មន្ត្រីសង្គមស៊ីវិល មន្ត្រីសហជីព យុវជន និងសកម្មជនប្រមាណជាង៤០នាក់ បានជួបជុំគ្នានៅព្រឹកថ្ងៃសុក្រនេះ ដើម្បីប្រារព្ធពិធីបង្សុកូលគម្រប់ខួប១០ឆ្នាំ នៃមរណភាពរបស់លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគសង្គមដ៏មានប្រជាប្រិយ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាលតិច (ស្តុបបូកគោ) ក្នុងរាជធានីភ្នំពេញ។
កម្មវិធីព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចាប់ផ្តើមពី ៨ព្រឹក និងបានបញ្ចប់នៅម៉ោង ១០៖៣០ នាទីព្រឹក ដោយមានការរៀបចំពិធីតាមបែបព្រះពុទ្ធសាសនា រួបមានពិធីបង្សុកូល រាប់បាទ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ។ ក្រៅពីនេះ ក៏មានពិធីសមាធិ និងមានកិច្ចភាក្សាស្តីពីការចងចាំនូវវីរភាពរបស់លោកផងដែរ។
លោក រស់ សារ៉ាត់ មន្រ្តីសម្របសម្រួលគម្រោង នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអោយដឹងថា កម្មវិធីនេះ ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដឹងគុណ និងចងចាំនូវវីរភាព ដែលលោកបណ្ឌិតបានបន្សល់ទុកសម្រាប់យុវជនជំនាន់ក្រោយ។
លោកបាននិយាយថា៖ ” អ្វីដែលគាត់បានចូលរួមក្នុងសង្គម គឺមិនអាចកាត់ថ្លៃបានទេ។ គាត់ជាបុគ្គលម្នាក់ ដែលហ៊ាននិយាយការពិត ដូចពាក្យលោកមួយឃ្លាបាននិយាយថា និយាយការពិតជាជាងនិយាយការពារ “។
លោកបានបន្ថែមទៀតថា ក្រៅពីពិធីបង្សុកូលនៅថ្ងៃនេះ អង្គការសង្គមស៊ីវិលក៏មានការជួបជុំមួយផ្សេងទៀតនៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅការាសសាំងកាលតិចបូកគោ ជាទីតាំងដែលលោកត្រូវឃាតករបានបាញ់សម្លាប់។
គួររំលឹកផងដែរថា លោក បណ្ឌិត កែម ឡី ជាអ្នកវិភាគនយោបាយ និងអ្នកការពារសិទ្ធិមនុស្សដ៏មានប្រជាប្រិយភាពមួយរូប ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈពេល ដែលលោកកំពុងពិសាកាហ្វេនៅម៉ាតស្ថានីយប្រេងឥន្ធនៈកាលតិចស្តុបបូកគោ រាជធានីភ្នំពេញ។
ឃាតករឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានចាប់ខ្លួនភ្លាមៗនៅថ្ងៃកើតហេតុ ហើយនៅខែមីនា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសឈ្មោះ អឿត អាង ពីបទ “ឃាតកម្មគិតទុកជាមុន និងការកាន់កាប់អាវុធខុសច្បាប់” និងកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។
អំឡុងសវនាការ លោក អឿត អាង បានសារភាពថា បានសម្លាប់លោកបណ្ឌិត កែម ឡី គឺដោយសារតែលោកជំពាក់លុយចំនួន ៣ ០០០ ដុល្លារ ហើយមិនព្រមសង ក៏ប៉ុន្តែសាច់ញាតិ សង្គមស៊ីវិល និងសាធារណជនទូទៅ បានសម្តែងការសង្ស័យ និងមិនជឿលើការអះអាងនេះទាំងស្រុងឡើយ ដោយជឿជាក់ថា មាន មេខ្លោងនៅពីក្រោយខ្នង នៃអំពើឃាតកម្មដ៏សាហាវនេះ។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលើកឡើងថា សង្គមស៊ីវិលតែងតែប្រារព្ធពិធីរំលឹកខួបជារៀងរាល់ឆ្នាំ ហើយថា មិនមែនមានតែនៅកម្ពុជាទេ សូម្បីនៅក្រៅប្រទេសក៏មានធ្វើដូចគ្នាដែរ។ លោកបន្តថា ការធ្វើពិធីនេះ គឺដើម្បីរំលឹកពីសកម្មភាពផ្សេងៗ និងភាពក្លាហានរបស់លោកក្នុងការវិភាគបញ្ហាសង្គម នយោបាយ ដែលកើតមានក្នុងសង្គម ហើយដែលអ្នកដ៏ទៃមិនហ៊ាននិយាយ។
លោកមានប្រសាសន៍ថា៖ “នៅកម្ពុជាមិនមែនមានន័យថា ខ្វះអ្នកចេះដឹង ឬខ្វះបណ្ឌិតទេ គឺមានបណ្ឌិតច្រើនណាស់ ប៉ុន្តែអ្វីដែលជាស្នាដៃសំខាន់របស់បណ្ឌិតកែម ឡី នោះ គឺការវិភាគទៅលើទិដ្ឋភាពសង្គម នយោបាយ លោកហ៊ាននិយាយនូវការពិតពីសង្គម “។
ស្រដៀងគ្នានេះដែរ លោក សាន់ ម៉ាឡា នាយកប្រតិបត្តិ នៃអង្គការភាពជាដៃគូ ដើម្បីបរិស្ថាន និងការអភិវឌ្ឍ បានមានប្រសាសន៍ថា លោកតែងតែចូលរួមពិធីរំលឹកខួបរបស់លោកបណ្ឌិត កែម ឡី ជាបន្តបន្ទាប់រយៈពេល១០ឆ្នាំមកហើយ ដោយលោកបានរំលេចពីសារសំខាន់ នៃការវិភាគរបស់លោកតាំងពីឆ្នាំ២០១១ ជាពិសេសអនុសាសន៍ផ្សេងៗ ទៅកាន់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរ ដែលអាចយកទៅគិតពិចារណា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ បញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិការងារ និងព្រៃឈើជាដើម ។
លោកមានប្រសាសន៍ថា៖ “យើងមានការសោកស្ដាយ ហើយយើងនៅតែបន្តទន្ទឹងរង់ចាំយុត្តិធម៌សម្រាប់លោកបណ្ឌិត និងក្រុមគ្រួសាររបស់គាត់ “៕
អត្ថបទដោយ៖ ធួន ស្រីពៅ និង គាម សោភណ្ឌ

