អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងគ្រួសារសកម្មជន បន្តអំពាវនាវឱ្យតុលាការពិចារណាទម្លាក់ចោលបទចោទ និងដោះលែងអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថានចំនួន ៧រូប ដោយឥតលក្ខខណ្ឌ ដើម្បីឱ្យពួកគាត់បានជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ និងបន្តភាពសកម្មនិយមក្នុងកិច្ចការពារសិទ្ធិមនុស្ស ធនធានធម្មជាតិ និងដីធ្លីបន្តទៀត។
អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានបង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី៩ ខែមេសានេះថា ខណៈប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស កំពុងតែរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ និងមានភាពកក់ក្តៅ អ្នកការពារសិទិ្ធមនុស្ស និងសកម្មជនការពារបរិស្ថានចំនួន ៧រូប នៅបន្តជាប់ឃុំក្នុងពន្ធនាគារតាមបណ្តាខេត្តនៅទូទាំងប្រទេស ចាកឆ្ងាយពីក្រុមគ្រួសារដ៏កក់ក្តៅរបស់ពួកគេ ។
ប្រភពបន្តថា អ្នកការពារសិទិ្ធមនុស្ស និងសកម្មជនការពារបរិស្ថានទាំង ៧នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ដោយសារភាពសកម្មនិយមរបស់ពួកគេ ទៅលើកិច្ចការងារសិទិ្ធមនុស្ស បរិស្ថាន និងធនធានធម្មជាតិនៅក្នុងប្រទេស ។
អ្នកទាំង ៧រូប រួមមាន លោក កើត សារ៉ាយ និងលោក ធី ថន ប្រធាន និងអនុប្រធាននៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) និងសកម្មជននៃចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងលោក យីម លាងហ៊ី ។
អង្គការលីកាដូបានគូសបញ្ជាក់ថា៖ «យើងខ្ញុំសង្ឃឹមថា តុលាការនឹងពិចារណាក្នុងការទម្លាក់ចោលបទចោទ និងដោះលែងអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថានទាំង ៧ រូប ដោយឥតលក្ខខណ្ឌ ដើម្បីឱ្យពួកគាត់បានជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ និងបន្តភាពសកម្មនិយមក្នុងកិច្ចការពារសិទ្ធិមនុស្ស បរិស្ថាន ធនធានធម្មជាតិ ដីធ្លី វិញ»។
បន្ថែមលើសារខាងលើនេះ នាយកទទួលបន្ទុកការងារទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋាភិបាលនិងតុលាការ គួរបង្ហាញការសាមគ្គីភាព និងសណ្តោសប្រណៃ ដោះលែងសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយឱ្យមានសេរីភាពជួបជុំគ្រួសារ។
លោកបន្តថា ការបន្តឃុំខ្លួនសកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្ស មិនបានផ្តល់ផលប្រយោជន៍អ្វីដល់រដ្ឋាភិបាលនោះទេ មានតែរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ពីការរឹតត្បឹតសិទ្ធិសេរីភាព និងរំលោភសិទ្ធិពលរដ្ឋប៉ុណ្ណោះ។
មន្រ្តីការពារសិទ្ធិមនុស្សរូបនេះ បន្តអំពាវនាវយ៉ាងទទួចឱ្យរាជរដ្ឋាភិបាល និងតុលាការ មេត្តាដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យពួកគេអាចជួបជុំគ្រួសារ និងបន្តសកម្មភាពការពារបរិស្ថាននិងសិទ្ធិមនុស្សទៀត។
លោកថា៖ «យើងជាអង្គការសង្គមស៊ីវិល តាំងពីដើមមក យើងតែងតែអំពាវនាវឱ្យរាជរដ្ឋាភិបាល និងតុលាការ ពិនិត្យ ពិចារណា ដោះលែងសកម្មជនមាតាធម្មជាតិទាំងនោះ រួមសកម្មជនសិទ្ធិមនុស្សដទៃទៀត ដែលសកម្មការពារបរិស្ថាន និងរួមចំណែកការពារសិទ្ធិមនុស្សនៅកម្ពុជា ព្រោះយើងសង្កេតឃើញថា សកម្មភាពពួកគាត់ភាគច្រើនសុទ្ធតែធ្វើការងារដើម្បីបរិស្ថាន សិទ្ធិមនុស្ស។ ដូច្នេះនារដូវចូលឆ្នាំនេះ ថ្នាក់ដឹកនាំប្រទេសមេត្តាដោះលែងពួកគាត់តាមសំណើរបស់គ្រួសារជនរងគ្រោះផងទៅ ដើម្បីឱ្យពួកគាត់មានសេរីភាពឡើងវិញ»។
ចំណែក ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បានស្នើយ៉ាងទទូចដល់តុលាការកំពូល ពិចារណាក្នុងការដោះលែងអ្នកទាំង ៧រូប ឱ្យក្រៅឃុំ និងទម្លាក់ចោលបទចោទប្រកាន់លើពួកគេ ដោយលោកអះអាងថា សកម្មភាពរបស់សកម្មជនទាំង ៧នាក់នោះ មិនបានបំផ្លាញជាតិនោះទេ គឺមានតែការការពារធនធានធម្មជាតិ និងលាតត្រដាងនូវភាពអយុត្តិធម៌សង្គម។
លោកថា៖ «តាមពិតជារឿងល្អ នារដូវចូលឆ្នាំថ្មីអីចឹង រដ្ឋាភិបាលនិងតុលាការគួរតែអនុគ្រោះពួកគាត់ជាសកម្មជនសិទ្ធិមនុស្ស បរិស្ថាន ដោះលែងពួកគាត់ឱ្យមានសេរីភាពអាចជួបជុំគ្រួសារនារដូវកាលចូលឆ្នាំបែបនេះ។ ខ្ញុំនៅតែគិតថា ពួកគាត់ទាំងនោះ ជាសកម្មជនស្អាតស្អំ បម្រើជាតិ ស្រឡាញ់បរិស្ថាន ចង់ការពារបរិស្ថាន គ្មានចេតនាណាទៅបំផ្លាញបរិស្ថាននោះទេ។ ការណ៍នេះ ខ្ញុំស្នើយ៉ាងទទួចទៅរដ្ឋាភិបាល ជាពិសេសតុលាការតែម្តងដោះលែងពួកគាត់ឱ្យមានសេរីភាពទៅ ដើម្បីឱ្យពួកគាត់បានជួបជុំគ្នា និងអាចបន្តបេសសកម្មការពារធនធានធម្មជាតិទៀត»។
ជាមួយគ្នានេះ ភរិយាសកម្មជនមាតាធម្មជាតិលោក ថុន រដ្ឋា គឺអ្នកស្រី បាត់ រស្មី ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាល និងតុលាការ មេត្តាដោះលែងសកម្មជនទាំងអស់ និងប្តីអ្នកស្រី ឱ្យមានសេរីភាពឡើងវិញផងដែរ ដើម្បីបានជួបជុំគ្រួសារវិញ និងជាការបង្ហាញពីការប្រោសប្រណី ខ្មែរស្រឡាញ់ខ្មែរ ខ្មែរចេះសាមគ្គីគ្នា រួមគ្នាការពារបរិស្ថាន សិទ្ធិមនុស្ស និងបូរណភាពទឹកដី។
អ្នកស្រីថា៖«ខ្ញុំសូមស្នើដល់រាជរដ្ឋាភិបាលកម្ពុជា និងតុលាការដោះលែងប្តីខ្ញុំមក និងសកម្មជនដទៃទៀត ពួកគាត់អត់បានធ្វើអ្វីខុស ប៉ះពាល់ដល់សង្គមជាតិនោះទេ។ ពួកគាត់មានតែគិតគូរចង់ជួយជាតិ ចង់ការពារបរិស្ថាន។ សូមឱ្យថ្នាក់ដឹកនាំដោះលែងពួកគេឱ្យជួបជុំគ្រួសារផងនារដូវចូលឆ្នាំថ្មីនេះ ដើម្បីបង្ហាញពីការសាមគ្គីគ្នាខ្មែរស្រឡាញ់ខ្មែរ សុំដោះលែងប្តីខ្ញុំមក»។
អ្នកស្រី បាត់ រស្មី អះអាងថា ប្តីអ្នកស្រី និងសកម្មជនសិទ្ធិមនុស្សដទៃទៀត មិនបានប្រព្រឹត្តិខុសដូចការចោទប្រកាន់នោះទេ ហើយសកម្មភាពរបស់ពួកគេ គឺធ្វើការដើម្បីសង្គមជាតិ បរិស្ថាន និងរួមចំណែកស្តារសិទ្ធិមនុស្សនៅកម្ពុជាប៉ុណ្ណោះ។
គេហទំព័រ Press Start Cambodia មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បាននៅឡើយទេ ដោយលោកឆ្លើយតបថា «កំពុងជាប់រវល់ការងារ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យតុលាការកំពូល លោកស្រី ម៉ៅ ធីតា បានប្រាប់ Press Start Cambodia យ៉ាងខ្លីថា ការអំពាវនាវឱ្យដោះលែងសកម្មជនទាំងនេះ ជាសិទ្ធិរបស់គ្រួសារជនរងគ្រោះ និងអង្គការសង្គមស៊ីវិល ប៉ុន្តែការឃុំខ្លួន និងចោទប្រកាន់តាមនិតីវិធីរបស់តុលាការ គឺមិន អាចចេះតែដោះលែងតាមការស្នើបានទេ។
លោកស្រីថា៖ «ករណីពួកគាត់ទាំងអស់នេះ ស្ថិតនៅក្នុងនិតីវិធីតុលាការ ការអំពាវនាវរបស់សង្គមស៊ីវិល ឬគ្រួសារសកម្មជនជាសិទ្ធិពួកគាត់ ប៉ុន្តែនីតិវិធីច្បាប់មិនអាចធ្វើតាមសំណូមពរបានទេ»។
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមដោយផ្តន្ទាទោសសកម្មជនចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី រួមជាមួយសមាជិក ៥រូបទៀត ឱ្យជាប់ពន្ធនាគារ ចាប់ពី៦ឆ្នាំ ទៅ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» ជុំវិញភាពសកម្មការពារធនធានធម្មជាតិ។
ចំណែក លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយបញ្ចេញមតិអំពីវិវាទដីធ្លីដ៏រសើបមួយនៅខេត្តព្រះវិហារ ខណៈលោក ធី ថន អនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ដែលអាចធ្វើឱ្យលោកជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ប្រសិនបើតុលាការផ្តន្ទាទោសលើរូបលោក៕

