ជនល្មើសពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអាចប្រឈមនឹងការផ្តន្ទាទោសជាប់ពន្ធនាការអស់មួយជីវិត ក្រោមច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលទើបត្រូវបានប្រកាសដាក់ឱ្យប្រើ ខណៈកម្ពុជាកំពុងបង្កើនការបង្ក្រាបយ៉ាងសកម្មលើសកម្មភាពឆបោកតាមអនឡាញ។
ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមាន៥ ជំពូកនិង២៤មាត្រានេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៥ នីតិកាលទី៧ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ និងត្រូវបានប្រកាសដាក់ឱ្យប្រើជាផ្លូវការតាមព្រះរាជក្រម ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។
ច្បាប់នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
មាត្រា៦ នៃច្បាប់នេះ ចែងថា អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ ឆ្នាំទៅ២០ឆ្នាំ និងពិន័យជាប្រាក់ពីមួយប៊ីលានរៀល ទៅពីរប៊ីលានរៀល កាលបើអំពើនេះ ត្រូវបានប្រព្រឹត្តដោយប្រើអំពើហិង្សា ទារុណកម្ម ឬអំពើឃោរឃៅ ការចាប់ ការឃុំឃាំង ឬការបង្ខាំង ដោយមានការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស ការកេងចំណេញលើពលកម្ម ការធ្វើអំពើបង្ខិតបង្ខំឱ្យធ្វើសកម្មភាពខុសពីឆន្ទៈ ឬទម្រង់ នៃការកេងប្រវ័ញ្ចផ្សេងៗទៀត។ បន្ថែមពីនេះ កាលណាអំពើនេះបណ្ដាលឱ្យមានមនុស្សម្នាក់ស្លាប់ឬច្រើន នឹងត្រូវជាប់ពន្ធធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ឬអស់មួយជីវិត។
អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពីពីររយលានរៀលទៅប្រាំរយលានរៀល។ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ១០ឆ្នាំ និងពិន័យប្រាក់ពីប្រាំរយលានរៀលទៅមួយប៊ីលៀនរៀលកាលបើអំពើនេះ ត្រូវបានប្រព្រឹត្ត ទី ១ ដោយមានការរៀបចំជាក្រុមមានការចាត់តាំង និងទី២ ដោយមានជនរងគ្រោះច្រើននាក់។
គួរបញ្ជាក់ថា សហចារី អ្នកផ្ដើមគំនិត និងអ្នកសមគំនិត នៃបទល្មើសត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ។ រីឯអ្នកដែលត្រូវបានគេបង្ខំ ឬចូលរួមប្រព្រឹត្តបទល្មើសក្រោមអនុភាព នៃកម្លាំងជន ឬក្រុមណាមួយ មិនទទួលខុសត្រូវព្រហ្មទណ្ឌចំពោះបទល្មើស ដែលមានចែងក្នុងច្បាប់នេះឡើយ ដោយអនុវត្តស្របតាមបញ្ញត្តិ នៃក្រមព្រហ្មទណ្ឌជាធរមាន នេះបើយោងតាមមាត្រា១៥។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលកំពុងតែធ្វើការបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញ និងបានរកឃើញករណីនេះជាច្រើនកន្លែងកន្លងមក។ បើតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌កម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងធំៗចំនួន ៣៧ករណី ហើយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន១៧២នាក់ ខណៈអាជ្ញាធរកម្ពុជាបានបណ្តេញជនបរទេសចំនួន ៩ ៣១៤នាក់ ចេញពីកម្ពុជា៕

