សកម្មជន​បរិស្ថានថា ភាពយន្ត​ឯក​សារ​​​ “The Clearing” ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ពីអន្តរជាតិ​

ការ​ទទួល​បាន​ពានរង្វាន់ Green Spark Award ពីមហោស្រពភាពយន្តអភិរក្សធម្មជាតិ​អាមេរិក (ACFF) របស់​ភាព​យន្តឯក​សារ​ចំណងជើងថា “The Clearing” ដែលឆ្លុះបញ្ចាំងពីការតស៊ូដ៏ស្វិត​ស្វាញ​រ​បស់សកម្មជនបរិស្ថានវ័យក្មេងកម្ពុជា បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ពីសហគមន៍​អន្តរជាតិ​ចំពោះ​បញ្ហា​បរិស្ថាន​​នៅ​កម្ពុជា​។

ភាព​យន្ត​ឯកសារ “The Clearing” ដែល​ផលិតដោយស្ថាប័នព័ត៌មានបរិស្ថាន​អន្តរ​​ជាតិ Mongabay បានបង្ហាញពី​បញ្ហា​ប្រឈម​ជា​ច្រើន​ និងភាពក្លាហានរបស់យុវ​ជនកម្ពុជា ដែលហ៊ានប្រថុយនឹង​ការ​បាត់​បង់​សេរីភាព ដើម្បីចេញមុខការពារធន់​​ធាន​ធម្មជាតិ ដែល​កំពុង​រង​ការ​បំផ្លិចបំផ្លាញ។ ពានរង្វាន់ Green Spark Award នេះ គឺជាការផ្តល់កិត្តិយសដល់ខ្សែភាពយន្តដែលលើកតម្កើងពី​កិច្ច​ប្រឹងប្រែង​នៃ​ការងារ​​អភិរក្ស និងជំរុញទឹកចិត្តដល់អ្នកជំនាន់ក្រោយ។

អ្នក​ស្រី ស៊ុន រដ្ឋា សកម្មជនចលនាមាតាធម្មជាតិកម្ពុជាបានចាត់ទុកព្រឹត្តិ​ការ​ណ៍​​នេះ គឺជា​រឿង​ជោគជ័យមួយ ហើយ​​វា​បង្ហាញ​​​​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អន្តរជាតិចំពោះ​ស្ថានភាពបរិស្ថាន​ ​ដែល​កំពុង​កើត​ឡើង​នៅ​កម្ពុជា​​។​​

អ្នក​ស្រីបាននិយាយ​ថា៖ «ក្នុងកាលៈទេសៈដែលសមាជិកជាច្រើនរបស់មាតាធម្មជាតិ​កំពុងជាប់ពន្ធនាគារ ពានរង្វាន់នេះបានរំលឹកយើងថា ពិភពលោកកំពុងតាមដានមើល ហើយសំឡេងរបស់យើងមិនឯកោនោះទេ»

ចំណែក​លោក ជា បញ្ញា អ្នកគាំទ្រចលនាមាតាធម្មជាតិ បានលើកឡើងថា សកម្ម​​ជន​បរិស្ថាននៅកម្ពុជាមិនមែន​តស៊ូ ដើម្បីកិត្តិយសផ្ទាល់ខ្លួននោះទេ ប៉ុន្តែដើម្បី​​អនាគតរួមរបស់សង្គម ដោយ​លោកចាត់ទុកភាពយន្តនេះជា «កញ្ចក់បង្ហាញ​ការពិត» ​ព្រោះ​បញ្ហាបរិស្ថាន គឺជាបញ្ហាអាយុជីវិតរបស់​មនុស្ស​គ្រប់​គ្នា​។

លោក​និយាយ​ថា៖ “​ខ្ញុំគិត​ថា ការ​លះបង់របស់ពួកគាត់​មិនមែន ​ដើម្បីចង់​បាន​កិត្តិយ​ស​​នោះទេ ប៉ុន្តែ​ដើម្បី​រក្សា​អនាគត​រួម​​របស់​យើង​ទាំង​អស់​គ្នា”។​

ក្រៅពីប្រើប្រាស់ជ័យលាភីនេះជាវេទិកាតស៊ូមតិផ្នែកការទូត ក្រុមសកម្មជនបានអំ​ពាវនាវដល់សាធារណ ជនអន្តរជាតិ ឱ្យបន្តចូលរួមយុទ្ធនាការនានា រួមមានការចុះ​ហត្ថលេខាលើញត្តិរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការ Rainforest Rescue ដើម្បីជំរុញឱ្យមានការដោះលែងសកម្មជនទាំង៥រូបដោយឥតលក្ខខណ្ឌ។

ជុំវិញភាព​ជោគជ័យ នៃភាពយន្តឯកសារនេះ លោក ម៉ើ ចាន់ដារ៉ា ប្រធានសមា​គម​​បណ្តាញយុវជនកម្ពុជា (CYN) បានលើកឡើងថា ពានរង្វាន់នេះមានតម្លៃជានិមិត្តរូបដ៏ធំធេង ក្នុងការជួយទម្លាយការពិតអំពីស្ថានភាពសិទ្ធិមនុស្ស និងបរិស្ថាន​​នៅកម្ពុជាទៅកាន់ពិភព​លោក​។

លោក ចាន់ដារ៉ា និយាយ​ថា៖ «វាជាសញ្ញា និងនិមិត្តរូបខ្លាំងណាស់ ក្នុងការលើក​ទឹកចិត្តដល់សកម្មជនបរិស្ថាន ដែលកំពុងបាត់បង់សេរីភាព ឬជាប់ពន្ធនា​គារ​​។ សកម្មភាពរបស់ពួកគេ ត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាការចូលរួមផ្តល់​​ធាតុចូល ដើម្បីទាមទារឱ្យមានការពិនិត្យឡើងវិញនូវបញ្ហាបរិស្ថាននៅកម្ពុជា»

ប្រធានសមាគមរូបនេះបានអះអាង​ថា ទោះបីជាពានរង្វាន់នេះ មិនអាចជំនួសសេរី​ភាពរបស់សកម្ម​ជន ដែលកំពុងជាប់ឃុំបានក៏ដោយ ប៉ុន្តែ​​ការ​ចាប់ខ្លួន​យុវ​ជន​ដែល​ហ៊ាន​រិះគន់​ស្ថាបនា​ទាំង​នេះ គឺជា​ការ​ខាតបង់​យ៉ាងធំធេងសម្រាប់​រដ្ឋាភិបាល​ទៅវិញទេ​ ព្រោះ​រដ្ឋាភិបាល​បាត់បង់​អ្នក​ហ៊ាន​និយាយ​ការ​ពិត និង​បង្កើត​ជា​គំ​រូ​អាក្រក់ និង​ធ្វើ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ខ្លាច​រអា​ក្នុង​ការ​ចូល​រួម​ការ​ងារ​សង្គម​ ព្រមទាំង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ធ្លាក់​ចុះ​មុខ​មាត់​លើក​ឆាក​អន្តរជាតិ​ផងដែរ។​

គួររំលឹកថា ចលនាមាតាធម្មជាតិ គឺជាក្រុមយុវជនឈានមុខគេ ដែលតែងតែប្រើប្រាស់យុទ្ធសាស្ត្រតស៊ូមតិដោយសន្តិវិធី ដើម្បីការពារធនធានធម្មជាតិ និងរិះគន់គម្រោងអភិវឌ្ឍន៍ដែលប៉ះពាល់បរិស្ថាន។ កាលពីឆ្នាំ២០២៣ ក្រុមនេះបានទទួលពាន​រង្វាន់ Right Livelihood Award និងធ្លាប់ទទួលបានពានរង្វាន់អ្នកការពារសិទ្ធិ​មនុស្សជួរមុខ (Front Line Defenders Award) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅឆ្នាំ២០២១៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍