តុលាការ​ផ្តន្ទាទោស​​សកម្មជន២៣តុលា ដាក់ពន្ធនាគារ​២ឆ្នាំ ពាក់ព័ន្ធនឹង​បទញុះញង់

ដោយៈ

សុត បាន Avatar

សាលាដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃពុធ​នេះ បានសម្រេចផ្តន្ទាទោសសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​​ប៉ារីស​២៣​​តុលា​ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ និងអ្នកបញ្ចេញមតិ​រឿងតំបន់​អភិវឌ្ឍន៍​​តំបន់ត្រី​កោណ​​​​ជាង ៣០​នាក់​ទៀត ដាក់ពន្ធនាគារ​ចន្លោះ​​ពី ១៨​ខែ​ ទៅ ២ឆ្នាំ «ពីបទ​ញុះញង់​បង្ក​ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់​សន្តិ​សុខ​សង្គម»។

សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចំនួន ៣​រូប រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ ត្រូវបានចាប់ខ្លួន​នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយ​សារ​ការ​ពិភាក្សា​អំពី​កិច្ច​សហប្រតិ​បត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-និងវៀតណាម (CLV-DTA)។ អ្នកទាំង ៣នាក់នេះ ស្ថិតក្នុងចំណោម​បុគ្គលចំនួន ៣៧នាក់ ដែលត្រូវបានចោទប្រកាន់​​​ពី​បទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាម​មាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹង CLV-DTA និង​ត្រូវ​បាន។ នេះបើតាម​ការផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌលសិទ្ធមនុស្ស​កម្ពុជា នៅថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៦។

លោក ឯម ចន្ថាមេធាវីការពារក្តីឱ្យសកម្មជន២៣តុលា និងជន​ជាប់​ចោទ​ក្នុង​សំណុំរឿង​CLVនេះ បាន​ឱ្យ​ដឹង​​ថា ​នៅថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៦​នេះ ​សាលាដំបូងរាជធានីភ្នំពេញ បានប្រកាស​​សាលក្រម ដោយ​​សម្រេចផ្តន្ទា​ទោស​សកម្មជន​២៣​តុលា ឱ្យ​ជាប់ពន្ធនាគារ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤លាន​រៀល ពីបទ «ញុះ​ញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

លោកបន្តថា ចំណែក​​​កូនក្តី​ជា​ច្រើននាក់ទៀតដែលពាក់ព័ន្ធ​នឹង​សំណុំរឿង CLV នេះ​ដែរ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោសពាក់ព័ន្ធនឹង​បទ​ចោទ​ដូចគ្នា​​​ ដោយអ្នកខ្លះ​​ជាប់ពន្ធ​នាគារ ១៨ខែ អ្នក​ខ្លះ ២២ខែ និងអ្នកខ្លះទៀត ជាប់ពន្ធនាគារ ២ឆ្នាំ ក្នុងនោះមាន​អ្នកខ្លះត្រូវ​ព្យួរ​ទោស។

យ៉ាងណា លោក​មេធាវី ឯម ចន្ថា យល់ថា ការចោទប្រកាន់ និង​ការ​​​ផ្តន្ទា​ទោស​​ទៅលើ​សកម្ម​ជន​២៣​តុលា​ទាំង​៣រូប​ និង​​​ជន​​ជាប់​ចោទ​​ផ្សេង​​ទៀត​​ ពីសំណាក់តុលាការ​នេះ ថា​មាន​ភាព​​អយុត្តិ​ធម៌ ដោយ​សារ​​ពួកគេ​មិន​​បាន​​ប្រព្រឹត្ត​ដូចការ​ចោទប្រកាន់ និង​ជាការ​រំលោភ​លើ​សិទ្ធិ​សេរី​ភាព​បញ្ចេញមតិ​​របស់ពួកគេ ​ខណៈដែល​គម្រោង CLV ត្រូវ​បាន​រដ្ឋាភិ​បាល​សម្រេច​ដក​ខ្លួន​ហើយ​។

លោកថា៖ «សម្រាប់ខ្ញុំជាមេធាវី នៅតែគិត វាជារឿងអយុតិ្តធម៌។ ដូចយើងបានដឹងទាំងអស់គ្នាយើង រឿង​គម្រោងអភិវឌ្ឍន៍ត្រីកោណ CLV-DTAហ្នឹង រដ្ឋសភាបានស្នើឱ្យរដ្ឋាភិបាលដកខ្លួនហើយ​ជាង២ឆ្នាំហើយ សមណាតែអ្នកដែលរិះគន់រឿងនេះ ត្រូវបានដោះលែងពួកគាត់ឱ្យមានសេរីភាព មិនគួរចោទប្រកាន់​និងឃុំខ្លួនពួកគេទេ។ ចំពោះរឿងសកម្មជន ២៣តុលាវិញ ខ្ញុំនិងគ្រួសារជនរងគ្រោះ​ នឹងបន្តនិតីវិធីប្តឹងទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត»។

សវនាការលើសំណុំរឿង​CLV ដែលមានជនជាប់ចោទជិត​៤០នាក់នេះ ត្រូវ​បានសាលា​ដំបូង​រាជ​​​ធានី​​​ភ្នំពេញ ចាប់ផ្តើម​​បើក​សវនាការកាលពីខែធ្នូ ឆ្នាំ​២០២៤ រហូតមក​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២៦។

ភរិយាសកម្មជន​២៣​​តុលា​ លោក សាន សិទ្ធិ គឺអ្នកស្រី​ ស្វាយ ពៅ បាននិយាយថា អ្នក​ស្រី​មិនអាច​​ទទួល​យក​បាន​ទេចំពោះសាលក្រម​របស់សាលា​ដំបូង​ ដោយអ្នកស្រីថាជារឿង​អយុត្តិធម៌​ ដោយសារ​តែសកម្ម​ភាព​​ប្តីរបស់អ្នកស្រី និង​សកម្មជន​២៣តុលាផ្សេង​​ទៀត ដែល​ធ្វើកន្លងមក គឺ​ដើម្បី​បម្រើ​សង្គមជាតិ មាតុភូមិ និងបង្រៀនពលរដ្ឋបានយល់ដឹង​ពីច្បាប់ និងប្រវត្តិសាស្ត្រខ្មែរ​ប៉ុណ្ណោះ។

ការណ៍នេះ អ្នកស្រីបាន​អំពាវនាវឱ្យតុលាការ​ និង​​រាជ​រដ្ឋាភិ​បាល​កម្ពុជា មេត្តា​អ​នុ​គ្រោះ​​ទម្លាក់​​បទ​​ចោទ និង​ដោះលែង​ពួក​គាត់​ទាំង​អស់​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ ដើម្បី​បាន​ជួប​ជុំ​គ្រួសារ​ និង​ជួយ​សង្គម​ជាតិ​បន្ត​ទៀត។

អ្នក​ស្រីថា៖ «អយុត្តិធម៌ណាស់ ប្តីខ្ញុំមិនបានប្រព្រឹត្តិខុសដូចការចោទប្រកាន់ទេ ប្តីខ្ញុំជាមនុស្សល្អ ជួយសង្គម​​ជាតិ។ ការដាក់ទោសប្តីខ្ញុំរហូតដល់២ឆ្នាំគឺមិនសមហេតុផលទេ ខ្ញុំមិនសុខចិត្តទេ។ តុលាការ និងរដ្ឋាភិ​បាលមេត្តាដោះលែងប្តីខ្ញុំ និងលោកគ្រួអ្នកគ្រូ​២៣តុលាទាំងនោះ​ឱ្យ​មាន​​​សេរីភាពវិញមក សូមអង្វរ។ ខ្ញុំពិបាកចិត្តណាស់ គ្រួសារកំពុងប្រឈមការលំបាកខ្លាំងផង ដោះលែងពួកគាត់មក»។

ជុំវិញរឿងនេះ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បានប្រាប់ Press Start Cambodia យ៉ាងខ្លីថា ការ​សម្រេច​យ៉ាងណា​នោះជាឆន្ទានុសិទ្ធិ​របស់តុលាការ​ ហើយ​ជន​ជាប់​ចោទ​អាច​បន្ត​ប្តឹង​ទាស់​ទៅ​តុលាការថ្នាក់ខ្ពស់​​បន្ត​ទៀត​បាន បើពួកគាត់​អាចទទួលយក​បាននូវ​ការ​សម្រេច​នេះ។

លោកថា៖ «បាទព្រឹកមិញនេះ លឺថាសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសពួកគាត់ តាម​និតីច្បាប់ហើយ ។ បងមិនដឹងទេប្អូន។ ប៉ុន្តែពួកគាត់អាចបន្តប្តឹងទាស់បានតើ»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត យល់​​ថា ការ​សម្រេចចោទប្រកាន់ និង​​​​ផ្តន្ទាទោស​​លើ​សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ទាំងបីរូប​​នេះ​ ជា​រឿង​ធ្ងន់​ធ្ងរ ដោយ​សារ​​ពួ​ក​គេ​គ្រាន់តែបញ្ចេញ​មតិ​ ជំរុញឱ្យរដ្ឋាភិបាល​ពិចារណា​ដកខ្លួនពីគម្រោងអភិវឌ្ឍន៍​ CLV ហើយ​រដ្ឋាភិបាលក៏បានសម្រេចដកខ្លួនហើយដែរ ដូច្នេះមិនគួរបន្តដាក់ទោស​ពួកគេ​ទៀត​នោះទេ។

ករណីនេះ លោក សំអាត បាន​សំណូមពរឱ្យតុលាការ និងរាជរដ្ឋាភិបាល គួរ​តែ​ពិចារណា ​ដោយ​អនុ​គ្រោះ​ទម្លាក់​បទ​ចោទ ឬ​ដោះ​លែង​ពួក​គាត់​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​ទៅ ដើម្បី​ឱ្យ​ពួក​គាត់​អាច​ជួប​ជុំគ្រួ​សារ និង​បន្ត​ការ​ងារ​សង្គម។

លោកថា៖ «យើងជាអង្គការស៊ីវិល ស្នើឱ្យតុលការដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឱ្យមានសេរីភាពឡើងវិញទៅ ព្រោះពួកគាត់មិនបានធ្វើឱ្យប៉ះពាល់ដល់​សង្គម​ជាតិ​ទេ។ ណាមួយគម្រោង CLV រដ្ឋសភា និងរដ្ឋាភិបាលក៏សម្រចចិត្តដកខ្លួនហើយដែរ គួរតែដោះលែងពួកគាត់ទៅ។ វាជារឿងអយុត្តិធម៌ ព្រោះពួកគាត់ភាគច្រើនសកម្មជួយសង្គម​ជាតិ បង្រៀនពលរដ្ឋរឿងកិច្ចព្រមព្រៀងនិងច្បាប់ជាដើម»។

សេង សុវឌ្ឍនា នាយក​ប្រតិបត្តិ​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏បាន​​បង្ហាញ​ការ​​​សោកស្ដា​យ​​ចំពោះ​សាល​ក្រម​របស់​សាលា​ដំបូ​ង​រាជ​ធានី​ភ្នំពេញ​នេះ​ដែរ​ ដោយថាការ​ផ្តន្ទាទោស​នេះ ​ជាកម្រិត​ទោស​អតិបរិមា​សម្រាប់​បទ​ញុះ​ញង់។ នេះបើតាមការ​ដកស្រង់សម្តីរបស់លោក​​ក្នុ​ងទំព័រ​ហ្វេសប៊ុករបស់​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅរសៀល​ថ្ងៃ​ទី២៩ខែមេសានេះ។

លោក​បន្តថា​ ការ​សម្ដែង​មតិ​របស់​ពួក​គេ​ អំពី តំប​ន់​ត្រី​កោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម មិន​គួរ​ជា​បទ​ល្មើស​នោះ​ទេ ហើយ​ការសម្ដែងមតិរបស់ពួកគេមិន​បានធ្វើឱ្យប៉ះពាល់សិទ្ធិ និងកិត្តិ​យស​របស់អ្នកដទៃ ឬហានិភ័យដល់ការការពារសន្តិសុខជាតិ ឬសណ្ដាប់ធ្នាប់​សាធារណៈ ដែល​ត្រូវបានចាត់ថ្នាក់ថា​ជាការរឹតត្បិតសម្រាប់ការបញ្ចេញមតិ​នោះទេ។

លោកបានគូសបញ្ជាក់ក្នុង​សំណេរដើម​ដែរថា៖ «សេរីភាពក្នុងការសម្ដែង​មតិ គឺ​ជា​សេរី​ភាព​មូល​​​ដ្ឋាន​​ដ៏សំ​ខាន់​មួយ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា និង​កតិកា​សញ្ញា​អន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន និងមានកាតព្វកិច្ចត្រូវលើកកម្ពស់។ យើងសូមអំពាវនាវដល់អាជ្ញាធរកម្ពុជា ឱ្យគោរព និងលើកកម្ពស់​សេរីភាពនេះ»។

បើតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ គិត​ត្រឹម​ថ្ងៃ​ចេញ​សាល​ក្រម​នេះ គឺ​​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ ត្រូវបានជាប់ឃុំអស់រយៈពេល ៦៤៥ ថ្ងៃ ឬ​ជាង ២១ ខែ​ម​ក​ហើយ។

គួរបញ្ជាក់ដែរថា CLV-DTA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ​១៩៩៩ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋ​កិច្ច កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី។​ នៅក្នុងប្រទេសកម្ពុជា ខេត្តជាប់ព្រំដែន រួមមាន ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ត្រូវបានកំណត់ឱ្យទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

យ៉ាងណា ក្រោយមានការរិះគន់ពីមហាជនខ្មែរ​ទាំងក្នុងនិងក្រៅប្រទេស ទើបនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០២៤ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​​ដក​ខ្លួន​ចេញ​ពី​គម្រោងអ​ភិវឌ្ឍន៍​តំបន់ CLV-DTA នេះ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍