ន​។​

លោក ចិត្រា និយាយទាំង​អួលដើម​ក​ថា៖ “​ទាហាន​សុខចិត្ត​ស្លាប់ ដើម្បីការពារព្រំដែន​ ចឹងហេតុអ្វីយើង​ក្នុងនាមជាប្រជា​ពលរដ្ឋ​ ហេតុអ្វីបានជា​យើង​មិន​អាចចូល​រួម​ការ​ពារ​ព្រៃឈើ​បាន…ខ្ញុំ​យំនេះមិនមែន​ដោយសារខ្ញុំកំសាក​ទេ [ប៉ុន្តែ​] ខ្ញុំយំ​ដោយ​សារ​ខ្ញុំ​អាណិត​បងប្អូននៅព្រំដែន ”។​ លោក​បន្តថា៖ “​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ប្អូនៗ​​យើង​ យុវជន​ NGO ឬក៏មន្ត្រីរាជការ​ល្អៗ យើង​បន្ត​បេសកកម្ម​របស់យើង​ ចូលរួម​ការ​ពារ​ព្រៃឈើ​ទាំង​អស់​គ្នា​”។​

ជុំវិញរឿងនេះ លោក សាន់ ម៉ាឡា នាយក​ប្រតិបត្តិនៃ​អង្គការភាពជាដៃគូ ដើម្បីបរិស្ថាន​ ​និង​ការអភិវឌ្ឍ ដែលបានចូលរួមឃ្លាំមើលនៅមុខក្រសួងបរិស្ថាន យល់ឃើញ​ថា ការ​អញ្ជើញ​នេះ គឺ​ជារូបភាពថ្មី ដែល​​អាចជាក្ដីព្រួយបារម្ភចំពោះអ្នកការ​ពារព្រៃឈើ​ផង​ដែរ។ លោក​ថា ក្រសួងគួរ​ផ្ដល់ការ​លើកទឹក​ចិត្ត និងជួយគាំពារដល់​អ្នកស្រលាញ់ និងការពារព្រៃឈើ។

លោកនិយាយថា៖ “ខ្ញុំយល់ឃើញថា អ្នកដែលគាត់ក្លាហានរាយការណ៍ពីបទល្មើសព្រៃឈើ គួរតែត្រូវបានលើកទឹកចិត្ត កោតសរសើរ ហើយជាពិសេសក្រ​សួងគួរស្វែងរកមធ្យោបាយណាមួយ ដើម្បីផ្ដល់នូវភាពកក់ក្ដៅនិងសុវត្ថិភាព ហើយ​បង្កបរិយាយកាសល្អ សម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលោក ម៉ា ចិត្រា”​។

ស្រដៀង​គ្នានេះ លោក ម៉ើ ចាន់ដារ៉ា​ នាយក​ប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា បានឲ្យដឹងថា ជាមួយ​នឹង​កិច្ច​សហការ​ពីក្រុមអ្នក​ការ​ពារ​បរិស្ថាន​ ក្រ​សួងគួរតែវែក​មុខ​អ្នក​ប្រព្រឹត្ត​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​​ និង​ចាត់​វិធានការ​តាម​​ផ្លូវច្បាប់ប្រកប​ដោយ​​តម្លាភាព​។

លោកនិយាយថា៖​ “​ខ្ញុំស្នើសុំទៅក្រសួងបរិស្ថានជាពិសេស ធ្វើបែបមិចស្រាវជ្រាវ​វែកមុខជន ដែលបានប្រព្រឹត្តិបទល្មើសធនធានធម្មជាតិ និងបរិស្ថានឲ្យបានតម្លាភាព​ និងចាត់វិធានការផ្លូវច្បាប់ស្វែងរកអ្នកពាក់ព័ន្ធរុញទៅតុលាការ ”​។

ភ្លាមៗ​​ក្រោយ​ពីជំនួប​នេះ ក្រសួងបរិស្ថានក៏​បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេសប៊ុករបស់​ខ្លួន​ថា ក្រសួងគាំទ្រ និង​ពង្រីកកិច្ចសហការជាមួយអ្នកស្រឡាញ់បរិស្ថាន ក្នុង​ស្មារតីខ្មែរតែមួយ ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ការ​ពារ​ធម្មជាតិ។

សារដដែលនេះបាន​ដក​ស្រង់​ប្រសាសន៍​​របស់​លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រ​សួង​បរិស្ថានថា៖ “កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំ និងការ​​ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា ”៕

អត្ថបទដោយ៖ ធួន ស្រីពៅ

អត្ថបទគួរឱ្យចាប់អារម្មណ៍